ការ​ប្រជែង​អំណាច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ក្តៅគគុក​ឡើង ដោយសារ​អាម៉េរិក​និង​រុស្ស៊ី​លូកដៃ​

538
ចែករម្លែក
  • 28
    Shares

​របប​របស់លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​ជំរុញ​គាំទ្រ​ដោយ​ការដាក់​ពង្រាយ​យោធា​របស់​រុស្ស៊ី​ដោយ​ធ្វើឱ្យ​អាម៉េរិក​ខឹងសម្បារ​យ៉ាងខ្លាំង​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា បានប្រកាស​បម្រាម​លើ​មេដឹកនាំ​បណ្ដោះអាសន្ន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន លោក​ហ្វ័​ន ក្វា​យ​ដូ ពី​ការ​កាន់តំណែង​សាធារណៈ​រយៈពេល​១៥​ឆ្នាំ​។​

​ប៉ុន្តែ​ប្រធានសភា​លោក​ក្វា​យ​ដូ​បាន​វាយបក​វិញ​ភ្លាមៗ​ដោយ​និយាយថា ការហាមឃាត់​រយៈពេល ១៥ ឆ្នាំ ដែល​បានប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ដោយ​អគ្គសវនករ​របស់​ម៉ា​ឌូ​រ៉ូ គឺ​លោក​អែល​វី​ស អា​ម៉ូ​រ៉ូ​សូ (Elvis Amoroso) គឺ​គ្មាន​សុពលភាព​ឡើយ​។​

​លោក​បាន​និយាយថា “​គាត់​មិនមែនជា​អគ្គសវនករ​ទេ​…​សភា​ស្របច្បាប់​គឺជា​អ្នក​ដែលមាន​អំណាច​តែមួយគត់​ក្នុងការ​តែងតាំង​អគ្គសវនករ​”​។​

​សេចក្តីប្រកាស​នេះ​ក៏បាន​ជំរុញឱ្យមាន​ការឆ្លើយតប​ភ្លាម​ពី​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ កន្លែង​ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​រ៉ូបឺត ផាល់​ឡា​ឌី​ណូ បាន​ពណ៌នា​ចំណាត់ការ​នេះ​នៅក្នុង​សុន្ទរកថា​ខ្លី​មួយ​ថា​ជា “​រឿង​គួរឱ្យ​អស់សំណើច​”​។​

​វា​គឺជា​ការប៉ះទង្គិច​គ្នា​ចុងក្រោយបង្អស់​រវាង​លោក​ម៉ា​ឌូ​រ៉ូ​និង​លោក​ក្វា​យ​ដូ ដែល​អះអាង​រៀងៗ​ខ្លួន​ថា​ជា​មេដឹកនាំ​ស្របច្បាប់​នៃ​ប្រជាជាតិ​អាម៉េរិក​ខាងត្បូង​ដែលមាន​ប្រជាជន​ចំនួន ៣០ លាន​នាក់​នេះ​។​

​ការប្រណាំង​ប្រជែង​អំណាច​នេះ​បាន​រីក​រាលដាល​ទៅជា​ការតស៊ូ​អំណាច​ខាង​ភូមិសាស្ត្រ​នយោបាយ ជាមួយ​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​បាន​គាំទ្រ​លោក​ក្វា​យ​ដូ និង រុស្ស៊ី​គុយបា​និង​ចិន​បាន​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​។​

មេបក្ស​ប្រឆាំង​លោក​ក្វា​យ​ដូ និង​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ អះអាង​រៀងៗ​ខ្លួន​ថា​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា
  • ទីក្រុង​មូ​ស្គូ​គាំទ្រ​ខាង​លោក​ម៉ា​ឌូ​រ៉ូ​

​នៅក្នុង​ស្រុក ទោះបីជា​ពុំមាន​ប្រជាប្រិយភាព​គួបផ្សំ​ជាមួយ​ភាពច្របូកច្របល់​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ ក៏ប៉ុន្តែ​លោក​ម៉ា​ឌូ​រ៉ូ​មានអំណាច​ពេញដៃ ដោយសារ​ភាពស្មោះត្រង់​ពី​ពួក​មេបញ្ជាការ​យោធា​របស់គាត់ និង​វត្តមាន​កងទ័ព​រុស្ស៊ី ១០០ នាក់ ដែល​មកដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាំងពី​សប្តាហ៍​មុន​។​

​នៅឯ​បរទេស លោក​ក្វា​យ​ដូ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​ប្រឆាំងនឹង​របប​លោក​ម៉ា​ឌូ​រ៉ូ ដោយ​រុញ​មូលនិធិ​នានា​មករក​លោក​ក្វា​យ​ដូ និង​កំពុង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បេសកជន​របស់គាត់​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​បេសកកម្ម​ការទូត​និង​អង្គការ​អន្ដរជាតិ​ជាជាង​ទទួលស្គាល់​បេស​កក​ជន​របស់លោក​ម៉ា​ឌូ​រ៉ូ​។​

