ការ​បោសសម្អាត​ដ៏​ធំ​នៅ​ហុងកុង បន្ទាប់ពី​ព្យុះ​សម្លាប់​មនុស្ស​៦៩​នាក់​នៅ​ហ្វីលីពីន​

2798
ចែករម្លែក
  • 14
    Shares

​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​ទី​១៧​កញ្ញា​នេះ​បានចាប់ផ្តើម​ការ​បោសសម្អាត​ធំ​មួយ ក្រោយពី​ព្យុះ​ម៉ាង​ឃុ​ត​វាយប្រហារ​ទីក្រុង​នេះ ដោយ​រំលំ​ដើមឈើ បំបែក​កញ្ចក់​បង្អួច​នៃ​អាគារ​​កប់​ពពក ទម្លាក់​ពិ​ដាន ស្លាក​សញ្ញា​ហាង​ពាសពេញ​ផ្លូវ​និង​បង្ក​ជំនន់​ជាទូទៅ​។​

​ក្រោយ​វាយប្រហារ​ហ្វីលីពីន សម្លាប់​មនុស្ស​៦៩នាក់ ព្យុះ​នេះ​ក៏បាន​វាយប្រហារ​ហុងកុង ម៉ា​កាវ​និង​ចិនដីគោក ដោយ​មនុស្ស​២​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​នៅក្នុង​​ខេត្ត​ក្វាង​ចូ​វ​។​

​អាជ្ញាធរ​បាន​និយាយថា គេ​បាន​ជម្លៀស​មនុស្ស​ជាង​៣​លាន​នាក់​និង​បញ្ជា​អោយ​ទូក​នេសាទ​រាប់ម៉ឺន​វិល​ចូល​ផែ​មុន​ការមកដល់​នៃ​ព្យុះ ដែល​សារព័ត៌មាន​ចិន​ហៅថា​”​ស្តេច​ព្យុះ​”​។​

​នៅ​តំបន់​មាន​អាគារ​ខ្ពស់ៗ​ក្នុង​ក្រុង​ហុងកុង រដ្ឋាភិបាល​បាន​ពណ៌នា​ការខូចខាត​ថា​”​ធ្ងន់ធ្ងរ​និង​ធំធេង​” ជាមួយនឹង​មនុស្ស​ជាង​៣០០​នាក់​រងរបួស​ដោយ​ព្យុះ​ម៉ាង​ឃុ​ត​។​

​ភារកិច្ច​ដ៏​ធំ​បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​បោសសម្អាត​ទីក្រុង ខណៈ​អ្នកក្រុង​ខ្លះ​ពាក់​ក្រវាត់ក​និង​អាវធំ ព្យាយាម​វិល​ទៅធ្វើ​ការ​នៅលើ​វិថី​ដែល​រារាំង​ដោយ​ដើមឈើ​​ដួលរលំ ភក់ និង​កំទេចកំទី​។

ព្យុះបំបែកកញ្ចប់អាគារខ្ពស់ៗនិងទម្លាក់សម្រាមពេញផ្លូវ រួមទាំងបង្កការជន់លិចដងវិថីនៅហុងកុង។វាត្រូវបានចាត់ទុកជាព្យុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៩៩

នៅហ្វីលីពីន ការងារបន្ទាន់ឥឡូវនេះគឺ ជីកកកាយរកអ្នកកប់ក្នុងការបាក់ដីសង្កត់នៅពីរភូមិនៃទីប្រជុំជនអ៊ីថុនហ្គោនហើយរបាយការណ៍ថាយ៉ាងតិចមនុស្ស៤៣នាក់កំពុងបាត់ខ្លួននិង៦៤នាក់ទៀតរងរបួស។

ចៅហ្វាយក្រុងអ៊ីថុនហ្គោនបាននិយាយថា មនុស្ស៥០នាក់ត្រូវបានសង្ស័យថាកប់ក្នុងបំណាក់ដី និង៩៩ភាគរយពួកគេស្លាប់៕ដោយ៖វាសនា

ពួកអ្នកជួយសង្រ្គោះកំពុងជីករកមនុស្សកប់ក្នុងដីបាក់នៅហ្វីលីពីន។មកត្រឹមថ្ងៃចន្ទទី១៧កញ្ញា មនុស្ស៦៩នាក់ត្រូវបានប្រកាសថាស្លាប់ដោយឧបទ្ទវហេតុនានាពាក់ព័ន្ធនឹងព្យុះម៉ាងឃុត