(ភ្នំពេញ) ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានចេញមកបញ្ជាក់ថាការដាច់ភ្លើងក្នុងរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះ មិនមែនមកពីកត្កាកង្វះភ្លើងនោះទេ ពោលបណ្ដាលមកពីរថយន្ដធំៗ បស់ក្រុមហ៊ុនសំណង់ បើកប៉ះខ្សែបញ្ជូនចរន្ដដែលមានតង់ស្យុងកម្រិតខ្ពស់។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បន្ថែមថា ពាក់ព័ន្ធជាមួយរថយន្ដធំៗរបស់ក្រុមហ៊ុនសំណង់ ដែលបើកបរប៉ះខ្សែបញ្ជូនកម្រិតខ្ពស់នេះ ជំនាញអគ្គិសនីកំពុងតែសហការជាមួយ សាលារាជធានីភ្នំពេញ ដើម្បីធ្វើការទប់ស្កាត់រាល់រថយន្ដធំៗទាំងអស់នោះ។
លោក កែវ រតនៈ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧យ៉ាងដូច្នេះថា “ការដាច់ភ្លើងមួយរយៈនេះនៅភ្នំពេញ មិនមែនមកពីការខ្វះភ្លើងនោះទេ ដោយសារមានអ្នកបើករថយន្ដប៉ះ ភាគច្រើនជាក្រុមហ៊ុនសំណង់ហើយយើងកំពុងតែធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីឲ្យសាលារាជធានីភ្នំពេញ ជួយសហការក្នុងការទប់ស្កាត់បញ្ហាពួកហ្នឹងបើមិនអញ្ជឹងទេគឺរលត់ភ្លើងបែបនេះតែម្ដង”។
ជាក់ស្ដែងនៅព្រឹកមិញនេះ មានរថយន្ដធុនធំមួយរបស់ក្រុមហ៊ុនសំណង់បានបើកទៅប៉ះខ្សែបញ្ជូនចរន្ដអគ្គិសនីផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ ដែលមានតង់ស្យុងខ្ពស់កម្រិត១១៥គីឡូវ៉ុល ទើបបណ្ដាលឲ្យដាច់ភ្លើងនៅម្ដុំផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវហើយរហូតដល់ព្រែកព្នៅទៀតផង។
ពាក់ព័ន្ធជាមួយបញ្ហានេះ លោក កែវ រតនៈ សង្ឃឹមយ៉ាងម៉ុតមាំថា លោក ឃួង ស្រេងដែលនឹងត្រូវចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មី នៅថ្ងៃស្អែកនេះ នឹងដោះស្រាយបញ្ហានេះបានរួចរាល់ ជាមួយអ្នកជំនាញអគ្គិសនីឲ្យបានឆាប់រហ័សព្រោះកន្លងមករឿងនេះបានកើតឡើងជាញឹកញាប់ណាស់៕ ដោយ ៖វិបុល