ការ​ក្រើនរំលឹកៈ ត្រូវ​លុបបំបាត់​គ្រួសារនិយម និង​បក្ខ​និយម​ជាដាច់ខាត​!

386
ចែករម្លែក

ក្នុង​ពិធី​បិទ​សន្និបាត ប្រចាំឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ក្រើនរំលឹក​ទៅកាន់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​លុប បំបាត់​គ្រួសារនិយម និង​បក្ខពួកនិយម នៅតាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ការណែនាំ​ជាថ្មី​ទៅកាន់​អភិបាលខេត្ត​រាជធានី​ខាងលើនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សម្ដេច ក្រឡាហោម ស ខេង បាន​លើកឡើងថា សម្ដេច​ទើបតែ​បាន​ចុះហត្ថលេខា ផ្ទេរ​មន្ត្រី​ជាង ៦.០០០ នាក់​ទៅ​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​អភិបាល​រាជធានី​ខេត្ត ដែលជា​មន្ត្រី ការិយាល័យ​ជំនាញ​មួយចំនួន នៅ​ថ្នាក់ស្រុក​ក្រុង និង​ថ្នាក់​ខណ្ឌ​។

​ជាមួយនឹង​ការណែនាំ​ក្រើនរម្លឹក​ខាងលើនេះ សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ការផ្ទេរ ការគ្រប់គ្រង​មន្ត្រី​ទាំងនេះ ក៏ត្រូវ​ធ្វើឡើង​សម្រាប់​ក្រសួង​ផ្សេងទៀត លើកលែងតែ​ក្រសួង ការពារជាតិ និង​អង្គភាព​ពន្ធដារ ហើយ​វា​ស្ថិតក្នុង​ចំណោម​កិច្ចការ​អាទិភាព​បួន ដែល​ត្រូវ​សម្រេច នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​ខាងមុខ​។ នោះ​គឺ​បង្កើន​ការផ្ទេរ​មុខងារ និង​ធនធាន​ពី​ថ្នាក់ជាតិ មក​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ( ខេត្ត​រាជធានី ) ការកែសម្រួល​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​រដ្ឋបាល គ្រប់គ្រង​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ និង​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ ឲ្យ​រដ្ឋបាល​ឃុំ​សង្កាត់​។​

​ជាការ​ពិតណាស់​! ការបង្កើត​បក្ខពួក​គ្រួសារនិយម នៅតាម​អង្គភាព​ក្រសួង​ស្ថាប័ន​មន្ទីរ ឬក៏​នៅតាម​ខេត្ត​រាជធានី គឺ​ច្បាស់​ជា​នាំមក​នូវ​ទំនាស់​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ ។​ទាំងនេះ​សុទ្ធតែ​បង្កបញ្ហា និង​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី ការមិន​ពេញចិត្ត​…​។​

​ការលុបបំបាត់​បក្ខពួក​គ្រួសារនិយម នៅតាម​អង្គភាព​ស្ថាប័នរដ្ឋ និង​នៅ​ថ្នាក់​ខេត្ត​រាជធានី គឺ​ពិតជា​នឹង​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ ដែលមាន​សមត្ថភាព អាច​នឹង​មានឱកាស ឡើង​ដឹកនាំ​បន្តវេន ព្រោះថា បើសិនជា​មានការ​តែងតាំង​សាច់ញាតិ គ្រួសារ និង​បក្ខពួក​នោះ គឺ​យុវជន​អ្នក​បន្តវេន ដែល​មិនមាន​ខ្សែស្រឡាយ នឹងមិន​មានឱកាស ដើម្បី​ឡើងកាន់តំណែង​កំពូល ក្នុង​ស្ថាប័ន​អង្គភាព​នោះ បានជា​ដាច់ខាត​។​

​សរុបមក អនុសាសន៍​ណែនាំ​ក្រើនរម្លឹក​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ដែល​តម្រូវ​ឲ្យ អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​លុបបំបាត់​គ្រួសារនិយម និង​បក្ខ​និយម ជាដាច់ខាត នៅ​ថ្នាក់​រដ្ឋបាលក្រោម​ជាតិ​នេះ ពិត​ជាមាន​សារសំខាន់ ពិសេស​អាច​លុបបំបាត់​ភាពមិន ប្រក្រតី​ក្នុង​ការងារ​ផង និង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​មាន​សមត្ថភាព​អាចមាន​ឱកាស បញ្ចេញ​សមត្ថភាព​៕ ដោយ​: ម៉េង​ឆៃ​