ការឡោមព័ទ្ធ​ទីក្រុង​ម៉ា​រ៉ាវី នឹងមាន​ផលប៉ះពាល់​យូរអង្វែង​អំពី​ភាពជ្រុលនិយម​នៅ​អាស៊ីអាគ្នេយ៍​

1755
ចែករម្លែក

​សមរភូមិ​ដើម្បី​រំដោះ​ទីក្រុង​ម៉ា​រ៉ាវី​ក្នុង​ហ្វីលីពីន​ភាគខាងត្បូង ទំនង​មាន​ផលវិបាក​យូរអង្វែង​សម្រាប់​ភាពជ្រុលនិយម​ក្នុង​អាស៊ីអាគ្នេយ៍ សូម្បី ក្រោយ​ពេលដែល​ទាហាន​ហ្វីលីពីន​ទទួលបាន​ការគ្រប់គ្រង​ទីក្រុង​នេះ​ឡើងវិញ​ក៏ដោយ​។ នេះ​បើតាម​របាយការណ៍​ថ្មី​ដោយ​វិទ្យាស្ថាន​សម្រាប់​ការវិភាគ​គោលនយោបាយ​នៃ​ជម្លោះ (IPAC) បញ្ចេញ​កាលពី​ថ្ងៃ​សុក្រ​ទី ២១ កក្កដា​។

​ផលប៉ះពាល់​អាច​រួមមាន ហានិភ័យ​ខ្ពស់​នៃ​ការវាយប្រហារ​ដោយ​ហិង្សា​ក្នុង​ទីក្រុង​ផ្សេងទៀត​របស់​ហ្វីលីពីន និង ឥណ្ឌូនេស៊ី ព្រមទាំង​ម៉ាឡេស៊ី ការសហការ​កាន់តែខ្លាំង​ឡើង​ក្នុងចំណោម​ពួក​ជ្រុលនិយម​នៅ​អាស៊ីអាគ្នេយ៍ និង​ថ្នាក់ដឹកនាំ​ថ្មី​សម្រាប់​បណ្តាញ​គាំទ្រ​រដ្ឋ​អ៊ីស្លាម (IS) នៅ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី មកពី​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​វិលត្រឡប់​ពី​ទីក្រុង​ម៉ា​រ៉ាវី​។

​លោកស្រី​ស៊ីតនី ចូ​ន នាយក IPAC និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា “​ហានិភ័យ​នឹងមិន​បញ្ចប់​ឡើយ នៅពេល​យោធា​ប្រកាស​ជ័យជម្នះ​”​។​

​លោកស្រី​បន្ថែមទៀតថា “​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី នឹង​ប្រឈម​ការគំរាមកំហែង​ថ្មី ក្នុង​ទម្រង់​នៃ​ការវិល​ត្រឡប់មកវិញ​របស់​ពួក​អ្នក​ប្រយុទ្ធ មកពី​កោះ​មិន​ដា​ណាវ និង ហ្វីលីពីន​នឹងមាន​បណ្តាញ​បែក​ខ្លួន​តូចៗ​ជាច្រើន​ជាមួយ​សមត្ថភាព​បង្ក​ហិង្សា និង​អប់រំ​ផ្នែក​មនោគមវិជ្ជា​”​។

​យោងតាម​របាយការណ៍​របស់ IPAC ប្រតិបត្តិការ​នៅ​ក្រុង​ម៉ា​រ៉ាវី​គឺ​ទទួល​មូលនិធិ​ដោយផ្ទាល់​ពី IS និង​បង្ហាញឱ្យឃើញ​ពី​បណ្តាញ​នៃ​ការបញ្ជា គឺ​ដំណើរការ​ចេញពី​ស៊ី​រី ឆ្លងកាត់​ហ្វីលីពីន ទៅ​ឥណ្ឌូនេស៊ី និង ប្រទេស​ផ្សេងទៀត​។

