ការ​បំផ្ទុះ​គ្រាប់បែក​ចុងក្រោយ​នេះ​បង្ហាញថា​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើដំណើរ​លើផ្លូវ​ដ៏​លំបាក​ឆ្ពោះទៅរក​សន្តិភាព​

231

​នៅពេល​ការផ្ទុះ​ដ៏​ខ្លាំង​មួយ​បាន​អង្រួន​តំបន់​មួយ​នៃ​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​២៧​មករា ចំនួន​អ្នកស្លាប់​និង​របួស​ដ៏​ច្រើន​បាន​រំលឹក​ពិភពលោក​ថា​ការសម្រេចបាន​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅតែ​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​ប្រទេស​នេះ ជាពិសេស​នៅពេល​ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់ (HPC) ដែលជា​ស្ថាប័ន​ទទួលខុសត្រូវ​សម្រាប់​ការចរចារ​រវាង​រដ្ឋា​ភិ​បាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី បាន​កំពុងធ្វើការ​ងារ​របស់​ខ្លួន​នៅក្នុង​តំបន់​ក្បែរ​នោះ​។​

​មាន​ចំណាត់ការ​តិចតួច​ណាស់​ឆ្ពោះទៅរក​ការចរចារ​សន្តិភាព​ឬ​ការបង្កើតឡើងវិញ​នូវ​ទំនាក់ទំនង​ផ្លូវការ​ដោយផ្ទាល់​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី​បង់​ក្នុង​ឆ្នាំ ២០១៧​។ ប៉ុន្តែ​កាលពី​ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០១៧ HPC បានប្រកាសថា រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ឆន្ទៈ​អនុញ្ញាតឱ្យ​ក្រុម​ចលនា​បះបោរ​ធំ​បំផុត​នៅក្នុង​ប្រទេស គឺ​ពួក​តា​លី​បង់ បើក​ការិយាល័យ​នយោបាយ​មួយ​នៅក្នុង​ទីក្រុង​កា​ប៊ុល​។ ការអនុញ្ញាត​ត្រូវបាន​ផ្តល់​ដើម្បី​ចាប់ផ្តើម​ការចរចា​រស​ន្តិ​ភាព​និង​សម្រាប់​ពួក​តា​លី​បង់​ដាក់ចេញ​នូវ​យន្តការ​សម្រាប់​របៀប​នៃ​ការធ្វើ​កិច្ចចរចា​ដ៏​ប្រសើរ​បំផុត​។​

​ក្រោម​ការដឹកនាំ​របស់​លោក ការី​ម ខា​លី​លី (Karim Khalili) ប្រធាន HPC និង​ជា​អនុ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន អំឡុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក ហា​មី​ដ កា​ហ្សៃ HPC បានរៀបចំ​ការជួបជុំ​មួយចំនួន​ដើម្បី​លើកទឹកចិត្ត​ដល់​កិច្ចចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​និង​ពួក​តា​លី​បង់​។ HPC ក៏បាន​ស្វែងរក​ការគាំទ្រ​ពី​បណ្តា​ប្រជាជាតិ​អ៊ីស្លាម​ដទៃទៀត​ដើម្បី​បដិសេធ​ការរក​លេស​បែប​សាសនា​ដើម្បី​ធ្វើសង្គ្រាម​របស់​ពួក​តា​លី​បង់​និង​ដើម្បី​ប្រកាសថា​សង្គ្រាម​កំពុង​បន្ត​របស់​ពួក​តា​លី​បង់​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​ខុសច្បាប់​។ ទោះយ៉ាងណា ការចរចារ​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បន្ត​ទៅមុខ​សន្សឹមៗ​យ៉ាង​យឺត​បំផុត​។​

​ទី ១ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​បន្ត​មើលឃើញ​ប៉ា​គី​ស្ថាន​ថា​ជាស​ត្រូវ​ដ៏​សំខាន់​នៅក្នុង​ជម្លោះ​នេះ​និង​ជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ពួក​តា​លី​បង់ ដោយ​ជឿថា ក្រុម​តា​លី​បង់​មិន​អាចធ្វើ​សកម្មភាព​ដោយ​គ្មាន​ការគាំទ្រ​ពី​ក្រៅ​នោះទេ​។ ជាក់ស្តែង ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក អា​ស្រា​ហ្វ ហ្គា​នី (Ashraf Ghani) នៅពេល​ថ្លែង​ទៅកាន់​សម័យប្រជុំ​រួមមួយ​នៃ​សភា​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែមេសា​ឆ្នាំ ២០១៦ បាន​និយាយថា ពួក​មេដឹកនាំ​តា​លី​បង់​ដែល​ស្វែងរក​ទីជម្រក​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​គឺជា “​ទាសករ​របស់​ប៉ា​គី​ស្ថាន​” ។​

