ការសិក្សា ៖ មើល​អេក្រង់​យូរពេក​ប៉ះពាល់​ខួរក្បាល​ក្មេង​

1175
ចែករម្លែក

​យោងតាម​ទិន្នន័យបឋម​ពី​ការសិក្សា​កំពុង​ធ្វើឡើង​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ “​ទម្រង់​ខុសៗ​គ្នា​” នៅក្នុង​ការ​ស្គែន​ខួរក្បាល​ក្នុងចំណោម​កុមារ ដែល​ប្រើប្រាស់​ឧបករណ៍​ឆ្លាត​និង​ហ្គេម​វីដេអូ​យូរៗ​ពេក​។​

​រលក​ដំបូង​នៃ​ព័ត៌មាន​ពី​ការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) តម្លៃ ៣០០ លាន​ដុល្លារ​អាមេរិក​នេះ កំពុង​បង្ហាញថា កុមារ​អាយុ ៩ និង ១០ ឆ្នាំ ដែល​ចំណាយពេល​ច្រើនជាង ៧ ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​ប្រើ​ឧបករណ៍​បែបនេះ បង្ហាញ​ពីស​ញ្ញា​នៃ​ភាព​ស្តើង​នៃ​ស្រទាប់ Cortex ជា​ស្រទាប់​ខាងក្រៅ​នៃ​ខួរក្បាល​ដែល​ដំណើរការ​ព័ត៌មាន​ទាក់ទង​នឹង​ប្រាជ្ញា​។​

​វេជ្ជបណ្ឌិត ហ្គា​យ៉ា ដូ​ល​លីង (Gaya Dowling) ជា​គ្រូពេទ្យ​របស់ NIH ធ្វើការ​លើ​គម្រោង​នេះ​បាន​ពន្យល់​ពី​លទ្ធផល​បឋម​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី 60 Minutes របស់​ទូរទស្សន៍ CBS យ៉ាង​ដូច្នេះ “​យើង​មិនដឹងថា​តើ​វា​បង្កឡើង​ដោយសារ​អេក្រង់​ឬ​យ៉ាងណា​នោះទេ​។ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​វា​ជា​រឿង​អាក្រក់​ឬ​យ៉ាងណា​”​។​

​លោក​វេជ្ជបណ្ឌិត​ដូ​ល​លីង​បាន​និយាយថា “​អ្វីដែល​យើង​អាចនិយាយបាន​គឺថា​នេះ​គឺជា​រូបរាង​ខួរក្បាល​របស់​កុមារ​ដែល​ចំណាយពេល​ច្រើន​ម៉ោង​នៅលើ​អេក្រង់​។ ហើយ​វា​មិនមែន​គ្រាន់តែ​ទម្រង់​តែមួយ​នោះទេ​”​។​

​ទិន្នន័យ​របស់ NIH ដែល​បាន​រាយការណ៍​លើ​ប៉ុស្តិ៍ CBS ក៏បាន​បង្ហាញ​ផងដែរ​ថា កុមារ​ដែល​ចំណាយពេល​លើសពី​២​ម៉ោង​ក្នុង​មួយថ្ងៃ​នៅលើ​អេក្រង់ រកបាន​ពិន្ទុ​អន់លើ​ផ្នែក​ភាសា​និង​តេស្ត​ប្រើ​បញ្ញា​។​

​ការស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្គែ​ន​ខួរក្បាល​កុមារ​ចំនួន ៤.៥០០ នាក់​តាមពិត​គឺមាន​គោលបំណង​បង្ហាញថា​តើ​ពេលវេលា​យូ​រលើ​អេក្រង់​គឺជា​ការ​ញៀន​ដែរ​ឬ​អត់ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ត្រូវការ​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​យល់​អំពី​លទ្ធផល​រយៈពេល​វែង​បែបនេះ​។​

​ទិន្នន័យបឋម​ពី​ការសិក្សា​នេះ​នឹង​ចាប់ផ្តើម​ចេញផ្សាយ​នៅ​ដើម​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស