ការ​ប្រជែង​អំណាច​រវាង​អាម៉េរិក​និង​ចិន​នឹង​ពុះកញ្ជ្រោល​ឡើង​នៅ​បាងកក​ក្នុង​សប្តាហ៍​នេះ​

591
ចែករម្លែក

​ការ​ប្រជែង​រវាង​អាម៉េរិក​និង​ចិន​គ្រោង​នឹង​កាន់​តែមាន​ភាពខ្លាំង​ក្លា​ឡើង​នៅឯ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បាងកក ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​ទី​៣១​កក្កដា​នេះ កន្លែង​ដែល​អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ទទូចថា​ប្រទេស​របស់លោក​នៅតែ​ជា​មហាអំណាច​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏​សំខាន់​នៅ​ចំពោះមុខ​ផែនការ​អាក្រក់​ខាង​យោធា​របស់​ទីក្រុង​ប៉េកាំង​នៅក្នុង​ដែនសមុទ្រ​និង​ដែនអាកាស​ដែល​កំពុងមាន​ការដណ្តើម​គ្នា​កាន់កាប់​។​

​រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ១០ នឹង​មក​ប្រជុំ​នៅ​រាជធានី​ថៃ​នៅ​សប្តាហ៍​នេះ​។​

​ពួកគេ​នឹង​ត្រូវបាន​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​និង​សម​ភាគី​ចិន​និង​រុស្ស៊ី​របស់លោក ជាមួយ​រឿង​សំខាន់​ចាស់ៗ​ជាច្រើន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ រំពឹង​គ្របដណ្តប់​លើ​កិច្ចប្រជុំ​។​

​ភាព​តានតឹង​ផ្នែក​សន្តិសុខ​ក៏​ទំនងជា​ត្រូវ​លើក​យកមក​និយាយ​ផងដែរ​រួមទាំង​ការ​ល្បាត​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រួមគ្នា​រវាង​ចិន​និង​រុស្ស៊ី​មិន​ធ្លាប់មាន​ពីមុនមក​កាលពី​សប្តាហ៍​មុន​នៅលើ​ដែនអាកាស ដែល​អះអាង​កាន់កាប់​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។​

​ចិន​បាន​បដិសេធថា​ខ្លួន​មិនបាន​ហោះចូល​ដែនអាកាស​របស់​ជប៉ុន​ឬ​កូរ៉េខាងត្បូង​នោះទេ ប៉ុន្តែ​សមយុទ្ធ​នេះ​បាន​អង្រួន​ទីក្រុង​តូ​ក្យូ​និង​សេ​អ៊ូ​ល និង​ជាការ​ធ្វើតេស្ត​ថ្មី​នៃ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅក្នុង​តំបន់ ដែលមាន​សម្ព័ន្ធមិត្ត​អាស៊ី​ដ៏​សំខាន់​ពីរ​របស់ខ្លួន (​កូរ៉េខាងត្បូង​និង​ជប៉ុន​)​។​

​លោក​ផ​ម​ផេ​វ​នឹង​ផ្ញើ​សារ​នៃ​ការ​ធានាថា​សហរដ្ឋ​អាម៉េរិក​នៅតែ​ចូលរួម​យ៉ាង​ពេញទំហឹង​នៅក្នុង​ទ្វីបអាស៊ី​ខណៈដែល​ប្រទេស​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​និង​យោធា​ជាមួយ​ប្រទេសជិតខាង​របស់ខ្លួន​។​

​មន្ត្រី​ក្រសួងការបរទេស​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ដំណើរ​របស់លោក​ផ​ម​ផេ​វ​ថា “​រដ្ឋបាល​នេះ​មិន​ត្រឹមតែ​និយាយ​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​តំបន់​ប៉ុណ្ណោះ​ទេ តែ​យើង​ថែមទាំង​កំពុង​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មិត្តភក្តិ​និង​ដៃគូ​របស់​យើង​ផងដែរ​”​។​

​មន្ត្រី​នោះបាន​បន្ថែមទៀតថា “​នោះ​គឺ​រួមបញ្ចូល​ទាំង​ការធានា​នូវ​សេរីភាព​នៃ​ដែនសមុទ្រ​និង​ដែនអាកាស និង​ការការពារ​ប្រទេស​មាន​អធិបតេយ្យភាព​ពី​ការបង្ខិតបង្ខំ​ពី​ខាងក្រៅ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ១០ នឹង​មក​ប្រជុំ​នៅ​បាងកក​នៅ​សប្តាហ៍​នេះ