ការស្រាវជ្រាវ​៖ បរិភោគ​ផ្លែ​ប៉ោម​១​ផ្លែ​រាល់​ថ្ងៃនោះ​ខ្លាញ់​ក្នុង​ឈាម​ថយចុះ​ជិត ៥០%

300
ចែករម្លែក

​មនុស្ស​ជាច្រើន​ពេល​ទៅពិនិត្យ​សុខភាព​ឃើញ​មាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ក៏មាន​អារម្មណ៍​ខ្វាយខ្វល់​ថា​នឹង​កើត​ជំងឺ​ច្រើនយ៉ាង ។​

​តាំងពី​យូរ​មកហើយ គេ​បានដឹង​ពី​ផលប្រយោជន៍​សុខភាព​របស់​ផ្លែ​ប៉ោម ដោយសារ​តម្លៃ​ជីវជាតិ និង​តម្លៃ​ឱសថ​របស់​ផ្លែ​ប៉ោម​យ៉ាងខ្ពស់ ។​

​ការពិត​ពុំមែន​ខ្លាញ់​គ្រប់​ប្រភេទ​ក្នុង​ឈាម សុទ្ធតែ​អាក្រក់ ។ ក្នុង​ឈាមមាន​ខ្លាញ់​២​ប្រភេទ​គឺ​ «​ខ្លាញ់​ល្អ និង​ខ្លាញ់​អាក្រក់​» ។ ព្រោះ​ខ្លាញ់​ក៏​ជា​សារជាតិ​ជីវជាតិ​ចាំបាច់​របស់​សរីរាង្គ​, ពិសេស​គឺ​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ ។ ជំងឺ​ខ្លាញ់​រុំ​ឈាម​ជា​ស្ថានភាព «​ខ្លាញ់​អាក្រក់​» ឆ្លង​ហួស​កម្រិត​កំណត់ ។​

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​បង្ហាញថា ការបរិភោគ​ផ្លែ​ប៉ោម​១​ផ្លែ​រាល់ថ្ងៃ អាច​បន្ថយ​បរិមាណ «​ខ្លាញ់​អាក្រក់​» ដល់​ជិត​ពាក់កណ្តាល​តែ​ក្នុង​រង្វង់​១​ខែ ។​

​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញថា បរិភោគ​ផ្លែ​ប៉ោម​១​ផ្លែ​រាល់ថ្ងៃ អាចជួយ​កែប្រែ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​សរសៃឈាម​បេះដូង​របស់​មនុស្ស​ម​ជ្ឈឹ​ម​វ័យ ។​

​មនុស្ស​មួយក្រុម​ចំនួន ៥០ នាក់ មាន​អាយុ​ពី ៤០ ទៅ ៦០ ឆ្នាំ ត្រូវបាន​ចែកជា ៣ ក្រុម ។ ក្រុមទី​១​បរិភោគ​ផ្លែ​ប៉ោម​១​ផ្លែ​ក្នុង​១​ថ្ងៃ ។ ក្រុមទី​២​ប្រើ polyphenol ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​មាន​ក្នុង​ផ្លែ​ប៉ោម និង​ក្រុមទី​៣ ប្រើ​ឱសថ​ក្លែងបន្លំ ។ ចុងក្រោយ ការស្រាវជ្រាវ​រកឃើញ​ថា ក្រុម​បរិភោគ​ផ្លែ​ប៉ោម​ផ្ទាល់​នូវ​បរិមាណ​ខ្លាញ់​អាក្រក់​ថយចុះ​ដល់ ៤០% ។ ក្រុម​ប្រើ polyphenol ក៏មាន​ប្រសិទ្ធភាព​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម​តែ​មិន​ខ្លាំង ដូច​ក្រុម​បរិភោគ​ផ្លែ​ប៉ោម ។ ក្នុងពេលនោះ ក្រុមទី​៣​ពុំមាន​ការប្រែប្រួល​ណា​ឡើយ ។​

អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការបរិភោគ​ផ្លែ​ប៉ោម​រាល់ថ្ងៃ មាន​ប្រសិទ្ធភាព​បញ្ចុះ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ល្អ​ជាង​ពពួក​អាហារ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​លោក​ធ្លាប់​ស្រាវជ្រាវ​ដូចជា Curcumin មាន​ក្នុង​ល្មៀត​, តែ​បៃតង​, សារជាតិ​ចម្រាញ់​ពី​ប៉េងប៉ោះ ។​

​ទន្ទឹម​នោះ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​រកឃើញ​គុណប្រយោជន៍​សុខភាព​យ៉ាងច្រើន ពេល​បរិភោគ​ផ្លែ​ប៉ោម​ជាប្រចាំ​ដូចជា​៖ ទប់ស្កាត់​ជំងឺ Alzeimer, បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​សរីរាង្គ​, ល្អ​សម្រាប់​ស្បែក​, ការពារ​ឆ្អឹង​, ប្រឆាំង​មហារីក ។​ល​៕ ប្រែ​សម្រួលៈ រតនៈ​