ការិយាល័យ​ច្រកចេញចូល​តែមួយ កាន់តែ​ពង្រីក រាស្ត្រ​កាន់តែ​ងាយស្រួល ទទួល​សេវា​!

1165
ចែករម្លែក

​ក្រសួងមហាផ្ទៃ បានប្រកាស​ចេញ​នូវ​ផែនការ នៅ​ឆ្នាំ​២០១៩ នេះ ដោយ​គ្រោង​នឹង បង្កើត​កា​រិ​យា ល័យ​ច្រកចេញចូល​តែមួយ ដែលជា​យន្តការ​ពង្រឹង​ប្រសិទ្ធភាព នៃ​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជា​ពល រដ្ឋ ឲ្យ​បាន ២៩​កន្លែង​បន្ថែមទៀត នៅក្នុង​បណ្ដា​ខេត្ត​ចំនួន ២១​។

​សេចក្ដីសម្រេច​របស់​ស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ បង្ហាញថា បណ្ដា​ស្រុក ដែល​សម្រេច​ឲ្យ បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅក្នុង​ឆ្នាំ​២០១៩​នេះ រួមមាន​៖ ស្រុក​កណ្ដាលស្ទឹង ស្រុក​កោះធំ ស្រុក​ពញាឮ ស្រុក​មុខកំពូល ស្រុក​ព្រៃឈរ ស្រុក​បាធាយ ស្រុក​ចំការលើ ស្រុក​អង្គរជ័យ ស្រុក​កំពង់ត្រឡាច ស្រុក​ប្រាសាទបាគង ស្រុក​បន្ទាយស្រី ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក ស្រុក​កំពុង​សិលា ស្រុក​ភ្នំព្រឹក ស្រុក​គិរីវង់ ស្រុក​គងពិសី ស្រុក​បរិបូរ​ណ៌ ស្រុក​ក្រគរ ស្រុក​មេមត់ ស្រុក​សន្ទុក ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆ្លូង ស្រុក​កោះ​ញ៉ែ​ក ស្រុក​កំពង់ត្របែក ស្រុក​មណ្ឌលសីមា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​កូន​មុំ និង​ស្រុក​រមាសហែក​។

​កាលពី​ឆ្នាំ​២០១៨ សម្ដេច​ក្រឡាហោម ស ខេង បានសម្រេច​បង្កើត​ការិយាល័យ​យ ច្រកចេញ ចូល​តែមួយ ចំនួន ៣១​កន្លែង នៅក្នុង​ខេត្ត​ចំនួន​២៤​។ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០១៨ នៅ​ទូទាំងប្រទេស មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន ៧១​កន្លែង ហើយ​។ ក្នុងនោះ នៅ​ភ្នំពេញ មាន​ការិយាល័យ ច្រកចេញចូល​តែមួយ នៅ​គ្រប់​ខណ្ឌ ហើយ​នៅ​សាលា​រាជធានី​ភ្នំពេញ ក៏​ទើបនឹង​បង្កើត​ដូចគ្នា​។ នៅ​ទូទាំងប្រទេស​មាន ក្រុង​ស្រុក​ខណ្ឌ សរុប​ចំនួន ២០៣​។

​ក្រៅពី​នៅតាម​ស្រុក​ខណ្ឌ ក្រសួងមហាផ្ទៃ ក៏បាន​ពង្រីក​ការិយាល័យ​ច្រកចេញចូល តែមួយ នៅតាម សាលាក្រុង និង​សាលា​រាជធានី​ខេត្ត​ផងដែរ​។​

​ការិយាល័យ​ច្រកចេញចូល​តែមួយ គឺជា​កន្លែង ដែល​ប្រមូលផ្ដុំ​ដោយ​ទម្រង់​បែបបទ ព័ត៌មាន​គ្រប់ គ្រាន់ ច្បាស់លាស់ ស្ដីពី ការផ្ដល់សេវា​រដ្ឋបាល កម្រៃ​សេវា និង​អាករ ផ្សេងៗ និង​ជា​កន្លែង​ផ្ដល់នូវ​លទ្ធផល សម្រេច​ជា​ផ្លូវការ​លើ​សេចក្ដីស្នើសុំ​របស់​ពលរ​ដ្ឋ ទាន់ពេលវេលា មាន​តម្លាភាព តាម​នីតិវិធី និង​មាន​ប្រសិទ្ធភាព​។

