ការ​ធ្លាក់ភ្លៀង​តិច​និង​រាំងស្ងួត​កំពុង​គំរាម​ដំណាំ​ស្រូវ​នៅ​ថៃ​និង​ការខ្វះ​ទឹក​ប្រើប្រាស់​នៅ​វៀតណាម​

449
ចែករម្លែក

​ការ​ធ្លាក់ភ្លៀង​តិច បើសិនជា​វា​បន្ត​រហូត​ដល់​ខែ​សីហា នឹង​ប៉ះពាល់​ដល់​ការផលិត​ស្រូវ​និង​នាំចេញ​អង្ករ​ថៃ​ដល់​៨,៥​លាន​តោន​នៅ​ឆ្នាំ​នេះ​ដែល​ជា​បរិមាណ​នាំចេញ​ទាប​បំផុត​ក្នុង់​​រយៈពេល​៧​ឆ្នាំ​មកនេះ​។​

​ប្រធាន​សមាគម​អ្នក​នាំចេញ​អង្ករ​ថៃ បានអោយដឹងថា គួបផ្សំ​នឹង​ប្រាក់​បាត​ឡើងថ្លៃ ពី​៣២​មក​៣០,៨​បាត​ក្នុង​១​ដុល្លារ ស្ថានភាព​រាំងស្ងួត​អូសបន្លាយ​នេះ​នឹង​ធ្វើអោយ​អ្នក​នាំ​​ចេញ​អង្ករ​ថៃ​ខាតបង់​ប្រមាណ​២០​ពាន់​លាន​បាត​។​

​លោក​ប្រធាន​សមាគម​និយាយថា បើ​ភ្លៀង​នឹង​មិន​ធ្លាក់​នៅ​ខែសីហា​ទៀត ផលិកម្ម​ស្រូវ​ក្រអូប​នៅ​ភាគ​ឦសាន​នឹង​ថយចុះ​៤០​ទៅ​៥០​ភាគរយ ពី​៨-៩​លាន​តោន​មក​នៅត្រឹម​៤-៤,៥​លាន​តោន​។​ការធ្លាក់​ចុះ​ផលិតកម្ម​ស្រូវ​នេះ​ក៏​នឹង​រុញ​ថ្លៃ​អង្ករ​នាំចេញ​និង​ក្នុងស្រុក​អោយ​ឡើង​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការរាំងស្ងួត​នេះ រដ្ឋាភិបាល​ថៃ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ចិន ឡាវ​និង​មី​យ៉ាន់​ម៉ា​ជួយ​ទម្លាក់​ទឹក​ចូល​ក្នុង​ទន្លេ​ដើម្បី​ជួយ​សម្រាល​ស្ថានភាព​រាំងស្ងួត​នៅ​ថៃ​ហើយ​នាយករដ្ឋមន្ត្រី​​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយថា ប្រទេស​ទាំង​បី​បាន​ព្រម​សហការ​។​

​លោក​ប្រា​យុទ្ធ បាន​និយាយថា មាន​ការពិភាក្សា​ជាមួយ​ចិន ឡាវ​និង​មី​យ៉ាន់​ម៉ា ដោយ​ថៃ​បាន​ស្នើសុំ​អោយ​ពួកគេ​បញ្ចេញ​ទឹក​ដែល​ស្តុក​ទុក​ដើម្បី​អោយ​វា​ធ្លាក់​មក​តំបន់​ខ្សែទឹក​ខាង​​ក្រោម​។​ពួកគេ​បាន​សហការ​ល្អ តែ​ពួកគេ​បាន​និយាយថា​«​ទឹក​ក្នុង​អាង​ស្តុក​របស់គេ​មាន​កំរិត​»​ដែរ​។​

​ឧត្តមសេនីយ៍ប្រា​យុទ្ធ បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ការរស់នៅ​របស់​ប្រជាកសិករ ដោយសារ​តែ​ដី​ស្រែ​តែ​ប្រមាណ​៤០​ភាគរយ​មាន​ទឹក​ធ្វើ​កសិកម្ម​។​

​បើ​តាម​អគ្គនាយក​នៃ​នាយកដ្ឋាន​ស្រូវ ការ​ធ្លាក់ភ្លៀង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ស្រូវ​ប្រមាណ​១០​លាន​រ៉ៃ​(១,៦​លាន​ហិច​តា​)​នៅ​២០​ខេត្ត​នៅ​ភាគ​ខាងជើង ឦសាន​និង​ខ្ពង់រាប​កណ្តាល​។​

ស្រូវ​ក្នុង​ស្រែ​នៅក្នុង​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា ខូចខាត​ដោយសារ​ខ្វះ​ទឹក​

​នៅ​វៀតណាម គ្រួសារ​១៣៨.៨០០​នៅ​ភាគ​កណ្តាល​អាច​ប្រឈម​ការខ្វះ​ទឹក​ប្រើ​នៅ​រដូវប្រាំង​នេះ ដោយសារ​កំរិត​ទឹក​នៅ​តាម​ទន្លេ​ធំៗ​ធ្លាក់ចុះ​ទាប​ជាង​ធម្មតា​។​ទន្លេ​ខ្លះ ទឹក​ធ្លាក់​​ចុះ​ជាង​៧០​ភាគរយ ខណៈ​ទំនប់​និង​អាងទឹក​ក៏​ទឹក​ធ្លាក់ចុះ​២៥-៦០​ភាគរយ​ពី​កំរិត​ធម្មតា​។​

​គ្រួសារ​ប្រមាណ​១១៤.០០០​នៅ​តំបន់​កណ្តាល​កំពុង​ជួប​ការខ្វះ​ទឹកតែ​អាច​កើន​ដល់​១៣៨.៨០០​គ្រួសារ បើ​អាកាសធាតុ​ក្តៅ​បន្ត​រហូត​ដល់​ចុង​រដូវប្រាំង​នៅ​ខែ​កក្កដា​និង​សីហា​៕​ដោយ​៖​វាសនា​

ស្រែ​អត់​ទឹក​មួយ​នៅ​ខេត្ត​ប៊ិញ​ឌិញ​ភាគកណ្តាល​កាលពីខែក​ក្កដា​ឆ្នាំ​២០១៩