ការអនុគ្រោះបង់ពន្ធប្រថាប់ត្រា តែមួយដងចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យច្រើនដង នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

1387
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

ភ្នំពេញ៖ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ការផ្តល់ការអនុគ្រោះពន្ធលើការបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរ​កម្មសិទ្ធិអចលនទ្រព្យច្រើនដង ដែលបានចុះបញ្ជីរួច នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ។ នេះបើតាមការបង្ហាញឲ្យដឹងក្នុងពិធីផ្សាព្វផ្សាយបន្ត ផ្តល់អនុគ្រោះ​បង់ពន្ធប្រថាប់ត្រា តែមួយដងចំពោះការផ្ទេរកម្មសិទ្ធិ​អចលន​ទ្រព្យដែល​បានចុះបញ្ជីរួច ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមមានវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកកែម សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងថា៖ ដោយពិនិត្យឃើញពីការលំបាក​របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយ​សម្រួលដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាល នៃការផ្ទេរអ​ចលនទ្រព្យ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះ​បង់ពន្ធប្រថាប់ត្រាតែមួយដង លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមថ្នាក់សង្កាត់ខណ្ឌ ។លោកបញ្ជាក់ថា៖ ចំពោះសុពលភាព នៃការអនុវត្ត គឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។ ដូច្នេះ ក្នុងនាម​យើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោកអភិបាលរាជធានីបានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់បើកការប្រជុំតាមភូមិ ហើយរដ្ឋបាលរាជធានីភ្នំពេញ​ ត្រូវធ្វើលិខិតជំនួយស្មារតីទៅភូមិ ដើម្បីផ្សព្វផ្សាទៅប្រជាពលរដ្ឋ សំខាន់កុំជះទឹកដាក់គ្នា យើងជ្រកក្នុងតំបូលតែមួយត្រូវ​តែរួមគ្នា​ធ្វើការងារនេះឲ្យបានល្អ ។ ក្រោយការប្រជុំផ្សព្វផ្សាយឲ្យប្រជាជនបានដឹងឮដល់កម្រិតណាហើយនោះ អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍​មកក្រុងវិញ ដើម្បីយើងរាយការណ៍ ពីការងាររបស់យើងទៅក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង បានធ្វើការណែនាំថា កន្លងមកនេះមានមន្ត្រីសុរិយោដីនៅខណ្ឌ វាស់វែងដីជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ហើយមានមន្ត្រីខ្លះមានការទាលុយគេថែមទៀត ។ លោក បានបន្តថា៖ “បើការទាលុយគេ ចំកន្លែងក្តៅវាក្តៅហើយ សូមឲ្យប្រយ័ត្ន​ប្រយែងខ្លួន ល្មមដល់ពេលត្រូវលាត់ជើងខោ ចុះជួយប្រជាពលរដ្ឋហើយ កុំបង្កការលំបាកឲ្យប្រជាពលរដ្ឋទៀត”។លោកអភិបាលរាជធានី ស្នើឲ្យ​លោកចៅសង្កាត់ចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ យើងជួយ​ប្រជាពលរដ្ឋឲ្យចំគោល​ដៅដែល​ពួកគាត់ចង់បាន។ សម្រាប់កម្មវិធីថ្ងៃនេះចៅសង្កាត់ត្រូវធ្វើការផ្សព្វ ផ្សាយឲ្យពួក គាត់បានយល់ដឹង ដើម្បីឱ្យ​ពួកគាត់​ទៅបង់ព័ន្ធចុងក្រោយ។

ក្នុងពីធីនោះដែរលោកកែម សម្បត្តិ បានលើកឡើងថា៖ អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋាភិបាល ក្នុងការប្រមូលពន្ធដើម្បីផលប្រយោជន៍ថ្នាក់ក្រោមជាតិ ដូច្នេះថ្នាក់ក្រោមជាតិត្រូវប្រឹងប្រែង ដើម្បីបានលុយមកអភិវឌ្ឍ​មូលដ្ឋានរបស់ខ្លួន ។ ការប្រមូលពន្ធត្រូវបង្កភាពងាយស្រួលឲ្យពួកគាត់ នៅពេលពួកគាត់មកបង់ព័ន្ធនិងធ្វើឲ្យអស់សក្តានុពល និងជំរុញដាក់សេចក្តីប្រកាស់ ទៅដល់អ្នកជាប់ពន្ធ ។លោកបន្តទៀតថា៖ អគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានភាពងាយស្រួល ឲ្យអ្នកបង់ពន្ធ រួចហើយដែរ ដូចជាការបង់ព័ន្ធតាម​ធនាគារជាដើម។