ការស្លាប់​ដោយសារ​ផ្ទុះ​ជំងឺ​អេ​បូ​ឡា​នៅ​កុង​ហ្គោ​កើនឡើង​ដល់​ជាង ១.០០០ នាក់​

753
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និយាយថា មនុស្ស​ជាង ១.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អេ​បូ​ឡា​នៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ ចាប់តាំងពី​ខែសីហា ខណៈដែល​អរិភាព​ប្រឆាំង​មកលើ​ក្រុម​បុគ្គលិក​សុខាភិបាល​នៅតែ​បន្ត​រារាំង​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​វីរុស​គ្រោះថ្នាក់​បំផុត​ទី​ពីរ​មួយ​នេះ​។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​លោក​អូ​លី អ៊ី​លុង​ហ្គា (Oly Ilunga) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា ការស្លាប់​ចំនួន ៤ នាក់​ទៀត​ក្នុង​ការផ្ទុះ​រាលដាល​ជំងឺ​នេះ​នៅ​ទីក្រុង​កាត​វ៉ា (Katwa) បាន​ជំរុញ​ឱ្យចំ​នួន​អ្នកស្លាប់​កើនឡើង​ដល់ ១.០០៨ នាក់​។​

​ការស្លាប់​ពីរ​នាក់​ទៀត​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង​ប៊ូ​ទឹម​បូ (Butembo)​។​

​ការផ្ទុះ​ជំងឺ​នេះ​ដែល​បានប្រកាស​ជិត ៩ ខែ​កន្លងមកនេះ​បាន​បណ្តាលឱ្យមាន​ការស្លាប់​ច្រើន​បំផុត នៅ​ពីក្រោយ​ការផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​នេះ​ក្នុង​ឆ្នាំ ២០១៤-២០១៦ នៅ​ហ្គី​ណេ ស៊ីរ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា នៅ​ទ្វីបអាហ្វ្រិក​ភាគ​ខាងលិច ដែល​បានសម្លាប់​មនុស្ស​ជាង ១១.០០០ នាក់​។​

​ស្ថានការណ៍​សន្តិសុខ​ដែល​ងាយ​នឹង​ប្រែប្រួល​និង​ការមិនជឿ​ទុកចិត្ត​កាន់​តែ​ជ្រាលជ្រៅ​នៅតាម​សហគមន៍​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ភាគ​ខាងកើត​កុង​ហ្គោ​។​

​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​អេ​បូ​ឡា​បាន​ទទួលរង​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត ដោយ​រារាំង​មន្ត្រី​សុខាភិបាល​របស់​រដ្ឋាភិបាល​មិនអាច​ចូលទៅ​ជួយ​បុគ្គលិក​គ្លីនិក​នៅក្នុង​ចំណុចក្តៅ​នៃ​ទីក្រុង​ប៊ូ​ទឹម​បូ​និង​កាត​វ៉ា​។​

​អង្គការ​ផ្តល់ជំនួយ​អន្តរជាតិ​នានា​បាន​បញ្ឈប់​ការងារ​របស់​ពួកគេ​នៅក្នុង​សហគមន៍​ទាំងពីរ​ដោយសារតែ​អំពើហិង្សា​៕ ដោយ៖ កញ្ញាដាលីស

ជំងឺ​អេ​បូ​ឡា​ឆក់យក​ជីវិត​មនុស្ស ១.០០៨ នាក់​ហើយ​នៅ​កុង​ហ្គោ
#