ការ​គំរាម​ក្លែងក្លាយ​អំពី​គ្រាប់បែក​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថាប័នរដ្ឋ អង្គភាព​សារព័ត៌មាន សាលារៀន​និង​ស្ថាប័ន​ជំនួញ​នៅ​ទូទាំង​អាមេរិក​

515
ចែករម្លែក

ការគំរាមរាប់សិបអំពីគ្រាប់បែកត្រូវបានបញ្ជូនតាមអ៊ីម៉េលទៅកាន់អង្គការសារព័ត៌មាន ស្ថាប័នរដ្ឋ សាលារៀននិងស្ថាប័នឯកជននានានៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូ ដោយបង្កអោយមានការជម្លៀសមនុស្ស តែរហូតដល់ពេលឥឡូវគេមិនបានរកឃើញថាការគំរាមណាមួយថាជាការពិតនោះទេ។

ការិយាល័យប្រឆាំងភេរវកម្មNYPD បាននិយាយថា ទីភ្នាក់ងារនេះកំពុងតាមដានការគំរាមអំពីគ្រាប់បែក តែមិនមានការគំរាមណាមួយគួរអោយជឿបានបានទេ។ NYPD ក្រោយមកបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថាមានការគំរាមមួយត្រូវបានបញ្ជូនតាមអ៊ីម៉េលដែលព្រមានអំពីការបំផ្ទុះគ្រាប់បែកនិងទាមទារការបង់ប្រាក់អេឡិចត្រូនិកbitcoinចំនួន២០.០០០ដុល្លារ។

យោងតាមប៉ូលិសក្រុងញូវយ៉ក គោលបំណងនៃការគំរាមនេះគឺបង្កការរំខាននិងការទទួលបានលុយផងដែរ។ប៉ូលិសបានចូលឆែកឆេរទីតាំងសង្ស័យជាច្រើន តែមិនបានរកឃើញគ្រឿងផ្ទុះទេ។

ក្នុងពេលជាមួយគ្នា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បាននិយាយថាខ្លួនបានដឹងអំពីសភាពការណ៍នេះនៅពេញអាមេរិក រួមមានទីក្រុងញូវយ៉ក,ឡូស អ៊ែនជើឡេស,វ៉ាស៊ីនតោន ឌីស៊ី, បូស្តុន, ស៊ីកាហ្គោនិងដេត្រយ និងបានអំពាវនាវសាធារណជនអោយមានការប្រុងប្រយ័ត្នខ្ពស់និងរាយការណ៍ភ្លាមអំពីសកម្មភាពសង្ស័យ។

ទីតាំងរងការគំរាមមួយនៅញូយ៉ក គឺសាលាវិទ្យាសាស្រ្តBronx Science High School ដែលនាំអោយមានការជម្លៀសសិស្សក្រោយទទួលការគំរាមអំពីគ្រាប់បែកតាមទូរស័ព្ទ។ជនគំរាមបាននិយាយថាមានគ្រាប់បែកបង្កប់ក្នុងទីធ្លាសាលា និងអាចផ្ទុះក្នុងរយៈពេល២០នាទីទៀត តែក្រុមសេវាគ្រាអាសន្នបានចុះមកពិនិត្យនិងមិនបានរកឃើញគ្រាប់បែកទេ។

យ៉ាងហោចណាស់ទីតាំង៥នៅសង្កាត់ម៉ាន់ហាថាន់ក្នុងក្រុងញូវយ៉ករងការគំរាម និងការគំរាម១១ទៀតត្រូវបានធ្វើឡើងសំរាប់ទីតាំងនៅខណ្ឌសាហ្វហ្វូលនៅលើកោះឡងអាយ​លែន។

ស្ថាប័នជំនួញជាច្រើននៅក្រុងវែនខូវើ ប្រទេសកាណាដា ក៏ទទួលការគំរាមតាមអ៊ីម៉េល ផងដែរ ៕ដោយ៖វាសនា