ការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ផ្តោតលើ​ប្រទេស​ចំនួន៦ រួមមានកម្ពុជា

1000

​អាជ្ញាធរ​ថៃ​បាន​ទាក់ទង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម សិង្ហ​បុរី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុងការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់ ខណៈ​ពួកគេ​ជឿថា លោកស្រី​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ទាំងនេះ​ដើម្បី​គេចខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ក្រសួងការបរទេស​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​តាមរយៈ​បណ្តាញ​ទូត​ជាមួយ​ប្រទេស​ចំនួន ៦ និង​ពិនិត្យមើល​ចំណុច​អន្តោប្រវេសន៍​តាម​បណ្តោយ​ព្រំដែន​ថៃ​ដើម្បី​ស្វែងរក​លោកស្រី​យី​ង​ឡាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ព្រះរាជាណាចក្រ​ថៃ ភ្លាមៗ​មុនពេល​សាលក្រម​ត្រូវបាន​ប្រកាស​អំពី​ករណី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​កាលពី​សប្តាហ៍​មុន​។

​លោក​ប្រា​យុទ្ធ​និយាយថា ប្រទេស​ថៃ​មិនបាន​ទាក់ទង​ចក្រភព​អង់គ្លេស​ទេ កន្លែង​ដែល​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​រំពឹងថា​នឹង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ ខណៈដែល​លោក​សង្ស័យថា​លោកស្រី​នឹង​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ឋានៈ​នេះ​ទេ​។
​ទីកន្លែង​លក់ខ្លួន​បច្ចុប្បន្ន​របស់​លោកស្រី​យី​ង​ឡាក់​នៅតែ​ជា​អាថ៌កំបាំង ចាប់តាំងពី​លោកស្រី​មិនបាន​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ស្តាប់​សេចក្តីសម្រេច​ចុងក្រោយ​លើ​ការចោទប្រកាន់​លោកស្រី​ពីបទ​មិន​យកចិត្តទុកដាក់​លើ​ភាពមិនប្រក្រតី​ក្នុង​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​ដែល​បណ្តាលឱ្យ​ខាត​ថវិការដ្ឋ​រាប់ពាន់​លាន​បាត ។​

​មេបញ្ជាការ​កងទ័ព លោក​ចា​ឡឺម​ចៃ សិត​ធី​សាត និយាយថា លោក​ជឿជាក់ថា​ការ​រត់គេច​របស់លោក​ស្រី​យី​ង​ឡាក់​ត្រូវបាន​គ្រោងទុក​យ៉ាង​ល្អ​ជាមួយ​ការរៀបចំ​ជាមុន ដែល​ធ្វើឡើង​ដោយមាន​ជំនួយ​ពី​បងប្រុស​របស់លោក​ស្រី គឺ​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​ត្រូវបាន​ដួលរលំ​ដោយ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្នកំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ទីក្រុង​ឌូ​បៃ​។

​លោក​សិត​ធី​សាត​និយាយថា “​មិន​ដូច​មនុស្ស​សាមញ្ញ​ទេ លោកស្រី​យី​ង​ឡាក់​មាន​សក្តានុពល​ក្នុងការ​រត់គេច​ដោយ​ខ្លួនឯង​។ បងប្រុស​របស់គាត់​អាច​រៀបចំ​គ្រឿង​សម្ភារៈ​នានា​សម្រាប់​គាត់ ដូចជា​យន្តហោះ​ឯកជន​ជាដើម​”​។ គាត់​បន្ថែមទៀតថា លោកស្រី​បាន​បោះបង់​ទូរស័ព្ទដៃ​របស់គាត់​ហើយ​ឈប់​ប្រើ​រថយន្ត​ធម្មតា​របស់គាត់​ដើម្បី​ធ្វើដំណើរ ពោលគឺ​ភ្លាមៗ​មុនពេល​គាត់​បាត់​ខ្លួន​។​

​មេបញ្ជាការ​យោធា​រូបនេះ​បាន​និយាយថា លោក​ជឿជាក់ថា លោកស្រី​យី​ង​ឡាក់​បាន​ចាក​ចេញពី​ប្រទេស ទោះបីជា​មិនមាន​ភស្តុតាង​ច្បាស់លាស់​ថា​លោកស្រី​បានធ្វើ​ដូច្នេះ​ក៏ដោយ​។

​លោក​បាន​ទទួលស្គាល់ថា ការរត់​គេចខ្លួន​រប​ស់លោក​ស្រី​បានបង្ហាញ​ពី​កំហុសឆ្គង​នៅក្នុង​ប្រតិបត្តិការ​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់ (NCPO) និង​កងទ័ព ដែល​គ្រប់គ្រង​លើ​បញ្ហា​សន្តិសុខ​និង​ព្រំដែន​។

​មេ​ប៉ូលិស​ជាតិ លោក​ចាក់​ធីប ចៃ​ចិន្តា និយាយថា ក្រុមមន្ត្រី​នឹង​និយាយ​ជាមួយ​មនុស្ស​យ៉ាងតិចណាស់ ១៤ នាក់ ដែល​បាន​រាយការណ៍​ថា បាន​ជួប​លោកស្រី​យី​ង​ឡាក់​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាងកក​មុនពេល​គាត់​ភៀសខ្លួន​ចេញពី​ប្រទេស​។
​ប៉ូលិស​មុននេះ​បាន​សាកសួរ​អង្គរក្ស​របស់លោក​ស្រី ក្នុងនោះ​រួមទាំង​លោក​វរសេនីយ៍ វ៉ា​តាន់​យូ វិត​ថា​យ៉ា​ផល្លា​ថៃ ដែល​បានផ្តល់​សន្តិសុខ​ដល់​អ្ន​ក​កាន់តំណែង​ការិយាល័យ​នយោបាយ​របស់​គ្រួសារ​ស៊ីណា​វ៉ា​ត់ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​មកម្ល៉េះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ស្រី​វ៉ា​រ៉ា រង្ស៊ី​ប្រា​ម៉ា​ណា​គុល (Srivara Rangsipramanakul) ស្នងការរង​ប៉ូលិស​បាន​និយាយថា លោក​បាន​ជួប​លោក វ៉ា​តាន់​យូ កាលពី​ថ្ងៃ​ចន្ទ​។ គាត់​បាន​និយាយថា​វា​គឺជា​ការពិភាក្សា​ដ៏​មាន​ប្រយោជន៍​ប៉ុន្តែ​គាត់​មិនអាច​បង្ហាញ​ព័ត៌មាន​លម្អិត​បានទេ​។

