ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ការឡើង​កម្ពស់​ទឹកសមុទ្រ​នឹង​ពន្លិច​ទីក្រុង​មាត់សមុទ្រ​នៅត្រឹម​ឆ្នាំ ២០៥០ រួមទាំង​ទីក្រុង​ហូជីមិញ បាងកក និង​មុំ​បៃ​

428
ចែករម្លែក

​យោងតាម​ការស្រាវជ្រាវ​ថ្មី​បានឱ្យដឹងថា ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​អាច​ជះ​ផលប៉ះពាល់​ដល់​មនុ​ស្សដ​ល់​ទៅ ៣ ដង​នៅ​ឆ្នាំ ២០៥០​ច្រើនជាង​ការប៉ាន់ស្មាន​លើក​មុន ដោយ​គំរាម​លុបបំបាត់​ទីក្រុង​ធំៗ​មាត់​ឆ្នេរ​ទាំងអស់​នៅលើ​ពិភពលោក​។​

​អ្នកនិពន្ធ​ឯកសារ​ស្រាវជ្រាវ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២៩ តុលា​បាន​បង្កើត​វិធី​ត្រឹមត្រូវ​ជាង​មុន​ក្នុងការ​គណនា​កម្ពស់​ដី ដោយ​ផ្អែកលើ​ការអាន​ផ្កាយរណប ដែលជា​វិធី​ស្តង់ដារ​នៃ​ការប៉ាន់ស្មាន​ពី​ផលប៉ះពាល់​នៃ​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​លើ​តំបន់​ធំៗ ហើយ​បាន​រកឃើញថា ការប៉ាន់ស្មាន​លើក​មុនៗ​មិនទាន់មាន​ភាពច្បាស់​លាស់​ខ្លាំង​ទេ​។​

​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញថា មនុស្ស​ប្រហែល ១៥០ លាន​នាក់​ឥឡូវនេះ​កំពុង​រស់នៅ​លើដី ដែល​នឹង​ស្ថិតនៅក្រោម​ទឹកសមុទ្រ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ​។​

​វៀតណាម​ខាងត្បូង​អាច​បាត់ស្រមោល​ទាំងស្រុង​។ ប្រជាជន​ជាង ២០ លាន​នាក់​នៅក្នុង​ប្រទេស​វៀតណាម ដែល​ស្ទើរតែ​ស្មើ​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​សរុប សព្វថ្ងៃ​កំពុង​រស់នៅ​លើដី ដែល​នឹង​លិច​ក្រោម​សមុទ្រ​នាពេល​អនាគត​។​

​ភាគច្រើន​នៃ​ទីក្រុង​ហូជីមិញ​ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ជាតិ​វៀតណាម​នឹង​រលាយបាត់​ស្រមោល ដោយយោង​ទៅតាម​ការស្រាវជ្រាវ​ផលិត​ដោយ​អង្គការ Climate Central ដែលជា​អង្គការ​វិទ្យាសាស្ត្រ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី​និង​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ Nature Communications​។​

​ក្នុងប្រទេស​ថៃ ប្រជាជន​ជាង ១០ ភាគរយ​បច្ចុប្បន្ន​រស់នៅ​លើដី ដែល​ទំនងជា​នឹងត្រូវ​លិចលង់​នៅ​ឆ្នាំ ២០៥០ ប្រៀបធៀប​ទៅនឹង​ការព្យាករណ៍​មុន​គឺមាន​តែ ១ ភាគរយ​ប៉ុណ្ណោះ​។ រាជធានី​នយោបាយ​និង​ពាណិជ្ជកម្ម​បាងកក​គឺ​ងាយ​រងគ្រោះ​លិចលង់​ខ្លាំង​បំផុត​។​

​ទីក្រុង​ផ្សេងទៀត​ដែល​នឹងត្រូវ​លិចលង់​ក្នុង​ឆ្នាំ​២០៥០​ដែរនោះ​រួមមាន​ទីក្រុង​សៀង​ហៃ​របស់​ចិន​និង​ទីក្រុង​មុំ​បៃ​របស់​ឥណ្ឌា​៕ ដោយ៖កញ្ញាដាលីស

ទីក្រុង​មាត់សមុទ្រ​ភាគច្រើន​នឹង​លិចលង់​ក្នុង​ឆ្នាំ ២០៥០