ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​ប្រារព្ធ​បើក​ជា​ផ្លូវការ​

156

ភ្នំពេញៈ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​ដែលមាន​ទីតាំង​ស្ថិតនៅ​សណ្ឋាគារ​សុខា​ផា​ឡេស​(​សៀមរាប​)​កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃអាទិត្យ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​ក្រោម​វត្តមាន​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ,​លោក សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​,​លោក​ណា​កា​ណេ កា​ហ្សូ​អ៊ី​យូគី​( NAKANE Kazuyuki) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន លោក ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​ប្រារព្ធ​បើក​ជា​ផ្លូវការ​(រូបថតរដ្ឋបាលខេត្តសៀមរាប)

​ការិយាល័យ​កុងស៊ុល​ជប៉ុន​មួយ​នេះ​មិន​ត្រឹម​ប្រចាំ​ខេត្តសៀមរាប​មួយ​នេះ​ទេ​តែ​ក៏មាន​វិសាលភាព​សម្រាប់​ខេត្ត បន្ទាយមានជ័យ​, ព្រះវិហារ​, ឧ​ត្ត​រ​មានជ័យ និង​ខេត្តកំពង់ធំ​ផងដែរ​។​
​លោក ស៊ូ​ហ្សឹ​គី ហ៊ី​រូ​ណូរី ទីប្រឹក្សា​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​ថា​ថា រៀងរាល់​ឆ្នាំមាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ​ពីរ​សែន​នាក់ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ទៅលេង​ខេត្តសៀមរាប​។ ក្នុងនោះ ក៏មាន​មាន​ប្រជាជន​ជប៉ុន​ប្រមាណ ៣០០​នាក់ រស់នៅ​ខេត្តសៀមរាប​ផងដែរ​។
​លោក ស៊ូ​ហ្សឹ​គី ហ៊ី​រូ​ណូរី បាន​បន្ថែមថា ក្នុងឱកាស​ខួប​អនុស្សាវរីយ ៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ប្រទេស​ជប៉ុន ក៏បាន​សម្រេច​បើក​ការិយាល័យ​កុងស៊ុល​នៅ​សៀមរាប ដើម្បី​ផ្តល់​សេវា​កុងស៊ុល​ជូន​ដល់​ប្រជាជន​ជប៉ុន និង​អ្នកទេសចរ​ជប៉ុន​។​
​លោក​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​បន្តថា នេះ​គឺជា​ការិយាល័យ​កុងស៊ុល​ដំបូង​គេ​បង្អស់ ដែល​ជប៉ុន​បង្កើត​នៅ​កម្ពុជា ក្រៅពី​ស្ថានទូត​ជប៉ុន​។​
ជាមួយគ្នា​នោះ លោក ស៊ូ​ហ្សឹ​គី ហ៊ី​រូ​ណូរី បាន​បញ្ជាក់ថា “​យើងខ្ញុំ​សង្ឃឹមថា ចំនួន​អ្នកទេសចរ​ជប៉ុន​មាន​ការកើនឡើង​ទៅមុខទៀត ហើយ​ពួកគាត់​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅលើ​វប្បធម៌​កម្ពុជា​។ ទន្ទឹមនឹងនេះ ការិយាល័យ​កុងស៊ុល​នៅ​សៀមរាប ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​ខេត្តបន្ទាយមានជ័យ​ផងដែរ និង​ផ្តល់​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​កំពុងធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ប៉ោយប៉ែត​”៕MN

ដោយៈបូព៌ព្រឹក្ស

ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​ប្រារព្ធ​បើក​ជា​ផ្លូវការ​