ការិយាល័យ​អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្ដែង​នូវ​មោទកភាព​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​សម្ដេច​តេ​ជោ ដោយ​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​ជាថ្មី​ឡើយ

492
ចែករម្លែក

​ដោយ:វិបុល/ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែ​កុម្ភៈនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបង្ហាញនូវមោទកភាព និង​ក្ដីគោរព​បំផុត ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ចំពោះការប្ដេជ្ញា​ចិត្ត​របស់​សម្ដេច ក្នុងកិច្ចខិត្តខំប្រឹងប្រែងក្នុងកិច្ចដឹកនាំរបស់សម្ដេច គឺ​ដាច់ខាត​មិនឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារជាថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សម្តែង​នូវ​អំណរ​សាទរ និង​ក្តី​គោរព​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ប្តេជ្ញា​ជា​ឱឡារិក​ក្នុង​កិច្ច​អនុវត្ត​នូវ​កាតព្វកិច្ច​របស់ខ្លួន ក្នុងការ​គាំទ្រ និង​ការពារ​​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់ខ្លួន ហើយ​អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ ដែល​លោក​បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន​រួចមកហើយ តាម​រយៈ​ការបោះឆ្នោត​សកល និង​លទ្ធផល​ចេញពី​ប្រអប់​ឆ្នោត​កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៨ ក៏ដូចជា​សេចក្តី​រីករាយ សុខក្សេមក្សាន្ត​របស់​ម​ហា​ជន​ទាំងមូល ដែលមាន​ស្រាប់​​ក្នុងពេល​បច្ចុប្បន្ននេះ​។​

ជាមួយគ្នានេះ ការិយាល័យ​អ្នកនាំពាក្យ ក៏​បាន​ថ្លែងអំណរគុណ​​ជូន​ដល់​បងប្អូន​ជន​រួម​ជាតិ​ទាំងអស់ ដែល​បាន​ជ្រើស​យក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា ជាទី​ទុកចិត្ត​លើ​សមត្ថភាព​ដឹកនាំ និង​ស្មោះត្រង់​បំផុត របស់​សម្តេច ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​កិច្ច​ចូលរួម​យ៉ាង​ក្លៀវក្លា​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខទៀត សម​ដូច​ប្រសាសន៍​ដែល​សម្តេច​តេ​ជោ​បាន​លើកឡើងថា «​យើង​ទាំង​អស់គ្នា​បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ពលិកម្ម​ខ្លាំងណាស់ ហើយក៏​គ្មាន​នរណា​ប្រឹង​ជំនួស​យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង​»​។​

ក្នុងន័យនេះ ការិយាល័យ​អ្នកនាំពាក្យ បាន​សម្តែង​នូវ​មោទកភាព និង​សេចក្តី​គោរព​បំផុត ក្នុង​កិច្ច​ប្តេជ្ញាចិត្ត​របស់​សម្តេច​តេ​ជោ ដែល​លោក​បាន​លើកឡើងថា «​នៅក្រោម​ការដឹកនាំ​រប​ស់​ខ្ញុំ គឺ​ដាច់ខាត​មិនឲ្យ​កម្ពុជា​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​សារជាថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​»​។ នេះ​ជា​ឧ​ត្ត​ម​គតិ​ជាតិ​ពិត និង​សេចក្តី​ចង់បាន​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

ការិយាល័យ​អ្នកនាំពាក្យ ក៏បានបញ្ចេញសាររំលឹករបស់ខ្លួនដែរ​ថា សន្តិភាព ស្ថិរភាព​នយោបាយ នីត្យានុកូលភាព ប្រក្រតីភាព សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ គឺជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ និង​ធានា ដែល​មិន​អនុញ្ញាតឲ្យ​បុគ្គល ឬ​ក្រុម​ណា បៀតបៀន​បានឡើយ​៕​B/