ការអភិវឌ្ឍន៍​ដោយ​បៃតង​ក្លាយជា​គំនិត​ឯកភាពគ្នា​ក្នុងសង្គម​ចិន​

314
ចែករម្លែក

កាលពី​ថ្ងៃទី ២៧ ដល់ទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ វេទិកា​វាល​ខ្សាច់​អន្តរជាតិ ឃូ​ពូ​ឈី លើក​ទី ៧ បានប្រារឰ​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ក្នុង ។ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រយៈ​ពេល ៣០ ឆ្នាំ វាល​ខ្សាច់​ឃូ​ពូ​ឈី​ក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង​មាន​ទំហំ​មួយ​ភាគបី​បានក្លាយ​ទៅជា​ទឹកដី​បៃតង ហើយ​ក្លាយទៅជា​វាល​ខ្សាច់​តែមួយគត់ ដែល​ត្រូវបាន​គ្រប់គ្រង និង​ដោះស្រាយ​ជាទូទៅ​លើ​ពិភពលោក ។ បច្ចុប្បន្ន ទស្សនៈ​អភិវឌ្ឍន៍​ដោយ​បៃតង​បាន​ជ្រៀត​ចូលក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​ចិន ចំណែក​គុណភាព​បរិស្ថាន​ចិន​ក៏បាន​ត្រូវ​កែលម្អ​ជា​បន្តបន្ទាប់​ដែរ ។​

-​មេឃ​កាន់​តែមាន​ពណ៌​ខៀវ​
​លោក កៅ សៀង រស់នៅក្នុង​ក្រុង​ប៉េកាំង​យូរ​ឆ្នាំ​ហើយ ។ លោក​បាន​ប្រាប់​អ្នកកាសែត ថា “​កាល​មុន ពេល​ធ្លាក់ភ្លៀង យើង​ត្រូវ​រក​កន្លែង​ភៀសខ្លួន បើ​ពុំ​នោះទេ មុខជា​នឹង ប្រឡាក់​ភក់​លើ​ខ្លួន ។ តែ​សព្វថ្ងៃ ទឹកភ្លៀង​ស្អាត​ជាង​មុន ។ ក្នុងអំឡុងពេល​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ សាលា​រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​ចាត់វិធានការ​មួយចំនួនធំ​ដើម្បី​ជំរុញ ការប្រើប្រាស់​ថាមពល​ស្អាត ដូចជា​យក​ឧស្ម័ន និង​អគ្គិសនី​ជំនួស​ធ្យូងថ្ម​ជាដើម ។ ដង់ស៊ីតេ PM២,៥ ប្រចាំឆ្នាំ​ជា​មធ្យម​បាន​ធ្លាក់ចុះ ៤៣,៣% ចំណែក​ចំនួន​ថ្ងៃ​ដែលមាន គុណភាព​ខ្យល់អាកាស​ស្រប​នឹង​ស្តង់ដារ​ក្នុង​មួយឆ្នាំ​បាន​កើនឡើង​ពី ១៧៥ ថ្ងៃ ដល់ ២២៧ ថ្ងៃ ។​

​ក្រោយពី​ប្រទេស​ចិន​អនុវត្ត​“​ផែនការ​សកម្មភាព​ស្តី​ពី​ការគ្រប់គ្រង​ការបំពុល​បរិស្ថាន​ខ្យល់អាកាស​”​នៅ​ឆ្នាំ ២០១៣ រៀងមក ប្រទេស​ចិន​បានទទួល​លទ្ធផល​ជាក់ស្តែង​ក្នុងការ គ្រប់គ្រង​បរិស្ថាន​ខ្យល់អាកាស ។ នៅ​ឆ្នាំ ២០១៨ អត្រា​នៃ​ចំនួន​ថ្ងៃ​ដែលមាន​អាកាស ធាតុ​ល្អ​ក្នុងប្រទេស​ចិន​គឺ ៧៩,៣% ។ គុណភាព​ខ្យល់អាកាស​ក្នុងប្រទេស​ចិន​ត្រូវបាន កែលម្អ​ជា​បន្តបន្ទាប់ ។​

