ការស្វែងរក​ឃើញ​សារធាតុ​គីមី​ពុល​នៅ​ចុង​ផ្លាស់​ពុំទាន់​មាន​លទ្ធផល​ (ឃ្លីប)

1159
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: សមត្ថកិច្ច​ជាច្រើន​នាក់ ដែល​រួមមាន​ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​នោះ នៅតែ​បន្តធ្វើ​ការរុករក​សារ​ធាតុគីមី​ពុល​ដដែល នៅ​ថ្ងៃទី​២៥​ឧសភា​នេះ ក្នុង​ទីតាំង​នានា​ក្នុង​ក្រុមហ៊ុន​រ៉ុង ឆេង របស់​ចិន និង​ក្នុង​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ ដែល​ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​កាលពី​ថ្ងៃទី​២៤​ឧសភា ក្រុមការងារ​អន្តរក្រសួង​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដោយ​បែង​ចែកជា​៣​ក្រុម ដោយ​ត្រូវ​ទៅ​ស្រាវជ្រាវ​នៅ​ចំណុច​៣​។ ក្នុងនោះ​ទី​១.​ក្នុង​ទីតាំង​ក្រុមហ៊ុន​រ៉ុង​ឆេង​, ទី​២.​ចំណុច​អូរ​ក្លរ និង​ទី​៣.​អូរ​ទេរ​។

​អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែងប្រាប់​អ្នកកាសែត​ថា នៅ​មិនទាន់មាន​លទ្ធផល​យ៉ាងណា​ច្បាស់​នោះទេ ស្ថិតក្នុង​ការរង់ចាំ​លទ្ធផល​របស់​ក្រុមការងារ​អន្តរក្រសួង​។

​សេចក្តីរាយការណ៍​ពី​ទីតាំង​មួយកន្លែង​ជាប់​ក្រុមហ៊ុន​រ៉ុង​ឆេង សមត្ថកិច្ច​បាន​រកឃើញ​អាចម៍ដី​រ៉ែ​មាស​រាប់សិប​តោន អាង​ស្តុក​រ៉ែ ប្រឡាយ​បង្ហូរ​កាកសំណល់​ចូល​អូរ​ធម្មជាតិ និង​ធុង​សារធាតុ​គីមី​ជាច្រើន ដែល​លាក់ទុក​ក្នុង​បន្ទប់​ចាក់សោ​។ ក្នុងនោះ​ម៉ាស៊ីន​បម្រើ​សកម្មភាព​ចម្រាញ់​រ៉ែ​មាស ត្រូវបាន​ដោះចេញ​យកទៅ​ផ្លុ​ង​ចោល ឆ្ងាយ​ពី​កញ្ច្រែង និង​ជើង​ម៉ាស៊ីន​ផងដែរ​។

​ក្នុង​យុទ្ធនាការ​នោះ ក្រោយ​ប្រទះឃើញ​វត្ថុតាង​ល្មើស​ជាច្រើន​ក្នុង​ទីតាំង​ក្រុមហ៊ុន​រ៉ុង​ឆេង មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​អះអាង​ភ្លាមៗ​ថា វា​ជា​អំពើ​ខុសច្បាប់ ដែល​ទីតាំង​នេះ ជា​អ្នក​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ទឹកអូរ​ធម្មជាតិ ត្រូវតែ​រឹបអូស​និង​បិទ​ភ្លាម​។

​ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​បន្តរ​ក​ឃើញ​វត្ថុតាង​ជាច្រើន​ទៀត​នៅតាម​បណ្តោយ​មាត់​អូរ ហើយ​កំពុងស្ថិត​ក្នុង​ការហាម​ឃាត់​មិនឱ្យ​ធ្វើ​អាជីវកម្ម​នោះទេ​។ ត្បិត​ធាតុ​ផ្សំ​ដែល​ត្រូវ​យកទៅ​ផ្សំ​ជាមួយ​សា​ធាតុ​ស្យា​នី​ត នោះ​ក៏ត្រូវ​រកឃើញ​ច្រើន​ក្នុង​ទីតាំង​ក្រុមហ៊ុន​រ៉ុង​ឆេង​។


​សហគមន៍​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស នៃ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ឱ្យដឹង​នៅ​ថ្ងៃទី​២៤​ឧសភា​ថា ពួកគេ​ប្រទះឃើញ​ក្រុមហ៊ុន​ចិន​ជីក​អណ្ដូងរ៉ែ ច្រើន​ទីតាំង​ក្នុង​តំបន់​ចុង​ផ្លាស់ បែប​ជា​ទម្រង់​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ពុំមែន​ជាការ​សិក្សា​ស្រាវជ្រាវ​នោះទេ​។ លើសពីនេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង បាន​ជីក​ខួង​រុករក​រ៉ែ​មាស​ច្រើន​រណ្ដៅ មាន​ជម្រៅ​ជ្រៅៗ​។​

​សេចក្តីរាយការណ៍​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ចិន​ប្រើ​ម៉ាស៊ីន​ខួង​យក​រ៉ែ ភាគច្រើន​ស្ថិតនៅ​តំបន់​អូរ ព្រោះ​ប្រភព​រ៉ែ​មាស​គឺ​ស្ថិត​នៅជាប់​ទឹកអូរ​ធម្មជាតិ​។ ទឹកអូរ​ទាំងនោះ​រួមមាន អូរ​ក្លរ អូរ​ចុង អូរ​រកា អូរ​ក្តា​យ អូរ​រ​ហៅ និង អូរ​ក្ទង់​។ លោក​ថា តំបន់​ទឹកអូរ​ទាំងនោះ​មាន​បណ្ដាញ​ជាប់​ព្រែក​ទេរ ហូរ​ចុះ​ឆ្ពោះទៅ​ទន្លេមេគង្គ ឆ្លងកាត់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​ចំពោះ​លទ្ធផល​ជាក់លាក់ និង​បន្តធ្វើ​នៅ​ថ្ងៃទី​២៥​ឧសភា​បន្តទៀត ហើយ​ក្រុម​អន្តរក្រសួង​និង​លម្អិត​ព័ត៌មាន​នៅពេល​ក្រោយ​៕​មន​