ការអនុញ្ញាត​បង្កើត​ដេប៉ូ​និង​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​មេមត់​កោះហៅ​មន្ត្រី​កសិកម្ម​៥​នាក់​

559
ចែករម្លែក

ដោយ​: គង់​ហេង​/​ត្បូងឃ្មុំ​: ជុំវិញ​សំណុំរឿង​ការអនុញ្ញាត​បង្កើត​រោង​សន្និធិ​ឈើ​(​កន្លែង​អាជីវកម្ម​ឈើ​) នៅ​កណ្តាល​ព្រៃ​ក្បែរ​ព្រំដែន​វៀតណាម​ក្នុងស្រុក​មេមត់​ជាច្រើន​កន្លែង​គ្មាន​ប្រជាពលរដ្ឋ​រស់នៅ និង​បទល្មើស​ព្រៃឈើ​។​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បទល្មើស​ធនធានធម្មជាតិ​បាន​កោះហៅ​មន្ត្រី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ចំនួន​ប្រាំ​នាក់​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩​។​

ប៉ុន្តែ​តាម​ការដឹង​ពី​មន្ត្រី​នៃ​ក្រុមការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បានបញ្ជាក់​ប្រាប់ឱ្យដឹង​នាពេល​ថ្មីៗ​នេះ​ថា ក្នុងចំណោម​មន្ត្រី​ទាំង​ប្រាំ​នាក់​មាន​ពីរ​នាក់​បាន​ចូលទៅ​បំភ្លឺ​គឺ​លោក ហេង ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​និង​ម្នាក់ទៀត​ជា​អនុប្រធាន​មន្ទីរ​លោក​ស៊ឹម​ធី​។​

​ប្រភពព័ត៌មាន​នោះបាន​និយាយថា​ចំណែក​មន្ត្រី​បីនាក់​ទៀត​គឺ​លោក​គឹម​ឈុនលី​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​លោក​យី​សុខ​ហេង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​មេមត់​និង​លោក​កែវ​កុសល​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​មិនឃើញ​ចូលទៅ​បំភ្លឺ​តាម​លិខិត​កោះ​ឡើយ​។​ដោយ​ល្បី​ថា​ពួកគេ​បាន​រត់គេចខ្លួន​ទំនងជា​ភ័យខ្លាច​ការចាប់​ឃុំ​។​

លោក​ហេង​ពិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​រួចហើយ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៥​កញ្ញា​ឆ្នាំ​២០១៩​ថា​មន្ត្រី​ទាំងបី​នាក់​ពិតជា​មិនបាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ពិតប្រាកដ​មែន គឺ​ពួកគាត់​មាន​ជំងឺ​មិន​គេចវេស​ទេ​។​

​គួរ​បញ្ជាក់ថា​កាលពី​ក្នុង​រង្វង់​ខែកក្កដា​ឆ្នាំ​២០១៩​គឺ​បន្ទាប់ពី​ការចាប់ខ្លួន​លោក​ឧកញ៉ា​សឹង​សំអុល​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​រោង​សន្និធិ​ឈើ​ឬ​ដេប៉ូ​ឈើ​ក្នុង​ទឹកដី​ស្រុក​មេមត់​ពិសេស​នៅ​ដេប៉ូ​ឈើ​ដែល​បង្កើត​នៅក្បែរ​តំបន់​ព្រំដែន​វៀតណាម​។​

ក្នុង​នោះបាន​រកឃើញ​ដេប៉ូ​ឈើ​ចំនួន​ប្រាំ​កន្លែង​នៅក្នុង​ស្រុក​មេមត់​ដែល​សង្ស័យថា​មានការ​អនុញ្ញាត​បង្កើត​រោង​សន្និធិ​ឈើ​កណ្តាល​ព្រៃ ក្បែរ​ព្រំដែន គ្មាន​ប្រជាជន​រស់នៅ និង​បទល្មើស​ព្រៃឈើ​។ ដើម្បី​ដំណើរការ​ស៊ើបអង្កេត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​និង​ច្បាស់លាស់​ត្រឹមត្រូវ​សមត្ថកិច្ច​ហៅ​ដំបូង​ម្ចាស់​ដេប៉ូ​ឈើ​ឈ្មោះ​ស៊ីវ​សន​និង​ឈ្មោះ​ឡាយ​គឹម​ស្រ៊ា​ន់​។​

ដោយ​ឈ្មោះ​ស៊ីវ​សន​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​ជាមួយ​ឧកញ៉ា សឹង សំអុល ដែរ​។ រីឯ​ឈ្មោះ ឡាយ គឹម​ស្រ៊ា​ន់ បានគេច​ខ្លួន​៕S/​

#