​របាយការណ៍​លើកឡើងថា រដ្ឋ​អ៊ីស្លាម​ហាក់​តំណាង​ដោយ​ក្រុម ខា​ធី​បា នូ​សា​ន់តា​រ៉ា (Khatibah Nusantara) ជា​ក្រុម​ប្រយុទ្ធ​ដ៏​ប្តូរផ្តាច់​មួយ ដឹកនាំ​ដោយ​ជន​សកម្មប្រយុទ្ធ​ឥណ្ឌូនេស៊ី ឈ្មោះ បា​រ៉ាំ​ស៊ី​យ៉ា និង គូកន ឈ្មោះ អា​ប៊ូ វ៉ា​លី​ដ​។

​ក្រុម ខា​ធី​បា នូ​សា​ន់តា​រ៉ា ជា​ថ្នូរ​មកវិញ បាន​បញ្ជូន​មូលនិធិ​តាមរយៈ​ឈ្មោះ ម៉ា​ម៉ាត់ អា​ម៉ាត់ ជា​ជនជាតិ​ម៉ាឡេស៊ី ដែល​តាម​សេចក្តីរាយការណ៍ គឺជា​អ្នកដឹកនាំ​ផ្ទៃក្នុង​នៃ​រចនាសម្ព័ន្ធ​ទីបញ្ជាការ​នៅ​ក្រុង​ម៉ា​រ៉ាវី​។

​យោងតាម​របាយការណ៍ លោក​បណ្ឌិត ម៉ា​ម៉ាត់ គ្រប់គ្រង​ការជ្រើសរើស​អ្នក​ប្រយុទ្ធ​ក៏ដូចជា​ផ្តល់​ហិរញ្ញប្បទាន និង ជា​មនុស្ស​សម្រាប់​ធ្វើការ​ទាក់ទង ចំពោះ​ជនបរទេស​ណា​ដែល​ចង់​ចូលរួម​ក្រុមចម្រុះ​គាំទ្រ IS ក្នុង​ហ្វីលីពីន​។ ការសម្រេចចិត្ត​យុទ្ធសាស្ត្រ​នៅលើ​គោក គឺធ្វើឡើង​ដោយ​ក្រុម​មេបញ្ជាការ IS ហ្វីលីពីន ខ្លួនឯង​ផ្ទាល់​។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ព្រមាន​ថា រដ្ឋាភិបាល​នានា​ត្រូវ​គិតគូរ​អំពី​តួនាទី​របស់​ជនជាតិ​មកពី​អាស៊ីអាគ្នេយ៍​នៅក្នុង​រដ្ឋ​អ៊ីស្លាម រួមទាំង​បណ្ឌិត ម៉ា​ម៉ាត់ ក៏ដូចជា​ជនជាតិ​ឥណ្ឌូនេស៊ី​ក្នុង​ស៊ី​រី ថា​តើ​អាច​នឹង​ដើរតួ​ជា​អ្វី​ក្នុង​សេណា​រី​យ៉ូ​ក្រោយ​សមរភូមិ​នៅ​ម៉ា​រ៉ាវី តើន​រណា​ទំនង​នឹង​ចូល​ជំនួស​កន្លែង​ពួកគេ ប្រសិនបើ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន ឬ សម្លាប់ និង​ថា​តើ​មណ្ឌល IS ថ្មី​នៅក្នុង​តំបន់ អាច​លេច​ឡើងមក​ទេ ទាំង​ក្នុង​ហ្វីលីពីន និង កន្លែង​ផ្សេងទៀត ក្នុង​អាស៊ីអាគ្នេយ៍​។​

​តាម​ការព្យាករណ៍ ជនជាតិ​ឥណ្ឌូនេស៊ី ២០ នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​បរទេស​ក្នុង​ក្រុង​ម៉ា​រ៉ាវី ហើយ​ប្រសិនបើ​ការព្យាករណ៍​នេះ​ត្រឹមត្រូវ នោះអាជ្ញាធរ​ឥណ្ឌូនេស៊ី​ត្រូវតែ​ពិចារណា​អំពី​សេណា​រី​យ៉ូ​គួរឱ្យ​បារម្ភ​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ផ្សែងហុយ​ក្នុង​ក្រុង​ម៉ា​រ៉ាវី ដែលមាន​ការប្រយុទ្ធ​គ្នា​រវាង​ពួក​គាំទ្រ​អាយ​ស៊ី​ស​និង​ទាហាន​ហ្វីលីពីន