ការ​ជិះ​យន្តហោះ​របស់​ឧបនាយក​រដ្ឋមន្ត្រី​ថៃ ធ្វើឱ្យ​មាន​ការរិះគន់​ខ្លាំង​ចំពោះ​ការចំណាយ​

1418
ចែករម្លែក

​លោក​ប្រា​វីត វង់​ស៊ូ​វ៉ុន​( Prawit Wongsuwon )​ឧបនាយក​រដ្ឋមន្ត្រី​ថៃ បាន​ក្លាយទៅជា​គោលដៅ​រិះគន់​ខ្លាំង​ជាថ្មី​ម្តងទៀត​ចំពោះ​ការសង្ស័យ​ជា​សាធារណៈ​នៃ​ភាព​ជា​អ្នក​ដឹក​​នាំ​យោធា​និង​ការចំណាយ​របស់​រដ្ឋាភិបាល​បន្ទាប់​ពី​រូបថត​បាន​បង្ហាញ​លោក​បាន​ចុះ​ពី​យន្តហោះ​ប៉ូលិស​មួយ ដែល​មាន​តម្លៃ​១,១៤ ពាន់​លាន​បាត​(៣៧​លាន​ដុល្លារ​)​។​

​កាលពី​ចុង​សប្តាហ៍ រូបថត​របស់​លោក Prawit Wongsuwon ដែល​ចុះចេញ​ពី​យន្តហោះ​Dassault Falcon 2000S ត្រូវ​បាន​ចុះផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ លោក​ត្រូវ​​បាន​គោរព​ដោយ​អ្នកបម្រើ​តាម​យន្តហោះ​និង​ក្រុមមន្ត្រី​ផ្សេងទៀត បន្ទាប់​ពី​ការធ្វើដំណើរ​ទៅកាន់​ខេត្ត​ឡប់​ប៊ូ​រី ដែល​មាន​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​។​

​លោក Prawit Wongsuwon​ជា​អគ្គមេបញ្ជាការ​កងទ័ព​ថៃ​ពី​ឆ្នាំ​២០០៤-២០០៥​ និង​បាន​ទទួល​ឋានៈ​ជា​ឧត្តមសេនីយ៍​។​

​លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ពី​ឆ្នាំ​២០០៨-២០១១ ​មុន​ពេល​បន្ត​តំណែង​នេះ ហើយ​ក៏​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ។​

​កាលពី​ឆ្នាំមុន​លោក Prawit Wongsuwon ត្រូវ​បាន​ជម្រះ​ឲ្យ​រួចផុត​ពី​ការសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ចំពោះ​នាឡិកា​ល្អ​ប្រណិត​ចំនួន​២៥​គ្រឿង​ដែល​មាន​តម្លៃ​​ជិត​៤០​ពាន់​លាន​បាត​ដែល​លោក​មិន​បាន​ប្រកាសថា​ជា​ទ្រព្យសម្បត្តិ​របស់​លោក​។​

​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ជាតិ​ថៃ បាន​និយាយថា មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ថាលោក​បាន​ធ្វើ​សេចក្តីប្រកាស​ខុស​ឬ​ក៏​លាក់​ព័ត៌មាន ដោយ​ចេតនា​នោះទេ​។​

​ទោះជា​យ៉ាងនេះក្តី លោក Prawit Wongsuwon នៅតែ​ប្រឈម​នឹង​ការ​មិន​ពេញចិត្ត​និង​ការរិះគន់​ជាច្រើន​ពី​សាធារណជន ដែល​ទាក់ទង​នឹង​ការចំណាយ​ដ៏​ច្រើន​ហួស​។​

​លោក Srisuwan Janya សកម្មជន បាន​ដាក់​ពាក្យបណ្តឹង​ទៅ​គណៈកម្មការ​សវនកម្ម​រដ្ឋ​ថៃ​ដោយ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ការទិញ​យន្តហោះ​នេះ ដែល​ត្រូវបាន​​ដាក់​បន្ថែម​ទៅ​កង​យន្តហោះ​ប៉ូលិស​កាលពី​ខែ​កញ្ញា​៕ដោយ៖សុខា/sn/Ha

លោក​ប្រា​វីត វង់​ស៊ូ​វ៉ុន ក្លាយ​ជា​មុខសញ្ញា​រិះគន់​របស់​សាធារណជន​ដោយសារតែ​ភាព​សម្ញែង​របស់លោក​។​ឥឡូវ បញ្ជី​គណៈរដ្ឋមន្ត្រី​ថ្មី​អត់​មាន​ឈ្មោះ​លោក​ជារដ្ឋមន្រ្តីទៀតទេ ដោយ​លោក​ប្រា​យុទ្ធ​​កាន់តំណែង​នាយក​រដ្ឋមន្ត្រី​ផង រដ្ឋមន្ត្រី​ការពារជាតិ​ផង