ជនជាតិវៀតណាមជិត១១៥.០០០នាក់បានស្លាប់ដោយជម្ងឺមហារីកកាលពីឆ្នាំមុន គិតជាមធ្យមគឺជាង៣០០នាក់ក្នុងមួយថ្ងៃ និងចំនួនអ្នកកើតមហារីកចេះតែកើនឡើង។
ត្រាន់ វ៉ាន់ ធួន នាយកមន្ទីរពេទ្យK Hospitalនៅក្រុងហាណូយ ដែលជាពេទ្យធំនិងឯកទេសខាងព្យាបាលមហារីក បានប្រកាសតួលេខដែលប្រមូលចងក្រងដោយអង្គការអង្កេតមហារីកសកលរបស់អង្គការសុខភាពពិភពលោក(WHO)។
លោកបាននិយាយថាវៀតណាមបច្ចុប្បន្នមានមន្ទីរពេទ្យឯកទេសចំនួន៨និងមន្ទីរពេទ្យទូទៅចំនួន៦៩ដែលព្យាបាលជម្ងឺនេះ។ដោយសារឆ្នាំមុនមានអ្នកជម្ងឺមហារីក១៦៥.០០០នាក់និងចំនួនអ្នកកើតជម្ងឺនេះត្រូវរំពឹងថានឹងកើននៅឆ្នាំនេះ ធ្វើអោយការប្រយុទ្ធនឹងជម្ងឺកាចសាហាវនេះក្លាយជាភារកិច្ចបន្ទាន់មួយ។
មហារីកថ្លើមជាជម្ងឺសាមញ្ញជាងគេក្នុងចំណោមបុរសកើតមហារីកនៅវៀតណាម បន្ទាប់មកមហារីកសួត ក្រពះនិងពោះវៀន។ក្នុងចំណោមស្ត្រី មហារីកដោះ ក្រពះនិងមហារីកសួតនាំមុខគេ។
របាយការណ៍ដោយអង្គការមូលនិធិស្រាវជ្រាវស្តីពីការសិក្សាអំពីការបង្ការមហារីកពិភពលោកកាលពីឆ្នាំមុន បានភ្ជាប់របបអាហារ ជីវអាហារនិងសកម្មភាពរាងកាយ ទៅនឹងការដែលវៀតណាមជាប់ចំណាត់ថ្នាក់ទី៤ក្នុងលោកក្នុងនាមជាប្រទេសមានមនុស្សកើតមហារីកថ្លើមច្រើនបំផុត។
អង្គការដដែលបាននិយាយថា កំណើនមហារីកថ្លើមនេះនាំអោយគេគិតថា ស្រាបៀនិងស្រា ជាកក្តាចម្បងនាំអោយកើតជម្ងឺនេះ។
សូមបញ្ជាក់ថា វៀតណាម ស្ថិតចំណោមប្រទេសដែលមានអ្នកផឹកស្រាខ្លាំងបំផុតនៅក្នុងលោក។
ស៊ីន យ៉ាំង-ស៊ូ នាយកWHOប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បាននិយាយថាការផឹកស្រាបៀក្នុងចំណោមប្រជាជនវៀតណាមចូលដល់កំរិតប្រកាសអាសន្ន។លោកថា បុរសវៀតណាមលើអាយុ១៥ឆ្នាំជាមធ្យម ផឹកស្រាសុទ្ធ៨,៣លីត្រក្នុងមួយឆ្នាំ ច្រើនជាងចិនឆ្ងាយ(៧,២លីត្រ) កម្ពុជា(៦,៧លីត្រ) ហ្វីលីពីន(៦,៦លីត្រ)និងសិង្ហបុរី(២លីត្រ)៕ដោយ៖វាសនា
អ្នកជម្ងឺមហារីកត្រូវបានព្យាបាលនៅមន្ទីរពេទ្យK Hospitalនៅក្រុងហាណូយ