ដោយបូកគោ/កែបៈរាល់ការអនុវត្តគម្រោងដោយអនុលោមតាមអនុសារណៈយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានព្រមទាំងការផ្សព្វផ្សាយស្របតាមMOUគឺជាការបង្កើនក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលទាំងពីរឱ្យកាន់តែប្រសើរឡើង។នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។
នាកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសរួមលើកទី១១នៅសណ្ឋាគារកែបបេយ៍ខេត្តកែបក្រោមអនុសារណៈយោគយល់គ្នារវាងកម្ពុជា-ថៃស្តីពីសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងការផ្សព្វផ្សាយលោកខៀវកញ្ញារីទ្ធបានមានប្រសាសន៍ថារាល់ការអនុវត្តគម្រោងដោយអនុលោមតាមអនុសារណៈយោគយល់គ្នារវាងកម្ពុជានិងថៃ។ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានព្រមទាំងការផ្សព្វផ្សាយស្របតាមMOUគឺជាការជួយបង្កើនក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
តាមរបាយការណ៍វឌ្ឍនភាពពីភាគីទាំងពីររហូតមកដល់បច្ចុប្បន្នដំណើរការវិវត្តន៍រីកចម្រើនជាច្រើនត្រូវបានធ្វើឡើងដោយអនុលោមតាមអនុសារណៈយោគយល់មួយនេះដូចជាការដោះដូរកម្មវិធីផ្សាយតាមវិទ្យុ និងទូរទស្សន៍ ការដោះដូរអត្ថបទ និងរូបភាព ការដោះដូរក្រុមផលិតកម្មវិធីរាយការណ៍ព័ត៌មាន និងរក្សាទុកឯកសារព្រមទាំងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីបានបន្តថាភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងបណ្តាខេត្តរបស់ប្រទេសកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែន ពិសេសកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីផ្សាយរបស់វិទ្យុ(Twin Radio Program)នៅតាមព្រំដែន។ ក្នុងនោះខេត្តពីររបស់កម្ពុជា រួមមានខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបបានដំណើរការផ្សាយវិទ្យុ(TwinRadioProgram)យ៉ាងរលូនជាមួយនឹងតំបន់ទី២របស់ប្រទេសថៃខណៈខេត្តព្រះវិហារបានរៀបចំរួចជាស្រេចដែលនឹងចាប់ដំណើរការផ្សាយកម្មវិធីក្នុងពេលដ៏ខ្លីខាងមុខ។
លោកខៀវកញ្ញារីទ្ធបានក្រើនរំលឹកថាបណ្តាខេត្តដទៃទៀតនៅតាមបណ្តោយព្រំដែនត្រូវធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីអនុវត្តនូវគម្រោងដូចគ្នានេះក្នុងបំណងឱ្យប្រជាពលរដ្ឋនៃខេត្តទាំងនោះទទួលបាននូវព័ត៌មានអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងពាណិជ្ជកម្មសម្រាប់ប្រទេសជិតខាងរបស់ខ្លួន ដើម្បីជាប្រយោជន៍ក្នុងការស្វែងរកចំណូលលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ៕S/