​លោក​ម៉ា​ឌូ​រ៉ូ​ដែល​រហូតមក​ដល់ពេលនេះ​បាន​យកចិត្តទុកដាក់​ចំពោះ​ការព្រមាន​របស់​សហរ​ដ្ឋ​អាម៉េរិក​កុំឱ្យ​ចាប់ខ្លួន​លោក​ក្វា​យ​ដូ​ក្រោម​ការ​គំរាម​បង្ក​ការបំផ្លិចបំផ្លាញ​មិនអាច​បរិយាយ​បាន​នោះ ទោះយ៉ាងណា​ហាក់​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ចាប់តាំងពី​ទទួលបាន​ការការពារ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​មូ​ស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​បាន​ទាត់ចោល​ចំពោះ​ការទាមទារ​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់​ត្រាំ ដែល​ប្រាប់​ឱ្យ “​រុស្ស៊ី​ត្រូវតែ​ចាកចេញ​” ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយថា កងទ័ព​របស់ខ្លួន ដែល​គេ​ពណ៌នា​ថា​ជា​កងទ័ព​ជំនាញ នឹង​បន្ត​នៅ “​យូរ​តាម​ដែល​ត្រូវការ​”​។​

​កាលពី​ថ្ងៃ​ចន្ទ​លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី សឺ​ហ្គី ឡាវ​រ៉ូ បាន​ចោទប្រកាន់​អាម៉េរិក​ថា​បានរៀបចំ​រដ្ឋប្រហារ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​របាយការណ៍មួយចំនួន​បាន​និយាយថា​ទាហាន​រុស្ស៊ី​នៅ​ទីនោះ​គឺ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​ការពារ​អាកាស​ដែល​បាន​ទិញ​ពី​រុស្ស៊ី​។​

  • អាម៉េរិក​រឹតបន្តឹង​ទណ្ឌកម្ម​

​សហរដ្ឋ​អាម៉េរិក​បាន​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​ចំណាត់ការ​របស់​រុស្ស៊ី ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ បានបង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ការសរសេរ​មួយ​នៅលើ Twitter ដែល​បាន​ខ្ចី​សញ្ញា​ទ្រុង​ជ្រូក (#) របស់លោក​ម៉ា​ឌូ​រ៉ូ ដែលជា​ទូទៅ​តែង​សំដៅ​ចំពោះ​អាម៉េរិក​។​

​លោក​ផ​ម​ផេ​វ​បានសរសេរថា “​លោក​ម៉ា​ឌូ​រូ​បាន​អំពាវនាវ​ឱ្យគេ​ដក​ដៃ​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ខណៈ​រូបលោក​បាន​អញ្ជើញ​កងកម្លាំង​សន្តិសុខ​ពី​គុយបា​និង​រុស្ស៊ី ដូច្នេះ​លោក​និង​បក្ខពួក​របស់លោក អាច​បន្ត​ប្លន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ វា​គឺជា​ពេលវេលា​ដែល​ស្ថាប័ន​នានា​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រូវ​ក្រោកឈរឡើង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ពួកគេ​។ រុស្ស៊ី​និង​គុយបា #​សូម​ដោះដៃ​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​សភា​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ថា​លោក​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​ម៉ិ​ក​ស៊ិ​ក​និង​ន័​រ​វែ​ស​អំពី​អនាគត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​ញ៉ាំងឱ្យមាន​ការរំពឹងទុក​នានា​ថា​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​ទីកន្លែង​ដែល​អាច​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​លោក​ម៉ា​ឌូ​រ៉ូ​។​

​ប៉ុន្តែ​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ច្រានចោល​ការលើកឡើង​ដូច្នេះ ជាមួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បាន​និយាយថា “​ការសន្ទនា​ទាំងនោះ​មិនបាន​បញ្ជាក់​ពី​លទ្ធភាព​ណាមួយ​ដែល​ម៉ិ​ក​ស៊ិ​ក​អាច​នឹង​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​សមាជិក​ណា​ម្នាក់​នៃ​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះទេ​”​។​

​រហូតមកទល់​ពេលនេះ យុទ្ធសាស្ត្រ​របស់​អាម៉េរិក​គឺ​ផ្តោត​សំខាន់​ទៅលើ​ការបង្កើន​ទណ្ឌកម្ម​។ ទណ្ឌកម្ម​ទាំងនោះ​នឹង​ឈានដល់​កម្រិត​មួយ​ដ៏​សំខាន់​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅក្នុង​រយៈពេល​មួយខែ​ទៀត គឺ​នៅ​ថ្ងៃទី ២៨ ខែមេសា នៅពេល​អាម៉េរិក​នឹងដាក់​បម្រាម​លើ​ការ​នាំចូល​ប្រេង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​ជាមួយ​សហរដ្ឋ​អាម៉េរិក​ជា​អតិថិជន​សំខាន់​មួយ​នៃ​ប្រេង​ឆៅ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជំហាន​បន្ទាប់​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ថវិការ​ដ្ឋ​របស់លោក​ម៉ា​ឌូ​រ៉ូ​។​

