ការស្លាប់​របស់​ក្មេង​សិស្សសាលា​ម្នាក់​ធ្វើឱ្យ​នាឡិកា GPS ត្រូវប៉ាន់​

439
ចែករម្លែក

នាឡិកា​កុមារ​ដែល​បំពាក់​ប្រព័ន្ធ​តាមដាន GPS ត្រូវប៉ាន់​លក់​ខ្លាំង​រហូត​អស់ពី​ស្តុក​នៅ តាម​ហាង​នានា​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បន្ទាប់ពី​ក្មេងប្រុស​ម្នាក់​អាយុ ប្រាំមួយ ឆ្នាំ​ស្លាប់​ក្នុង​រថយន្តក្រុង​សាលា​។

​តំណាង​ហាង Viettel មួយ​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ង្វៀន ហ្វុ​ង សាក (Nguyen Phong Sac Street) ក្នុង​សង្កាត់​កៅ សាយ (Cau Giay) ក្រុង​ហាណូយ​និយាយថា នាឡិកា GPS នាឡិកា​សម្រាប់​កុមារ​លក់ដាច់​រហូត​អស់ពី​ស្តុក​។ តំណាង​ដដែល និយាយទៀតថា “​ហាង​ទាំងអស់​ក្នុង​សង្កាត់​នេះ​លក់ដាច់​អស់ពី​ស្តុក​ហើយ​យើង​កំពុង រង់ចាំ​ស្តុក​ថ្មី​ចូល​”​។

​ហាង Viettel មួយទៀត​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ថៃ ហា (Thai Ha Street) និយាយ ថា ខ្លួន​លក់​នាឡិកា​នេះ​ដាច់​អស់ ៣០ គ្រឿង​ត្រឹម​ពេល​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​ពុធ ទី​៧ ខែសីហា គឺ​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​ដល់​ទៅ ៤ ដង​។​

​តំណាង​ហាង MobiFone មួយ​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ង្វៀន ជី ថា​ញ់ (Nguyen Chi Thanh Street) និយាយថា ភ្ញៀវ​យ៉ាងច្រើន​បានមក​សួររក​ទិញ​នាឡិកា Tio GPS ដែល​តាម​ថ្ងៃ​ធម្មតា​លក់​មិន​ដាច់​សោះ​។

​ចំណែកឯ​ស្ត្រី​ម្នាក់​ឈ្មោះ ហ័ង លី​ញ (Hoang Linh) និយាយថា គាត់​បាន​ឆ្លៀតពេល សម្រាក​អាហារ​ថ្ងៃត្រង់​រក​ទិញ​នាឡិកា Kiddy 2 Touch នៅ​ហាង Viettel ឱ្យ​កូនស្រី របស់គាត់ ប៉ុន្តែ​គេ​លក់​អស់​ទៅហើយ​។

Kiddy 2 Touch ដែល​ចែកចាយ​ដោយ​ក្រុមហ៊ុន Viettel និង Tio ដែល​ចែកចាយ​ដោយ ក្រុមហ៊ុន MobiFone គឺជា​នាឡិកា GPS សម្រាប់​កុមារ​ដ៏​ពេញនិយម​បំផុត​នៅក្នុង ប្រទេស​នេះ​។ មុខងារ​របស់​នាឡិកា​មិន​ជ្រាប​ទឹក​ដែលមាន​តម្លៃ​ចន្លោះ​ពី ១,៣​លាន ដុង​ទៅ ១,៤ លាន​ដុង (៥៦ ដុល្លារ​ទៅ ៦០ ដុល្លារ​) ទាំងនេះ​អាច​តេ​បាន ផ្ញើ​សារ​ជា សំឡេង​បាន និ​អា​ចង​ផ្តល់​សញ្ញា​ប្រកាសអាសន្ន​។ វា​បញ្ជូន​សញ្ញា​ទៅ​ទូរស័ព្ទ​របស់ ឪពុកម្ដាយ​ក្មេង នៅពេល​ក្មេង​ចេញ​ផុតពី​កន្លែង​មាន​សុវត្ថិភាព​។

​សូមបញ្ជាក់ថា តម្រូវការ​នាឡិកា​ប្រភេទ​នេះ​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​ក្មេងប្រុស ម្នាក់​អាយុ ៦ ឆ្នាំឈ្មោះ ឡេ ហ័ង ឡុង (Le Hoang Long) ដែលជា​សិស្ស​រៀន​នៅ​សាលា Gateway International School ស្ថិតក្នុង​សង្កាត់​កៅ សាយ បាន​បាត់​បង់ជីវិត កាលពី ថ្ងៃ​អង្គារ ទី​៦ ខែសីហា បន្ទាប់ពី​គេ​ទុកចោល​នៅក្នុង​រថយន្តក្រុង​សាលា​អស់ ៩​ម៉ោង​៕ ប្រែ​សម្រួលៈ​ខុម​