ការ​ប្រមាញ់​បុរស​ដែល​គេ​ហៅថា អែល ឆា​ប៉ូ អាស៊ី​

490
ចែករម្លែក

​អាជ្ញាធរ​កំពុង​តាម​ស្វែងរក​មេ​ជួញដូរ​ថ្នាំញៀន​ដ៏​អាថ៌កំបាំង​ម្នាក់ ដែល​គេ​ដាក់ឈ្មោះថា ស្តេចត្រាញ់​ថ្នាំញៀន អែល ឆា​ប៉ូ របស់​អាស៊ី​។​

​ក្រុម​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​ពហុ​ជាតិ​មួយ កំពុង​តាម​ប្រមាញ់ ត្សេ ជី​ឡុប បុរស​ជនជាតិ​កាណាដា ដើមកំណើរ​ចិន ដែល​ត្រូវ​គេ​សង្ស័យ​ថា​ដឹកនាំ​ចក្រភព​ថ្នាំញៀន​ធំ​មួយ​ដែល​​រក​បាន​ប្រាក់​១៧.០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​កំពុង​ធ្វើអោយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជោរជន់​ទៅដោយ​ថ្នាំញៀន មេតំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ីន នង​កេតា​មីន​។​

​អាជ្ញាធរ​ជឿថា ត្សេ ដែល​ទៅ​ណា​មក​ណា​ក្រោម​ការការពារ​ពី​ពួក​អ្នក​ប្រដាល់​ថៃ ដឹកនាំ​ក្រុមហ៊ុន​ថ្នាំញៀន​ធំ​មួយ ដែល​បង្កើតបាន​ជា​ក្រុម​ឧក្រិដ្ឋ​ជាច្រើន​នៅ​អាស៊ី ហៅ​ថា​បណ្តាញ​​ជួញដូរ​ថ្នាំញៀន​ស្រមោល សាំ ហ្គ័​រ ។​

​ត្សេ អាយុ​៥៥​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ដាក់ទោស​នៅ​ឆ្នាំ​១៩៩៨ ដោយ​តុលាការ​សង្កាត់​អ៊ី​ស្ទើន​នៃ​ក្រុង​ញូវយ៉ក កន្លែង​ដែល​មេ​ថ្នាំញៀន​អន្តរជាតិ ចូ​អាគីន អែល ឆា​ប៉ូ ត្រូវបាន​​កាត់ទោស​ដាក់គុក​មួយ​ជីវិត​នៅ​ឆ្នាំ​នេះ​ចំពោះ​ទោស​ដឹកនាំ​ក្រុម​ថ្នាំញៀន​Sinaloa​ដើម្បី​នាំ​ថ្នាំញៀន​ពី​នៅ​ម៉ិក​ស៊ិច ចូល​អាម៉េរិក​។​

​បុរស​នេះ​បាន​ប្រឈម​ការជាប់គុក​មួយជីវិត តែ​គាត់​បាន​ប្រាប់​ចៅក្រម​អំពី​ឪពុក​ម្តាយ​និង​កូន​មាន​ជម្ងឺ ហើយ​បាន​ជាប់គុក​តែ​៩​ឆ្នាំ​។​ក្រោយ​ត្រូវ​បាន​ដោះលែង​នៅ​ឆ្នាំ​២០០៦ អា​​ជ្ញាធរ​មានជំនឿថា ត្សេ​មិន​វិល​ទៅ​រក​មុខរបរ​ថ្នាំញៀន​ជាថ្មី​ឡើយ តែ​មិន​ដល់​ឆ្នាំ​២០១៦​ទេ អាជ្ញាធរ​មាន​ដឹង​អំពី​វត្តមាន​ចក្រភព​សាំ​ហ្គ័​រ​។​

​សមាជិក​ម្នាក់​នៃ​ក្រុម​សាំ​ហ្គ័​រ​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​មី​យ៉ាន់​ម៉ា ជាមួយ​ថ្នាំញៀន​កេតា​មីន​ទាំង​ដុំៗ ចង​ជាប់​នឹង​ជើង​និង​ទូរស័ព្ទ​២ ជាមួយនឹង​ភស្តុតាង​​វីដេអូ​បង្ហាញ​បុរស​ដែល​គេ​ចង​និង​ធ្វើ​ទារុណកម្ម​។​

​បុរស​នេះ​ត្រូវបាន​គេ​វាយ​ធ្វ​បាប​ដោយសារតែ​បាន​គ្រវែង​ចោល​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៣០០​ក្រាម​ចេញពី​ទូក​មួយ ដោយសារ​តែ​ស្មានថា​កំពុង​ត្រូវ​សមត្ថ​កិ​ច​ដេញ​។​

​យោងតាម​របាយការណ៍​ប៉ូលិស ទូរស័ព្ទដៃ​ដែល​រឹបអូស​បាន​នេះ​ក៏​ផ្តល់​អោយ​អាជ្ញាធរ​ដឹង​អំពី​ល្អាង​ភ្នំ អា​ឡា​ដាំ​ង រួម​មាន​រូប​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក ដែល​បាន​ជួយ​ដល់​ភ្នាក់ងារ​អនុ​​វត្ត​ន៍​ច្បាប់​ពី​ប្រទេស​ផ្សេងៗ រួម​គ្នា​កំចាត់​ក្រុម​នេះ​។​

​ទូរស័ព្ទ​នេះ​ក៏​ផ្តល់​តំរុយ​សំខាន់ៗ ដូចជា​ទូក​ដែល​ក្រុម​សាំ​ហ្គ័​រ​ប្រើ​សំរាប់​ដឹកជញ្ជូន​ថ្នាំញៀន កន្លែង​ទម្លាក់​ទំនិញ​និង​កន្លែង​ដែល​ក្រុម​នេះ​ធ្វើ​សកម្មភាព​ភាគច្រើនៅ​មី​យ៉ាន់​ម៉ា​ខាង​​ជើង​ព្រមទាំង​រូប​របស់ ត្សេ​។​

​តែ​ទោះជា​មាន​តំរុយ​និង​យល់ដឹង​ច្រើន ត្សេ​នៅតែ​គេចខ្លួន​រួច​។​ប៉ូលិស​និយាយថា ត្សេ មើល​ទៅ​មិន​ទំនង​ជា​មេ​ថ្នាំ​ញៀន​ទេ គាត់​ដូច​អ្នកជំនួញ​កាត់​ចិន​ធម្មតា​ម្នាក់​។​

​តែ​ទោះជា​មិនសូវ​ចេញ​មុខមាត់​និង​បង្ហាញ​អំណាច​ខ្លាំង​ក្តី ត្សេ ជា​មនុស្ស​ចូល​ចិត្ត​លេង​ល្បែង​នៅ​កាស៊ីណូ និង​ល្បែង​ប្រណាំង​សេះ ។​មាន​សេចក្តីរាយការណ៍​ថា គ្រាន់​តែ​មួយ​យប់​​គាត់​ចាញ់ល្បែង​នៅ​ម៉ា​កាវ​អស់​៦៦​លាន​ដុល្លារ​៕​ដោយ​៖​វាសនា​

អាជ្ញាធរ​បញ្ចេញ​រូប​របស់ត្សេ និង​ការបង្ក្រាប​ថ្នាំញៀន​របស់​ក្រុម​សាំ​ហ្គ័​រនា​ពេលកន្លងមក