​កាលពី​ឆ្នាំ​២០០៨ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ ស្ដីពី ការបង្កើត ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ថ្នាក់ស្រុក​ខណ្ឌ​។ ការសម្រេច​បង្កើត ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជា ពលរដ្ឋ​នេះ គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ នៅ​ស្រុក និង​ខណ្ឌ​ដែលមាន​សមត្ថកិច្ច ទទួល​បណ្ដឹងតវ៉ា និង​ផ្ដល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និង​អង្គការ សង្គម​ស៊ីវិល ក្នុងករណី​មាន​ភាពមិនប្រក្រតី ឬ​កំហុសឆ្គង​របស់​បុគ្គលិក ដែល​បម្រើ ការងារ​ក្នុង​រដ្ឋបាល​ស្រុក ខណ្ឌ​នោះ​។

​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​ជាការ​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា តម្រូវ​ការជូន ប្រជាពលរដ្ឋ នៅតាម​សាលាក្រុង ខណ្ឌ ស្រុក សាលាខេត្ត និង​នៅ សាលា​រាជធានី គឺជា​ការលើកកម្ពស់​សេវាសាធារណៈ តាមរយៈ​ការ​បង្ខិត​សេវា ឲ្យ​ទៅ​កៀក​ជិត​ប្រជាពលរដ្ឋ តាម​នីតិវិធី​សាមញ្ញ មាន​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព ដែលជា​គោលបំណង​ចម្បង និង​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ហើយក៏​ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​ដំបូង​ឡើយ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ត្រូវបាន បង្កើត ឡើង​នៅ​ស្រុក​សៀមរាប និង​ស្រុក​បាត់ដំបង តាមរយៈ​សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល លេខ​៤៧ សសរ ចុះ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០០៣ ដោយ​គម្រោង សាកល្បង ដែល​គាំទ្រ​ថវិកា​ពី​គម្រោង នគរូបនីយកម្ម​អាស៊ី​ទី​១ (Asia Urb) សហការ ឧបត្ថម្ភ​ដោយ​សហគមន៍​អឺរ៉ុប ក្នុង​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨​។​

​ការអនុវត្ត​ការងារ​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជា ពលរដ្ឋ ទទួល បានការ​គាំទ្រ និង​ការពេញចិត្ត​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​ព្រមទាំង​ទទួលបាន​ការគាំទ្រ​ផ្នែក គោលនយោបាយ និង​បច្ចេកទេស​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

​គម្រោង​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ក៏ត្រូវ​បាន ពង្រីក​បន្ថែមថា នៅតាម​ក្រុង ស្រុក និង​ខណ្ឌ​ជាច្រើន​ជា​បន្តបន្ទាប់​។ ការិយាល័យ​ច្រក ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្ថិតនៅ​ចំណុះ​អគ្គនាយកដ្ឋាន រដ្ឋបាល​មូលដ្ឋាន​។ នៅ​ខែមិថុនា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត នាយកដ្ឋាន​មុខងារ និង​ធនធាន ចំណុះ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈ​អនុក្រឹត្យ​លេខ ២៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​បន្ត​ការ គាំទ្រ​និរន្តរភាព​នៃ​ការផ្ដល់សេវា​រដ្ឋបាលរ​បស់​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រួមទាំង​គាំទ្រ​ការផ្ដល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​ទាំងមូល​ផងដែរ​។​

​ការផ្តល់សេវា ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ នៅ​ការិយាល័យ​ច្រក ចេញចូល តែមួយ នៅតាម​សាលាក្រុង ស្រុក ខណ្ឌ និង​សាលាខេត្ត​រាជធានី រួមមាន​៖ ការងារ​អត្រានុកូលដ្ឋាន (​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ជាដើម ) វិស័យ កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ វិស័យ​សុខាភិបាល វិស័យ​អប់រំ យុវជន និង​កីឡា ផ្នែក​សុរិយោដី ( សុំច្បាប់​សាងសង់ ជួសជុលផ្ទះ កាត់​ប្លង់ដី​… )​។​ល​។ និង​។​ល​។​