​ទី ២ ពួក​តា​លី​បង់​បានបង្ហាញ​ភាពបត់បែន​តិចតួច ឬ​ពុំមាន​ឆន្ទៈ​ក្នុង​ការចរចា​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​។ ក្រៅពី​ការទទូច​សុំឱ្យ​ទទួលស្គាល់​ការិយាល័យ​របស់​ពួកគេ​នៅ​កាតា ពួក​តា​លី​បង់​មិនមាន​ប្រតិកម្ម​អ្វី​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដើម្បី​បង្ហាញ​នូវ “​យន្តការ​” សម្រាប់​ការចរចា​នោះទេ​។ ការ​ចចេស​រឹងរូស​របស់​ពួក​តា​លី​បង់​អាចទាក់ទង​នឹង​ការ​ប្រជែង​ផ្ទៃក្នុង បន្ទាប់ពី​មេដឹកនាំ​តា​លី​បង់​លោក មូល​ឡាស មហាម៉ាត់ អាក់​ថា ម៉ាន់​សួ (Mullah Muhammad Akhtar Mansur) ដែលជា “​មេដឹកនាំ​ធម្មតា​” នៅក្នុង​ក្រុម​តា​លី​បង់ ត្រូវបាន​សម្លាប់​ដោយ​យន្តហោះ​ដ្រូ​ន​របស់​អាមេរិក​កាលពី​ខែឧសភា​ឆ្នាំ ២០១៦​។​

​ទី ៣ ទាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី​បាន​នៅតែ​បង្កើន​សង្គ្រាម​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក​នៅឡើយ​។ បន្ទាប់ពី​ការដក​កងទ័ព​ប្រយុទ្ធ​របស់​ខាង​លិចចេញ​នៅ​ចុងឆ្នាំ ២០១៤ ពួក​តា​លី​បាន​បានចាប់ផ្តើម​យុទ្ធនាការ​វាយ​ដណ្តើមយក​តំបន់​ធំៗ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគខាងត្បូង​។ សូម្បីតែ​ទីក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ គឺ​ទីក្រុង គុន​ឌូ​ស (Kunduz) នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​មិន​ធ្លាប់​រង​ឥទ្ធិពល​ពី​ពួក​តា​លី​សោះ​នោះ ត្រូវបាន​ដណ្តើម​កាន់កាប់​បណ្ដោះអាសន្ន​មួយរយៈ​ខ្លី​នៅ​ដើមឆ្នាំ ២០១៦​។ ទន្ទឹមនឹង​នេះដែរ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ន​ការវាយប្រហារ​តាម​អាកាស​និង​ការសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ដើម្បី​សងសឹក​ចំពោះ​ការពង្រីក​ទឹកដី​និង​វាយលុក​ខាង​យោធា​។ យុទ្ធសាស្ត្រ​សងសឹក​គ្នា​ទៅវិញទៅមក​បាន​បង្អាក់​ទាំង​ពួក​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន មិនឱ្យ​ចរចារ​សន្តិភាព​ទៅមុខ​រួច​នោះឡើយ​។​

​ទោះបីជា​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ពួក​តា​លី​បាន​បន្ត​ព្រលយ​អំពី​គំនិត​នៃ​កិច្ចចរចា​សន្តិភាព​ក៏ដោយ ក៏ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់បែក​ចុងក្រោយ​នៅ​ក្រុង​កា​ប៊ុល​បាន​បង្ហាញថា ជំហរ​របស់​ពួកគេ​នៅ​ទីបំផុត​នៅតែមាន​ភាព​តឹង​ត្អឹង​ដដែល​។ ការទម្លាយ​ភាពទាល់ច្រក​ខាង​នយោបាយ​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​មិនទាន់​អាចធ្វើ​ទៅបាន​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ចិន CGNT

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ មករា បាន​រំលឹក​ពិភពលោក​ថា​ការសម្រេចបាន​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅតែ​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន