ការស្លាប់​ដោយ​កាំភ្លើង​នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់ ២៥០.០០០ នាក់​ក្នុង​មួយឆ្នាំ​, អាមេរិក​មាន​ចំណាត់​ថ្នាក់ខ្ពស់​

833
ចែករម្លែក
  • 14
    Shares

​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការស្លាប់​ដោយ​កាំភ្លើង​នៅ​ទូទាំង​ពិភពលោក​មាន​ចំនួន​ប្រហែល ២៥០.០០០ នាក់​ក្នុង​មួយឆ្នាំ ហើយ​សហរដ្ឋអាមេរិក​គឺ​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​៦​ដែលមាន​ចំនួន​អ្នកស្លាប់​ពាក់កណ្តាល​ក្នុងចំណោម​អ្នកស្លាប់​សរុប​ទាំងអស់នោះ​។​

​យោងតាម​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បានឱ្យដឹងថា លទ្ធផល​នៃ​ការវិភាគ​គ្រប់​ជ្រុងជ្រោយ​បំផុត​មួយ​អំពី​ការស្លាប់​ដោយ​កាំភ្លើង​បានបង្ហាញ​ពី “​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធំ​សម្រាប់​មនុស្សជាតិ​”​។​

​បើទោះបីជា​ចំណងជើង​ធំៗ​លើ​កាសែត​នាពេល​ថ្មីៗ​នេះ​ហាក់​ធ្វើឱ្យ​ការសម្លាប់​ដោយ​កាំភ្លើង​កើនឡើង​នៅ​ទូទាំង​ពិភពលោក​ក្តី ក៏ប៉ុន្តែ​តួលេខ​ថ្មី​នេះ​បាន​ប្រាប់​រឿងរ៉ាវ​សំខាន់​លើសពីនេះទៅទៀត​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានរាប់ចំ​នួន​ការស្លាប់​ដោយ​កាំភ្លើង​ប្រមាណ ២០៩.០០០ នាក់​ក្នុង​ឆ្នាំ ១៩៩០ ធៀប​នឹង​ចំនួន​អ្នកស្លាប់​ដោយ​កាំភ្លើង ២៥១.០០០ នាក់​ក្នុង​ឆ្នាំ ២០១៦​។ អត្រា​ស្លាប់​ជា​មធ្យម​ប្រហែល ៤ នាក់​ក្នុងចំណោម ១០០.០០០ នាក់ គឺ​ភាគច្រើន​មិនបាន​ប្រែប្រួល​ទេ​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា ២ ភាគ ៣ នៃ​ចំនួន​អ្នកស្លាប់​នៅក្នុង​ឆ្នាំ ២០១៦ គឺជា​ករណី​ឃាតកម្ម​។ បើទោះបីជា​សហរដ្ឋអាមេរិក​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អ្នកមាន តែ​ការធ្វើអត្តឃាត​ដោយ​កាំភ្លើង​គឺមាន​ចំនួន​ច្រើនជាង​ការបាញ់សម្លាប់​ដោយ​កាំភ្លើង​ទៅទៀត​។​

​វេជ្ជបណ្ឌិត គ្រី​ស្តូ​ហ្វើ ម៉ួ​រ៉េ (Christopher Murray) ដែលជា​សាស្ត្រាចារ្យ​ផ្នែក​សុខភាព​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​និយាយថា ចំនួន​នេះ​គឺ​ឆ្លុះបញ្ចាំង​លើសពី “​តើ​កាំភ្លើង​មាន​ប៉ុន្មាន​ដើម​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​ទៅទៀត​”​។ លោក​បាន​កត់សម្គាល់ថា ជំនឿ​វប្បធម៌​អំពី​កាំភ្លើង​និង​ការធ្វើអត្តឃាត​បាន​ប្រែប្រួល​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក ដោយ​បន្ថែមថា “​នោះ​ហើយ​ជា​កន្លែង​ដែល​យើង​មាន​តួលេខ​នៃ​ការស្លាប់​ដោយ​កាំភ្លើង​ដ៏​មិនគួរ​ឱ្យ​ជឿ​នេះ​”​។​

​ការស្លាប់​ដោយ​កាំភ្លើង​មានការ​កើនឡើង​យ៉ាងច្រើន​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុងចំណោម​ប្រទេស​ចំនួន ១៩៥ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សិក្សា​នេះ ជាពិសេស​នៅ​អាមេរិក​កណ្តាល​និង​អាមេរិក​ខាងត្បូង ដែល​អត្រា​ស្លាប់​នេះ​បាន​ឈានដល់​ជិត ៤០ នាក់​ក្នុង ១០០.០០០ នាក់​នៅ​កន្លែង​ខ្លះ​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ការជួញដូរ​គ្រឿងញៀន​និង​អស្ថិរភាព​សេដ្ឋកិច្ច​ប្រហែលជា​បានរួម​ចំណែក​។​

​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ក្វា​តេ​ម៉ា​ឡា ម៉ិ​ក​ស៊ិ​ក និង វ៉េ​ណេ​ស៊ុយ​អេ​ឡា​រួមជាមួយ​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​បានរួម​ចំណែក​ដល់​ការស្លាប់​ចំនួន​ពាក់កណ្តាល​នៃ​ការស្លាប់​សរុប​ក្នុងការ​ស្រាវជ្រាវ​នេះ​។ ការសិក្សា​នេះ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​កង្វះ​ការស្រាវជ្រាវ​លើ​មូលហេតុ​នៃ​អំពើហិង្សា​ដោយ​កាំភ្លើង​និង​វិធី​ទប់ស្កាត់​វា​៕ ដោយ៖ កញ្ញាដាលីស