ការសិក្សា ៖ ពិសា​ខ្ទឹមស​ឆៅ​អាចជួយ​ឱ្យ​ការចងចាំ​បានល្អ​នៅពេល​ចាស់​ទៅ​

459
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ការ​ញ៉ាំ​ខ្ទឹមស​ឆៅ​អាចជួយ​ការពារ​ការបាត់​បង់កា​រ​ចងចាំ​ដែល​ទាក់ទង​នឹង​អាយុ ដែល​រមែង​កើតឡើង​ចំពោះ​អ្នកជំងឺ​ភ្លេចភ្លាំង​និង​អ្នកជំងឺ​ផាក​ឃី​ន​សាន់​។​

​សារធាតុ​ធម្មជាតិ​ដែល​រកឃើញ​នៅក្នុង​ខ្ទឹមស ហៅថា Allyl Sulfide ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​របស់​បាក់តេរី​ល្អ​នៅក្នុង​ពោះ និង​ក៏​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​សុខភាព​ខួរក្បាល​ចំពោះ​មនុស្ស​ចាស់​ផងដែរ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​រកឃើញថា សមាសធាតុ Allyl Sulfide បាន​ស្ដារឡើងវិញ​នូវ​មីក្រូ​សរីរាង្គ​រាប់ពាន់​លាន ដែល​គេ​ស្គាល់​ផងដែរ​ថា ពពួក​អតិសុខុមប្រាណ នៅក្នុង​ពោះវៀន​។​

​ការស្រាវជ្រាវ​ពីមុនៗ​មក​បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​ពពួក​អតិសុខុមប្រាណ​នៅក្នុង​ការរក្សា​សុខភាព​របស់​មនុស្ស​។​

​ប៉ុន្តែ​ការសិក្សា​តិចតួច​ណាស់​ដែល​បាន​ស្រាវជ្រាវ​អំពី​សុខភាព​ពោះវៀន​និង​ស្ថានភាព​ទាក់ទង​នឹង​អាយុ​។​

​វេជ្ជបណ្ឌិត ចូ​ទៀ​ម៉ា​យ៉ា បេ​ហេ​រ៉ា (Jyotirmaya Behera) មកពី​សាកលវិទ្យាល័យ​ល្វី​ស​វី​ល​ក្នុង​រដ្ឋ​កេ​ន​ថាក់​គី​បាន​និយាយថា “​ការរកឃើញ​របស់​យើង​លើកឡើងថា ការគ្រប់គ្រង​របប​អាហារ​នៃ​ខ្ទឹមស​ដែលមាន​សារធាតុ Allyl Sulfide អាចជួយ​រក្សា​ពពួក​អតិសុខុមប្រាណ​ដែលមាន​សុខភាព​ល្អ​និង​បង្កើន​ការចងចាំ​ដល់​មនុស្ស​ចាស់​”៕ ដោយ៖ កញ្ញាដាលីស