​តារាង​តម្លៃ​សេវាកម្ម​លើ​វិស័យ​នីមួយៗ ត្រូវ​បានដាក់​បង្ហាញ​ភ្ជាប់​នឹង​ជញ្ជាំង​នៅ ការិយាល័យ ច្រកចេញចូល​តែមួយ ដោយមាន​បរិយាយ​ពី​ប្រភេទ​សេវា​នីមួយៗ តម្លៃ​សេវា រយៈពេល​ផ្តល់ និង​សុពលភាព​ប​ជាដើម​។ ក្រៅពី​ផ្តល់​សេវា​តម្រូវការ​ជា ច្រើន​នោះ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ តាម​សាលាខណ្ឌ​ក្រុង​ស្រុក ក៏មាន​ផ្តល់​សេវា​ធ្វើ​ស្លាក​លេខ​ម៉ូតូ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​ជា​បទពិសោធ​កន្លងមក នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ គឺ​បំបាត់​ការទារ លុយ​ក្រោម​តុ ក្រៅផ្លូវការ ដែល​មន្ត្រី​ខិលខូច​មួយចំនួន តែងតែ​ប្រព្រឹត្តិ ខុសឆ្គង​ដោយ ទារលុយ​ប្រជាពលរដ្ឋ​។ បើសិនជា​ប្រជាពលរដ្ឋ ត្រូវការ​បញ្ជាក់​លិខិតស្នាម ឬក៏​ស្នើ សុំច្បាប់​លក់ដូរ ច្បាប់​សាងសង់​ផ្ទះ ជាដើម គឺ​ទៅកាន់​ការិយាល័យ​ច្រកចេញចូល តែមួយ ដោយផ្ទាល់ និង​បង់ថ្លៃ​តាម​ការកំណត់​លើ​ផ្ទាំង​បញ្ជី​តម្លៃ​សេវា​ទាំងនោះ ជាការ​ស្រេច​។​

​យ៉ាងណា​ក៏ដោយចុះ ក៏​នៅមាន​ត្រីងៀត​ឆ្លៀត​ពង ដែល​មន្ត្រី​ខិលខូច​មួយចំនួន​តូច នៅ​សាលាក្រុង សាលាស្រុក សាលាខណ្ឌ និង​នៅ​សាលាខេត្ត សាលា​រាជធានី ដែលមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ ក៏​នៅតែ​លួចលាក់ ធ្វើជា​អ្នក​រត់ការ និង​យក​សេវា​ខ្ពស់​ពី​ប្រជាពលរដ្ឋ ជាដើម ឬក៏​ថ្លៃ​បំពេញ​ឯកសារ​។ ប៉ុន្តែ​ករណី​ភាព មិន​ប្រក្រតី​មួយចំនួន​នេះ មិនជា​បាតុភាព​អ្វី​ធំដុំ​ទេ ដោយសារតែ​អ្នក​ទៅរក​សេវា បាន​ព្រមព្រៀង​ឲ្យ​លុយ​ជាស​គុណ ឬក៏​ជា​ថ្លៃ​ទឹក​ប៉ិច ដែល​មន្ត្រី​មួយចំនួន​តូច​នោះ បាន​ជួយ​សម្រួល​ការងារ​ឲ្យ​ពួកគាត់​។​

​ជារួម ការិយាល័យ​ច្រកចេញចូល​តែមួយ នៅតាម​សាលាខណ្ឌ សាលាក្រុង​សាលា ស្រុក សាលាខេត្ត និង​នៅ​សាលា​រាជធានី​ភ្នំពេញ គឺ​បានផ្តល់​ភាពងាយស្រួល​ច្រើន លុបបំបាត់​ការិយាធិបតេយ្យ ផ្តល់នូវ​តម្លាភាព ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ លែង​លំបាក​ដូច​មុន ដែល​ត្រូវ​ស្វែងរក​មន្ត្រី​តាម ជំនាញ ដើម្បី​ស៊ី​ញ៉េ​លើ​ឯកសារ​នានា​ទៀតហើយ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំងនោះ នៅពេលនេះ បាន​រង់ចាំ​ប្រជាពលរដ្ឋ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី ពិនិត្យ សម្រេច​លើ​ឯកសារ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​:​ម៉េង​ឆៃ​