ការអប់រំ​សុខ​ភាពជា​កត្តា​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​កាយសម្បទា​ស្មារតី​និង​លទ្ធផល​សិក្សា​របស់​សិស្ស​

462
ចែករម្លែក
  • 5
    Shares

​ដោយៈ​សុផល​ភ្នំពេញៈ​”​ការគិតគូរ​ពី​សុខភាព​កុមារ​និង​យុវវ័យ​ជា​កត្តាចាំបាច់​ដែល​សាលារៀន​និង​មាតាបិតា​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​កាយសម្បទា​ស្មារតី​និង​លទ្ធផល​ការសិក្សា​របស់​សិស្សានុសិស្ស​កាន់តែ​ប្រសើរឡើង​”​។​

​នេះ​ជាការ​លើកឡើង​របស់លោក តែ ឡាយ ប្រធាន​នាយក​អប់រំ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ការចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​អង្គការ រ៉ា​ក់លើ​កម្មវិធី​អប់រំ​សុខភាព​បន្ត​និង​មន្ទីរ​សម្រាក​ព្យាបាល​រោគ​កុមារ​ម៉ាក់​ស៊ី​ឃែ​រលើ​កម្មវិធី​អប់រំ​សុខភាព​កុមារ នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ដូនពេញ នា​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​។​

​លោក​បាន​បន្ថែមទៀតថា​កម្មវិធី​អប់រំ​សុខភាព​សិក្សា​ជួយ​គាំទ្រ​និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​និង​អប់រំ​ចំណេះ​សុខភាព​ដឹង​ទូទៅ​ចំណែក​កម្មវិធី​ប្រឹក្សា​យោបល់​ជា​កម្មវិធី​ផ្តល់​ការប្រឹក្សា​យោបល់​ផ្នែក​អប់រំ (Learning to Learn) សុខភាព​ផ្លូវចិត្ត (Learning to Live) និង​មុខជំនាញ​ការងារ (Learning to work)​។

កម្មវិធី​ទាំងពីរ​នេះ​ត្រូវបាន​ដំណើរ​ពេញលេញ​ឆ្នាំ​២០១៨​ក្នុង​គោលបំណង​លើកកម្ពស់​សុខា​ភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត​របស់​សិស្សានុសិស្ស ដើម្បី​ទទួលបាន​លទ្ធផល​ការសិក្សា​ល្អ ជោគជ័យ​ក្នុង​ការងារ និង​មាន​ទំនាក់ទំនង​ក្នុងសង្គម​។​ការដាក់​បន្ថែម​កម្មវិធី​ខាងលើនេះ​គឹ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោកស្រី ឆាយ គឹម​សុទ្ធា​វី ប្រធាន​នាយកដ្ឋាន នៃ​នាយកដ្ឋាន​អប់រំ​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថាៈ​សុខភាព​ខាង​កាយសម្បទា​និង​ស្មារតី​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ​ដើម្បី​លូតលាស់​និង​អភិវឌ្ឍ​ខ្លួន​របស់គេ​។​លោកស្រី​បាន​បញ្ជាក់ថា​៖​កម្មវិធី​អប់រំ​សុខភាព​សិក្សា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​និង​អប់រំ​ចំណេះ​សុខភាព​ដឹង​ទូទៅ​ដល់​សិស្ស​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការអប់រំ​សុខភាព​ដែលជា​ប្រភព​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​។​លោក​ប៉ិច​បូ​ឡែ​ន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​មានប្រសាសន៍ថាៈ​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​និង​អង្គការ​រ៉ា​ក់លើ​កម្មវិធី​អប់រំ​សុខភាព​បន្ត​ពូជ​និង​មន្ទីរ​សម្រាក​ព្យាបាល​រោគ​កុមារ​ម៉ាក់​ស៊ី​ឃែ​រលើ​កម្មវិធី​អប់រំ​សុខភាព​កុមារ​នេះ​នឹង​បណ្តុះបណ្តាល​ដល់​លោកគ្រូ​អ្នកគ្រូ​អំពី​វិធីសាស្ត្រ​អប់រំ​ទាក់ទង​សុខភាព​ផ្លូវកាយ ស្មា​តី និង​ផ្លូវចិត្ត​ហើយ​លោកគ្រូ​អ្នកគ្រូ​នឹង​បន្ត​អប់រំ​ទៅដល់​សិស្ស​។​

​សូមបញ្ជាក់ថា​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​ណ​ត្ស​ឡាញ​ន៍​ចាប់ផ្តើម​ដំណើរ​ក្នុង​ឆ្នាំ​២០០៨​ហើយ​រហូត​ដល់ពេល​ប​ន្ចុ​ប្បន្ន​នេះ​មាន​សិស្ស​ចំនួន​ប្រមាណ ១២ ០០០ (​មូ​យ​ម៉ឺន​ពីរពាន់​នាក់​) និង​មាន​១០​សាខា ក្នុង​រាជធានី​ភ្នំពេញ​។ សាលារៀន​នឹង​អនុវត្ត​កម្មវិធីសិក្សា​គោល កម្មវិធីសិក្សា​អម និង​កម្មវិធីសិក្សា​បន្ថែ​ម ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​គ្រប់​ចំណុច ជាពិសេស​ចំណេះដឹង និង​ជំនាញ​សម្រាប់​សតវត្ស​ទី ២១ (21st Century Skills) ។

​ជាពិសេស​ជំនាញ​ទំនាក់ទំនង ជំនាញ​ធ្វើការ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​ការគិត​វិភាគ​បែប​ស៊ីជម្រៅ​(4 Cs: Communication, Collaboration, Creativity and Critical Thinking)​ភាសា​ចិន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​យុវជន​និង​សហគ្រិនភាព​ដែលជា​បំ​ណិ​ន​ជីវិត​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ក្នុង​ការងារ​អាជីវកម្ម និង ការរស់នៅ​នាពេល​អនាគត ។

​ទន្ទឹមនឹង​នេះដែរ ចំណេះដឹង និង​ជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​សិល្បៈ​(STEM&Arts)​ជំរុញឱ្យមាន​ការផ្លាស់​ប្តូរ​បទពិសោធ​ដល់​សិស្សានុសិស្ស​តាមរយៈ​ការបោះ​ជំរំ​នៅតាម​បណ្តា​ប្រទេស​នានា​នៃ​សហគមន៍​អាស៊ាន​និង​ប្រទេស​ដទៃទៀត​ព្រមទាំង​ការស្វែងរក​សាលារៀន​ជា​ដៃគូ​ក្នុងស្រុក និង​នៅ​បរទេស ដើម្បី​ផ្តល់​អាហារូបករណ៍ ដល់​សិស្សានុសិស្ស​គ្រប់​សាខា ៕S/

ចំណងជើង​រូ​បថ​តៈ ពិធី​ការចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​អង្គការ រ៉ា​ក់ លើ​កម្មវិធី​អប់រំ​សុខភាព​បន្ត និង​មន្ទីរ​សម្រាក​ព្យាបាល​រោគ​កុមារ ម៉ាក់​ស៊ី​ឃែ​រ លើ​កម្មវិធី​អប់រំ​សុខភាព​កុមារ (​រូបៈ​សុផល​)