​ប៉ូលិសអន្តោប្រវេសន៍​បាន​ត្រួតពិនិត្យ​ចំណុច​ចេញដំណើរ​ទាំងអស់ រួមទាំង​អាកាសយានដ្ឋាន​ផងដែរ ប៉ុន្តែ​មិនបាន​រកឃើញ​តម្រុយ​អំពី​របៀប​ដែល​លោកស្រី​ចាក​ចេញពី​ប្រទេស​ទេ​។

​ប៉ូលិស​ថៃ​បាន​ទាក់ទង​ទៅ​ប៉ូលិស​អន្តរជាតិ (Interpol) ដែល​ត្រូវបាន​តំណាង​នៅក្នុង​ប្រទេស​ជាង ១៩០ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​បានទទួល​ការឆ្លើយតប​ណាមួយ​នៅឡើយ​ទេ​។

​លោក ប្រា​យុទ្ធ និង​លោក ចា​ឡឺម​ចៃ បាន​រំលឹក​ឡើងវិញ​ថា មន្ត្រី​យោធា​ដែល​បាន​ឃ្លាំមើល​បំលាស់​ទី​របស់លោក​ស្រី​យី​ង​ឡាក់ មិនបាន​ចូលរួម​ឬ​ជួយ​សម្រួល​ដល់​លោកស្រី​ដើម្បី​រត់គេចខ្លួន​នោះទេ​។

​មេបញ្ជាការ​កងទ័ព​ថៃ​និយាយថា “​ខ្ញុំ​មិនឃើញ​អត្ថប្រយោជន៍​ណាមួយ [​សម្រាប់ NCPO] នោះទេ​។ ឥឡូវនេះ​យើង​ត្រូវគេ​បន្ទោស​។ នាយករដ្ឋមន្ត្រី​ចាន់​អូ​ចា តេ​ហៅ​ខ្ញុំ​រៀងរាល់ថ្ងៃ​ដើម្បី​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង​ដើម្បី​កំណត់​ទីតាំង​របស់លោក​ស្រី​”​។

​លោក​ប្រា​យុទ្ធ​និយាយថា “​អ្នក​ទាំងអស់គ្នា​នៅតែ​រអ៊ូរទាំ​ថា​យើង​រំលោភ​លើ​សិ​ទិ្ធ​មនុស្ស​ដោយ​ការឃ្លាំមើល​យ៉ាង​ដិតដល់​លើ​រូប​លោកស្រី ដូច្នេះ​ឥឡូវនេះ​កុំ​ត្អូញត្អែរ​។ ខ្ញុំ​សោកស្តាយ ដែល​យើង​ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការឱ្យ​លោកស្រី​ចាកចេញ ដែលជា​រឿង​មិន​ពិត​ទាល់តែសោះ​” ។
​លោក​បន្ថែមថា មន្ត្រី​ទាំងអស់​ដែល​រកឃើញថា​បាន​ជួយ​លោកស្រី​យី​ង​ឡាក់ នឹងត្រូវ​កាត់ទោស​។ លោក​បាន​និយាយថា “​ត្រូវតែមាន​វិធី​ស្របច្បាប់​ដើម្បី​កាត់ទោស​លោកស្រី​ឱ្យខាងតែបាន​”​។

​លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​រត់គេច​របស់លោក​ស្រី​យី​ង​ឡាក់​ទេ ដោយ​លោក​បាន​បន្ថែមថា លោក​មិនដែល​ស្គាល់​លោកស្រី​យី​ង​ឡាក់​ដោយផ្ទាល់​ម្តងណា​ទេ​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួងការបរទេស​និង​ការិយាល័យ​សន្តិសុខ​បាន​ចោទសួរ​ថា​តើ​អ្នកណា​ដែល​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើ​ការដកហូត​លិខិតឆ្លងដែន​ថៃ​របស់លោក​ស្រី​យី​ង​ឡាក់​។​

​ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក​ដុន ប្រា​មុត​វី​ណៃ និយាយថា​ក្រសួង​ចាំបាច់​ត្រូវឱ្យ​ប៉ូលិស​ចូលមក​ទាក់ទង​សុំ​ដកហូត​លិខិតឆ្លងដែន​សិន​ទើបបាន​នោះ លោក​ចាក់​ធីប​អគ្គស្នងការ​ប៉ូលិស​និយាយថា ក្រសួង​គួរតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​។

​លោក​ចាក់​ធីប និយាយថា “​ប្រភេទ​រឿង​ទាំងនេះ​មិនចាំបាច់​ត្រូវការ​បញ្ជា​ដើម្បី​ដំណើរការ​នោះទេ​។ ប្រសិនបើ​វា​ជា​កាតព្វកិច្ច​របស់​ពួកគេ វា​អាច​ដំណើរការបាន​ភ្លាម​តែម្តង​”៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរ​ថៃ​បាន​ទាក់ទង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម សិង្ហ​បុរី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុងការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់