ការអប់រំ​បេតិកភណ្ឌ​ដល់​កុមារ​ជំរុញ​ការយល់ដឹង​ផ្នែក​វប្បធម៌

609
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ជាការ​រួមចំណែក​ជាមួយ​វិស័យ​អប់រំ​ក្នុងការ​បណ្តុះបណ្តាល​កុមារ​ឱ្យ​ស្គាល់​ពី​ប្រាង្គ​ប្រាសាទ ប្រវត្តិ​ភូមិសាស្ត្រ និង​វប្បធម៌​ប្រពៃណី​ក្នុង​តំបន់ អាជ្ញាធរ​ជាតិ​អប្សរា បាន​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​អំពី​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន​២០០​នាក់​។​

ការបណ្តុះបណ្តាល​នេះ គឺ​​ដើម្បី ឱ្យ​ស្គាល់​និង ចូលរួម ថែរក្សា ការពារ​បុរាណ​ដ្ឋា​ន ទំនៀមទម្លាប់ ជំនឿ​សាសនា និង​បរិស្ថាន​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។​

​មេរៀន​សំខាន់ៗ​នៅក្នុង​កម្មវិធី​និយាយ​អំពី​ប្រវត្តិ​និង​ភូមិសាស្ត្រ​នៃ​ភូមិ​ស្វាយចេក តួនាទី​កុមារ​ក្នុងការ​រួមចំណែក​ថែរក្សា​បុរាណ​ដ្ឋា​ន​ក្នុងភូមិ និង​ការអប់រំ​បរិស្ថាន ដែល​បង្រៀន​ដោយ​អ្នកជំនាញ​បុរាណវិទ្យា​និង​អ្នកជំនាញ​បរិស្ថាន មាន​លក្ខណៈសាមញ្ញ ខ្លីៗ ងាយ​យល់ និង​ងាយ​អនុវត្តតាម​សមស្រប​តាម​កម្រិត​ថ្នាក់ រួមទាំង​ការយល់ដឹង​របស់​កុមារ​។ លើសពីនេះ ក្រុមការងារ​ក៏បាន​យក​សៀវភៅ​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ទូទៅទំនៀមទម្លាប់​ប្រពៃណី ប្រវត្តិសាស្ត្រ បំ​និ​ន​ថ្មីៗ​រក្សាទុក​ក្នុង​បណ្ណាល័យ​របស់​សាលា សម្រាប់​សិស្ស​អាន​បង្កើន​ចំណេះដឹង​និង​កម្សាន្ត​ផងដែរ​។

​ថ្លែង​ក្នុង​កម្មវិធី​លោកស្រី ញ៉េប សា​យឿន នាយិកា​សាលាបឋមសិក្សា​ស្វាយចេក​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​បង្កើត​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង បើទោះបី​មាន​រយៈពេល​ខ្លី តែ​បាន​បន្ថែម​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ជំនឿ​អ្នកស្រុក​ដល់​កុមារ​នៅទីនេះ​បាន​ស្គាល់ ហើយ​អាច​សង្កេត​បាន​ពេល​គេ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទាំងនោះ​។​

​លោកស្រី​បន្តថា ការអប់រំ​បេតិកភណ្ឌ​ដល់​កុមារ ជំរុញ​ការយល់ដឹង ការស្រឡាញ់​មរតក​វប្បធម៌​ក្នុងភូមិ ដែល​កត្តា​នេះ​ទាមទារ​ការជួយ​ពី​សហគមន៍​និង​អ្នកជំនាញ​បុរាណវិទ្យា​បន្ថែម​លើ​ម៉ោង​សិក្សា ព្រោះ​កម្មវិធី​អប់រំ​អនុវត្តតាម​ក្រសួង​កំណត់ មិនសូវមាន​ពេល​វេលា​ច្រើន ចំណែក​សមត្ថភាព​រប​ស់លោក​គ្រូ​អ្នកគ្រូ​ក៏​នៅមានកម្រិត មិនសូវ​យល់​ច្បាស់​ដូច​អ្នកជំនាញ​ដែលមាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​នោះទេ​។ ពិសេស ការ​នៅ​បន្ត​ទំនៀម​របស់​អ្នកស្រុក​ក្នុង​សហគមន៍ ការណែនាំ​ពី​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ ការគាំទ្រ​ពី​គ្រួសារ ក៏​ជា​កត្តា​សំខាន់​ក្នុង​ការឱ្យ​កុមារ​ចងចាំ ស្គាល់ បានឃើញ និង​បណ្តុះ​គំនិត​ពួកគេ​ឱ្យ​ថែរក្សា​និង​ស្រឡាញ់​មរតក​វប្បធម៌​ទាំងនោះ​ដោយ​ឯកឯង​ដែរ​៕​B/

#