ការសិក្សា​៖ របប​អាហារ​របស់​មនុស្ស​បង្ក​ការខូចខាត “​ដ៏​មហន្តរាយ​” ដល់​ផែនដី​

485
ចែករម្លែក

​យោងតាម​ការសិក្សា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ មករា​បានឱ្យដឹងថា វិធី​ដែល​មនុស្សជាតិ​ផលិត​និង​ហូបចុក​អាហារ​ត្រូវតែ​ផ្លាស់ប្តូរ​ទាំងស្រុង​ដើម្បី​បញ្ចៀស​ការស្លាប់​មនុស្ស​រា​ប់​លាន​នាក់​និង​ការបំផ្លិចបំផ្លាញ “​ដ៏​មហន្តរាយ​” ចំពោះ​ភពផែនដី​។​

​គន្លឹះ​នៃ​គោលដៅ​ទាំងពីរ​នេះ​គឺ ការផ្លាស់ប្តូរ​របប​អាហារ​ពិភពលោក ដោយ​ត្រូវ​កាត់បន្ថយ​ស្ករ​និង​សាច់​ក្រហម​ពាក់កណ្តាល និង បង្កើន​ចំនួន​បន្លែ​ផ្លែឈើ​និង​គ្រាប់​ផ្លែឈើ​ទ្វេដង​។ នេះ​បើ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាង​៣០​នាក់​សន្និដ្ឋាន​ដូច្នេះ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet​។​

​សហ​អ្នកនិពន្ធ​លោក​ធី​ម ឡាង ដែលជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​និង​ជា​អ្នកដឹកនាំ​គោលនយោបាយ​សម្រាប់​គណៈកម្មការ EAT-Lancet ដែល​បាន​ចងក្រង​ការសិក្សា​កម្រាស់ ៥០ ទំព័រ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​កំពុងស្ថិត​ក្នុងស្ថានភាព​មហន្តរាយ​”​។​

​បច្ចុប្បន្ននេះ​មនុស្ស​ជិត​មួយ​ពាន់​លាន​នាក់​កំពុង​ជួប​ភាពអត់ឃ្លាន​និង​ពីរពាន់​លាន​នាក់​ផ្សេងទៀត​កំពុង​ញ៉ាំ​អាហារ​ខុស​ច្រើនពេក ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​។​

​យោងតាម​របាយការណ៍ Global Disease Burden ថ្មីៗ​នេះ​បានឱ្យដឹងថា របប​អាហារ​គ្មាន​សុខភាព​ល្អ​បានទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​មុន​អាយុ​រហូតដល់ ១១ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ​ប្រព័ន្ធ​ស្បៀងអាហារ​ពិភពលោក​គឺជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​តែមួយគត់ ដែលជា​កត្តា​ជំរុញ​ដ៏​ធំ​បំផុត​នៃ​ការបាត់បង់​ជីវចម្រុះ​និង​ជា​មូលហេតុ​សំខាន់​នៃ​ការរីកលូតលាស់​ស្លែ​ដ៏​គ្រោះថ្នាក់​នៅតាម​បណ្តោយ​ឆ្នេរ​និង​ទឹក​បឹងបួ​។​

​វិស័យ​កសិកម្ម ដែល​បាន​ផ្លាស់ប្តូរ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ផ្ទៃដី​របស់​ភពផែនដី ក៏​កំពុង​ប្រើប្រាស់​ទឹកស្អាត​៧០​ភាគរយ​សម្រាប់​ផ្គត់ផ្គង់​ពិភពលោក​ផងដែរ​។​

​សហ​អ្នកនិពន្ធ​លោក​ចូ​ហាន រ៉ុ​ក​ស្ត្រូ​ម នាយក​វិទ្យាស្ថាន Potsdam សម្រាប់​ការស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​បាន​និយាយថា “​ដើម្បី​មានឱកាស​ផ្តល់​អាហារ​ដល់​មនុស្ស ១០ ពាន់​លាន​នាក់​ក្នុង​ឆ្នាំ ២០៥០ នៅក្នុង​ព្រំដែន​ភពផែនដី យើង​ត្រូវតែ​ចាប់យក​របប​អាហារ​ដែលមាន​សុខភាព​ល្អ កាត់បន្ថយ​កាកសំណល់​អាហារ និង​វិនិយោគ​លើ​បច្ចេកវិជ្ជា​ដែល​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​”៕ ដោយ៖ កញ្ញាដាលីស

គោ​ជាស​ត្វ​បញ្ចេញ​ឧស្ម័ន​មេតាន​ធំ​បំផុត​មួយ​លើ​ផែនដី