  • វិស័យ​ប្រេង​ដែល​រង​ផលប៉ះពាល់​យ៉ាងដំណំ​

​ការដាក់ទណ្ឌកម្ម​រប​ស់​អាម៉េរិក​ខ្លាំង​ឡើង​អស់​ជាច្រើន​ខែ​អម​ជាមួយនឹង​ការគ្រប់គ្រង​មិនល្អ​ដោយ​របប​ម៉ា​ឌូ​រ៉ូ​ខណៈដែល​របប​នេះ​ច្បាម​យក​ការគ្រប់គ្រង​អាជីវកម្ម​និង​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ព្រមទាំង​អំពើពុករលួយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អភិវឌ្ឍ​មិនបាន​ល្អ បាន​បំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។​

​រវាង​ថ្ងៃ​ចន្ទ​និង​យប់​ថ្ងៃ​ពុធ វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ជួបប្រទះ​ការ​ដាច់​ភ្លើង​ជា​លើក​ទី​ពីរ​នៅ​ទូទាំងប្រទេស​ក្នុង​ខែ​នេះ​។ ការ​ដាច់​ភ្លើង​លើកទីមួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺមាន​ទំហំ​ធំ​និង​ដាច់​ពេញ​មួយ​សប្តាហ៍​ទូទាំងប្រទេស​។​

​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ការដឹកជញ្ជូន​ការផ្គត់ផ្គង់​ទឹក​ការទំនាក់ទំនង​និង​ទូរ​កាត​អេ​ធី​អឹម​របស់​ធនាគារ ព្រមទាំង​បណ្តាលឱ្យ​បិទ​សាលារៀន​និង​ការិយាល័យ​សាធារណៈ​ជាច្រើន​កន្លែង ខណៈ​បន្ថយ​នូវ​ស្តុក​អាហារ​ក្លាសេ ដែល​កំពុង​ខ្វះខាត​ជាស្រេច​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា វិស័យ​ប្រេង ដែល​បាន​នាំមក​នូវ​ប្រាក់ចំណូល​រដ្ឋ ៩៦ ភាគរយ ត្រូវបាន​ជាប់គាំង​លែង​ដំណើរការ​ទៅហើយ​។​

​អ្នកវិភាគ​ឈ្មោះ ល្វី​ស អូ​លី​វើ​រ៉ូ​ស បាន​និយាយថា ផលប៉ះពាល់​លើ​រោងចក្រ​ខ្លះ​នៃ​ក្រុមហ៊ុន​ប្រេង​រដ្ឋ ប្រហែលជា​មិនអាច​ស្តារឡើងវិញ​បានឡើយ​។​

​ការណ៍​នេះ​អាចជា​ដំណឹង​អាក្រក់​សម្រាប់​រុស្ស៊ី​និង​ចិន​ដែលជា​ម្ចាស់បំណុល​ធំជាងគេ​ទាំងពីរ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​បាន​សន្យា​សង​វិញ​ជា​ប្រេង​។​

  • ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​អស់សង្ឃឹម​

​សម្រាប់​ប្រជាជន​សាមញ្ញ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ការ​ដាច់​ភ្លើង​នេះ​គឺជា​ការ​វាយ​សំពង​មួយទៀត​ជាន់​ពីលើ​អតិផរណា​ខ្ពស់​និង​អសន្តិសុខ​ស្បៀងអាហារ ដែល​រុញឱ្យ​មនុស្ស​ជាច្រើន​ឆ្ពោះទៅរក​មាត់ជ្រោះ​នៃ​ការប្រឹងប្រែង​ដើម្បី​តែ​រស់​មួយ​មុខ​។​

​លោក​ម៉ូ​រ៉ូ ហឺ​ណង់​ដេ​ស អាយុ ៥៧ ឆ្នាំ​ជា​អ្នករស់នៅ​ក្នុង​ទីក្រុង​កា​រ៉ា​កាស ដែល​បង្ខំចិត្ត​ដើរ ៩០ នាទី​ដើម្បី​ទៅធ្វើ​ការ បាន​និយាយថា “​នេះ​បានធ្វើឱ្យ​គ្រប់គ្នា​អស់សង្ឃឹម​…​គ្រប់គ្រាន់​ហើយ​”​។​

​រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​បាន​បន្ទោស​ការ​ដាច់​ចរន្តអគ្គិសនី​ទៅលើ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​អាម៉េរិក​និង​សកម្មភាព​ភេរវកម្ម​របស់​គណបក្ស​ប្រឆាំង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​លោក​ច​ច រ៉ូ​ឌ្រី​ហ្គេ​ស បាន​អះអាងថា ថាមពល​ត្រូវបាន​ស្ដារឡើងវិញ​នៅ​ផ្នែក​ភាគច្រើន​នៃ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​ប៉ុន្តែ​យោងតាម​អង្គការសហប្រជាជាតិ មនុស្ស​ជាច្រើន​បាន​បន្ត​បោះបង់ចោល​ប្រទេស​ដែល​កំពុង​ដួលរលំ​មួយ​នេះ ដោយ​ប្រជាជន​ជិត ៣ លាន​នាក់​បាន​ចាកចោល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចាប់តាំងពី​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​