ការអនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព​ទើប​លុបបំបាត់​បទល្មើស​គ្រឿងញៀន​បាន​

564
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ខេត្តកំពត​បានបញ្ជាក់​ថា​មានតែ​ការអនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព​របស់​សមត្ថកិច្ច​និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ប៉ុណ្ណោះ​ទើប​អាច​ឈានទៅ​លុបបំបាត់​បទល្មើស​ចែកចាយ​គ្រឿងញៀន​បាន​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីអំពី​ការត្រួតពិនិត្យ​គ្រឿងញៀន​រៀបចំ​ដោយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នាទី​អារាម​វត្ត​អង្គ​សុរភី​ស្ថិតនៅ​ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩​លោកស្រី​យូ​សុគន្ធ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​គ្មាន​ការយោគយល់​មិន​លម្អៀង​ជា​វិធាន​ល្អ​បំផុត​ក្នុងការ​លុបបំបាត់​បទ​ល្មើស​គ្រឿងញៀន​។​

ក្នុងនាម​ជាម​ន្ត្រី​សមត្ថកិច្ច​រាល់ពេល​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ត្រូវ​កសាង​សំណុំរឿង​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​បទល្មើស​។​បើ​ជនសង្ស័យ​ស្ថិតក្នុង​ទិដ្ឋភាព​ជាក់ស្តែង​ជា​អ្នកជួញដូរ​នោះ​មិនត្រូវ​បង្វែ​សំណុំរឿង​ថា​ករណី​ប្រើប្រាស់​ដែលនាំឱ្យ​ជន​ប្រព្រឹត្ត​មិន​ខ្លាចរអា​ឬ​រៀងចាល​ពិសេស​អាច​គេច​ផុតពី​ការទទួល​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​នោះទេ​។

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា​យ៉ាងណាមិញ​ស្ថាប័ន​តុលាការ​ក៏ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​ទាក់ទិន​នឹង​បទល្មើស​របស់​អ្នកប្រព្រឹត្ត​ដោយ​ធ្វើការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ​រក​អង្គហេតុ​ឱ្យ​ជាក់លាក់​ផ្អែក​តាម​សំណុំរឿង​។គឺ​មិនមែន​សមត្ថ​កិច្ចខិតខំ​បង្ក្រាប​ហើយ​បែរជា​តុលា​ការលែង​ព្រោះតែ​ឆន្ទានុសិទ្ធិ​នោះឡើយ​។​ការ​អនុវត្តបាន​ត្រឹមត្រូវ​នូវ​កត្តាចាំបាច់​ទាំងនេះ​ជា​ចំណែក​សំខាន់​ដើម្បី​ឈានទៅ​លុបបំបាត់​បទល្មើស​ចែកចាយ​គ្រឿងញៀន​។

​ជាមួយគ្នានេះដែរ​លោកស្រី​យូ​សុគន្ធ​ក៏បាន​អំពាវនាវ​ដល់​យុវជន​យុវនារី​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ខ្លូន​ឱ្យ​ក្លាយជា​អតិថិជន​របស់​អ្នក​ចែកចាយ​រហូត​រង​ការបំផ្លាញ​ដល់​សុខភាព​បាត់បង់​អនាគត​បង្ក​មហន្តរាយ​ចំពោះ​គ្រួសារ​និង​សង្គម​នោះទេ​។​

សូម​យុ​វ័យ​ទាំងអស់​កុំ​សាកល្បង​នឹង​គ្រឿងញៀន​ហើយ​យក​ពេលវេលា​មក​ចំណាយ​លើ​ការសិក្សា​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ក្នុង​កិច្ចការ​អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​។​

​សូមបញ្ជាក់ថា​ពិធី​ដូចគ្នានេះ​ក៏បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ឈូក​នា​រសៀល​ថ្ងៃ​ដដែល​ក្រោម​ការចូលរួម​ពី​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​៣០០​នាក់​៕S/​