-​ទឹក​កាន់​តែមាន​ភាព​ស្អាត​
​បច្ចុប្បន្ន បឹង​អឺ​ហៃ​ដែលជា​បឹង​ទឹកសាប​លើ​ខ្ពង់រាប​ធំ​ទី ២ នៅ​ខេត្ត​យូ​ន​ណាន​កំពុង ប្រឈម​នឹង​បញ្ហា​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ការរស់នៅ​របស់ ប្រជាជន និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ។ ដូច្នេះ​រដ្ឋបាលខេត្ត​យូ​ន​ណាន បាន​ចាត់វិធានការ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង​ការបំពុល​បរិស្ថាន ។​រដ្ឋបាលខេត្ត​យូ​ន​ណាន បាន​វាយចោល​សំណង់​ខុសច្បាប់ និង​បំបិទ​ទ្វារ​នៃ​សណ្ឋាគារ​ចំនួន​ជាង​មួយ​ពាន់ នៅ​មាត់បឹង​អឺ​ហៃ ហើយ​សំណូមពរ​ឱ្យ​សណ្ឋាគារ​ទាំងនោះ​ដំឡើង​ប្រព័ន្ធ​សម្អាត ទឹក​កខ្វក់​ស្របតាម​ស្តង់ដារ​ទើប​អាច​បើកទ្វារ​បាន ។​

​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១២ អត្រា​ទឹក​លើ​ផ្ទៃដី​ដែលមាន​គុណភាព​ល្អ​ក្នុងប្រទេស​ចិន នៅ​ឆ្នាំ ២០១៧ មាន​កម្រិត​កាន់តែ​ខ្ពស់ ។ តំបន់ដីសើម​នៃ​ប្រទេស​ចិន​មាន​ទំហំ ៥៣,៦ លាន​ហិកតា ជាប់​លំដាប់​លេខ ១ ក្នុង​ទ្វីបអាស៊ី និង​លំដាប់​លេខ ៤ លើ​ពិភពលោក ។​

-​ភ្នំ​កាន់​តែមាន​ពណ៌​បៃតង​
​កាល​មុន​ការអភិវឌ្ឍ​ឧស្សាហកម្ម​នៅ​ស្រុក​ហួ​ភីង​ក្រុង​លី​ជាំ​ង​ខេត្ត​យូ​ន​ណាន​គឺ​អាស្រ័យ ទៅលើ​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម ដែល​បាន​ប៉ះពាល់​ដល់​អេកូ​-​បរិស្ថាន​ក្នុង​តំបន់ ។ ប៉ុន្មាន​ឆ្នាំនេះ រដ្ឋបាល​ស្រុក​ហួ​ភីង​បាន​បំបិទ​អណ្តូងរ៉ែ​ធ្យូងថ្ម ហើយ​កែលម្អ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម បង្កើត​ចំការ​ស្វាយ​លើ​ភ្នំ​រ៉ែ ដែល​បានធ្វើឱ្យ​ភ្នំ​គ្របដណ្តប់​ដោយ​ពណ៌​បៃ​ត​ជាថ្មី​ម្តងទៀត ។​

​ក្រោយពី​ឆ្នាំ ២០១២ រៀងមក ប្រទេស​ចិន​បាន​ដាំ​ព្រៃឈើ ៣៣,៩ លាន​ហិកតា ដែល បានធ្វើឱ្យ​ព្រៃឈើ​ចិន​មាន​ទំហំ ២០៨ លាន​ហិកតា ។ អត្រា​គ្រប់​ដណ្តប់​ដោយ​ព្រៃឈើ គឺ ២១,៦៦% បរិមាណ​ឈើ​កើនឡើង​ដល់ ១៥១៣៧ លាន​ម៉ែត្រគូប ។ ប្រទេស​ចិន បានក្លាយ​ទៅជា​ប្រទេស​ដែលមាន​ធនធាន​ព្រៃឈើ​កើនឡើង​លឿន​ជាងគេ​លើ​ពិភពលោក ៕