ការអង្កេត​៖ មុខមាត់​អាមេរិក​កាន់តែ​អាក្រក់​ឡើង​នៅក្រោម​ការដឹកនាំ​របស់​ត្រាំ​

1039
ចែករម្លែក
  • 26
    Shares

រូបភាពរបស់សហរដ្ឋអាមេរិកកាន់តែយ៉ាប់យ៉ឺនឡើងក្នុងចំណោមសម្ពន្ធមិត្តជាប្រពៃណីរបស់ខ្លួន នៅពេលតែមួយឆ្នាំក្រោយប្រធានាធិបតីដូណាល់ ត្រាំ ចូលកាន់តំណែងនិងការវាយប្រហារដោយសម្តីលើប្រទេសដូចជាកាណាដា និងអាល្លឺម៉ង់, នេះបើតាមការអង្កេតមួយបានបង្ហាញ។

ការអង្កេតនៅ២៥ប្រទេសដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវPew Research Centreក៏បានបង្ហាញថា ពួកអ្នកឆ្លើយតបមកពីទូទាំងសកលលោកមានជំនឿចិត្តតិចឡើងលើលទ្ធភាពរបស់ត្រាំដើម្បីដឹកនាំពួកគេបានល្អគ្រាន់បើជាង ប្រធានាធិបតីរុស្ស៊ីលោកពូទីននិងប្រធានាធិបតីចិន។

ចាប់តាំងពីចូលកាន់តំណែងកាលពីខែមករាឆ្នាំ២០១៧ លោកត្រាំបានដកប្រទេសលោកចេញពីកិច្ចព្រមព្រៀងអន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីសនិងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្យាយាមធ្វើល្អតែគំនិតអាក្រក់ដាក់មេដឹកនាំផ្តាច់ការដូចជាលោកពូទីននិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ព្រមទាំងរិះគន់ប្រទេសជិតខាងរបស់លោកនិងសម្ពន្ធមិត្តណាតូ។

កាលពីសប្តាហ៍មុន លោកត្រាំបានបង្កសំណើចក្នុងចំណោមមេដឹកនាំពិភពលោក នៅពេលលោកអះអាងថាបានសំរេចសមិទ្ធិផលច្រើននៅក្នុងរយៈពេលកាន់តំណែងនៅសេតវិមានរបស់លោក គឺច្រើនជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់ក្នុងប្រវត្តិរដ្ឋការអាមេរិក

កាលពីខែមិថុនា បន្ទាប់ពីជំនួបកំពូលG7នៅកាណាដា លោកត្រាំមិនព្រមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជាមួយបណ្តាសម្ពន្ធមិត្តអាមេរិក ដោយបានថ្កោលទោសម្ចាស់ផ្ទះកាណាដា លោកនាយករដ្ឋមន្រ្តី ចាស្ទីន ទ្រុយដូ ថាជាមនុស្ស”មិនស្មោះនិងទន់ខ្សោយ”។

លោកក៏បានវាយប្រហាររិះគន់អាល្លឺម៉ង់ជារឿយៗចំពោះផលលើសខាងពាណិជ្ជកម្ម ចំណាយយោធាទាបនិងការពឹងលើហ្គាសរបស់រុស្ស៊ី។

ការអង្កេតបង្ហាញថា មុខមាត់អាមេរិក បានធ្លាក់ចុះនៅក្នុងប្រទេសជាច្រើននៅក្នុងឆ្នាំ២០១៨ ជាពិសេសនៅអឺរ៉ុប។អ្នកឆ្លើយតបអាល្លឺម៉ង់តែ៣០ភាគរយគាំទ្រទស្សនៈរបស់អាមេរិក ដោយចុះ៥ពិន្ទុះពីឆ្នាំមុន។អ្នកឆ្លើយតបបារាំងតែ៣៨ភាគរយនិងកាណាដា៣៩ភាគរយបាននិយាយថាពួកគេយល់ឃើញថាទស្សនៈរបស់អាមេរិកមានលក្ខណៈវិជ្ជមាន។

ប្រទេសដែលមានទស្សនៈវិជ្ជមានបំផុតអំពីអាមេរិក រួមមានអ៊ីស្រាអែល ហ្វីលីពីននិងកូរ៉េខាងត្បូង ដោយទាំងអស់សុទ្ធតែមានចំនួនគាំទ្រ៨០ភាគរយឬលើនេះ។

អ្នកឆ្លើយតបអេស្ប៉ាញតែ៧ភាគរយ បារាំង៩ភាគរយនិងអាល្លឺម៉ង់១០ភាគរយបាននិយាយថាពួកមានជំនឿលើភាពជាអ្នកដឹកនាំរបស់ត្រាំ។

គ្រប់ប្រទេស អ្នកឆ្លើយដែលថាពួកគេមានជំនឿចិត្តលើត្រាំជាមធ្យមមាន២៧ភាគរយ ខណៈជំនឿចិត្តលើលោកពូទីនមាន៣០ភាគរយនិងលើប្រធានាធិបតីចិន ស៊ី ជីនពីងមាន៣៤ភាគរយ។

អធិការបតីអាល្លឺម៉ង់ជាមេដឹកនាំតែម្នាក់គត់ដែលមានការគាំទ្រខ្លាំង គឺ៥២ភាគរយមានជំនឿចិត្តលើលោកស្រី។បន្ទាប់មកប្រធានាធិបតីបារាំង នៅចំណាត់ថ្នាក់ទី២គឺ៤៦ភាគរយ។

ប្រទេសសម្ពន្ធមិត្ត មើលឃើញគោលជំហររបស់រដ្ឋការត្រាំអំពីសេរីភាពស៊ីវិលថាមិនល្អ ដោយមនុស្សភាគច្រើននៅកាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្រ្តាលីនិងម៉ុកស៊ិច និយាយថារដ្ឋាភិបាលអាមេរិកមិនគោរពសេរីភាពបុគ្គលរបស់ប្រជាជនខ្លួន៕ដោយ៖វាសនា