ការស្ទង់មតិ​ក្រោយ​បញ្ចប់​ការបោះឆ្នោត​បង្ហាញថា លោក​ម៉ូ​ឌី​នឹង​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​

440
ចែករម្លែក

​ការបោះឆ្នោត​ស្ទង់​មតិ​នានា​ព្យាករណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី នឹង​ត្រឡប់មក​កាន់អំណាច​វិញ​ក្នុង​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ខណៈ​ការបោះឆ្នោត​ដើម្បី​អនុវត្ត​សិទ្ធិ​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​នៅលើ​ពិភពលោក​បាន​ឈានដល់​ទីបញ្ចប់​។​

​អ្នកបោះឆ្នោត​នៅក្នុង​មណ្ឌលបោះឆ្នោត​ចំនួន ៥៩ បាន​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ឧសភា ដោយ​បញ្ចប់​ការបោះឆ្នោត​ប្រាំពីរ​ដំណាក់កាល ដែល​ក្នុងនោះ​មនុស្ស ៩០០ លាន​នាក់​គឺមាន​សិទ្ធិ​បោះឆ្នោត​។​

​យ៉ាងហោចណាស់ ការបោះឆ្នោត​ស្ទង់​មតិ​ចំនួន​បួន ដែល​ចេញផ្សាយ​ប្រហែល​កន្លះ​ម៉ោង បន្ទាប់ពី​ការបញ្ចប់​ការបោះឆ្នោត បានបង្ហាញ អាសនៈ​ចំនួន​ពី ២៨៦ ទៅ ៣០៦ សម្រាប់​សម្ព័ន្ធ​គណបក្ស​ដឹកនាំ​ដោយ​គណបក្ស​បា​រ៉ា​ធី​យ៉ា​ចា​ណា​តា (BJP) កំពុងកាន់​អំណាច​។​

​ពួកគេ​បាន​ព្យាករណ៍​អាសនៈ​ចន្លោះ​ពី ១២២ ទៅ ១៣២ សម្រាប់​សម្ព័ន្ធ​គណបក្ស​ដឹកនាំ​ដោយ​គណបក្ស​សមាជ​។​

​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​សម្រាប់​អាសនៈ​ចំនួន ៥៤២ នៅក្នុង​សភា​ជាន់​ទាប ជាមួយ​លទ្ធផល​នឹងត្រូវ​ចេញ​នៅ​ថ្ងៃទី​២៣ ឧសភា (​ថ្ងៃ​ព្រហស្បតិ៍​)​។ ចំនួន​អាសនៈ ដែល​ត្រូវការ​ចាំបាច់​ដោយ​គណបក្ស​មួយ​ឬ​សម្ព័ន្ធ​មួយ​ដើម្បី​ឈ្នះ គឺ ២៧២​។ ការបោះឆ្នោត​សម្រាប់​អាសនៈ​មួយ​នៅ​ទីក្រុង​វែ​ល​ឡូ​រ៉េ រដ្ឋ​តា​ម៉ិ​ល​ណា​ឌូ ត្រូវបាន​លុបចោល​។​

​ក្រុមហ៊ុន​បោះឆ្នោត​ស្ទង់​មតិ​ឈានមុខ​គេ​មួយ​គឺ Chanakya កាលពី​ថ្ងៃអាទិត្យ​បាន​ព្យាករណ៍​ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សម្រាប់​គ​ណ​បក្ស BJP ជាមួយ​អាសនៈ​ចំនួន ២៩១ ខណៈ​ព្យាករណ៍​ថា​នឹងមាន ៥៧ អាសនៈ​សម្រាប់​គណបក្ស​សមាជ​។​

​ការបោះឆ្នោត​ស្ទង់​មតិ​របស់​ក្រុមហ៊ុន The Times Now-VMR បាន​ព្យាករណ៍​ថា សម្ព័ន្ធ​របស់​គណបក្ស BJP នឹង​ឈ្នះ ៣០៦ អាសនៈ ខណៈ​សម្ព័ន្ធ​ដឹកនាំ​ដោយ​គណបក្ស​សមាជ​នឹង​ទទួលបាន ១៣២ អាសនៈ​។​

​ទោះយ៉ាងណា ការបោះឆ្នោត​ស្ទង់​មតិ​ពី​ការបោះឆ្នោត​កាលពីមុន​គឺ​ទាយ​អត់​ត្រូវ​ទេ តួយ៉ាង​ដូចជា ករណី​ឆ្នាំ ២០០៤​។​

​ពួក​មេដឹកនាំ​គណបក្សប្រឆាំង​ភ្លាមៗ​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​តប​របស់​ពួកគេ ដោយ​បង្ហាញ​ពី​មន្ទិល​អំពី​ការបោះឆ្នោត​ស្ទង់​មតិ​ទាំងនោះ​។​

​លោកស្រី ម៉ា​ម៉ា​ថា បាន់​ណឺ​ជី (Mamata Bannerjee) មេដឹកនាំ​បក្ស​សមាជ​ត្រាយ​ណា​មូល (Trinamool Congress) និង​ជា​ឧ​ត្ត​ម​មន្ត្រី​នៃ​រដ្ឋ​វេស​បេង​ហ្គា​ល់ បាន​និយាយថា “​ខ្ញុំ​មិន​ជឿ​ការ​ខ្សឹបខ្សៀវ​របស់​ការបោះឆ្នោត​ស្ទង់​មតិ​នោះទេ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បណ្តា​គណបក្សប្រឆាំង​ទាំងឡាយ​ត្រូវ​រួបរួមគ្នា រឹងប៉ឹង និង​ក្លាហាន​ឡើង​។ យើង​នឹង​ប្រយុទ្ធ​នឹង​សមរភូមិ​នេះ​ជាមួយគ្នា​”៕ ដោយ៖ កញ្ញាដាលីស

លោក​ណារិន​ដ្រា ម៉ូ​ឌី​រំពឹង​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​ទៀត