ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម​ពីរ​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

195
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម​ពីរ​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​។

​ជនសង្ស័យ​ទាំង​២ នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩ នៅពេល​កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​នៅលើ​គោលដៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ពុកឆ្មារ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ ស្ដីទី​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ឈឿន ឆាន់ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផាត់ ឌឿ​ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន រួមមាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE)​ចំនួន ២​ថង់​ទម្ងន់ ២៥,៤៣​ក្រាម ទូរស័ព្ទដៃ ១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១ និង​ម៉ូតូ​ម៉ាក​ឃ្លី​ក ១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវីធី​៕ ល​