ការ​ប្រាស់​ប្រាស់​អាស្ពីរីន​ច្រើន អាចធ្វើ​ឲ្យ​មនុស្ស​ចាស់​ងាយ​ត្រូវ​ហូរឈាម​ក្រពះ​

1335
ចែករម្លែក

​អាស្ពីរីន​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ឈាមរាវ ហេតុនេះ​ត្រូវបាន​ប្រើ​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង ស្ត្រូ​ក ។​

​មនុស្ស​ចាស់​មួយចំនួន មាន​សុខ​ភាពល្អ​ក៏​លេប​អាស្ពីរីន ក្នុង​គោលបំណង​បង្ការ​ជំងឺ ។ វិធី​នេះ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​ហូរឈាម​ក្រពះ ។​

​មនុស្ស​ចាស់​ពេល​កំពុងមាន​សុខភាព​ល្អ នោះ​មិន​គួរប្រើ​ថ្នាំ​អាស្ពីរីន​ជាប្រចាំ ។ បណ្តា​ភស្តុតាង​វិទ្យាសាស្ត្រ​បង្ហាញថា ថ្នាំ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ធ្លាប់​ឈឺបេះដូង ឬ ស្ត្រូ​ក ។​

​ការស្រាវជ្រាវ​បែរជា​មិន​រកឃើញ​ប្រយោជន៍​សុខភាព ចំពោះ​អ្នក​ពុំទាន់​ធ្លាប់​ឈឺបេះដូង ឬ ស្ត្រូ​ក អាយុ​លើស ៧០ ឆ្នាំ ។ មិនតែប៉ុណ្ណោះ ថ្នាំ​នៅ​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ហូរឈាម​ក្នុង​សរីរាង្គ ។​

​ទោះបី​វិទ្យាសាស្ត្រ​បានបញ្ជាក់​ពី​ផលប្រយោជន៍​របស់​អាស្ពីរីន តែ​ការស្រាវជ្រាវ​ជាច្រើន​ក៏​បង្ហាញ​នូវ​ហានិភ័យ​ដែល​នឹង​កើនឡើង ពេល​អ្នក​លេប​ឈានចូល​អាយុ​ម​ជ្ឈឹ​ម​វ័យ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី បាន​ដំណើរការ​ស្រាវជ្រាវ​លើ​មនុស្ស​ជាង ១៩.០០០ នាក់ នៅ​អាមេរិក និង​អូស្ត្រាលី ។ ទាំងអស់គ្នា​សុទ្ធ​តែមាន​សុខភាព​ល្អ​, ពុំមាន​ប្រវត្តិ​ឈឺបេះដូង និង​មាន​អាយុ​លើស ៧០ ឆ្នាំ ។ ជាង​ពាក់កណ្តាល​ក្នុងចំណោម​នេះ​ត្រូវបាន​សំណូមពរ​ឲ្យ​ប្រើ​ថ្នាំ​អាស្ពីរីន​កម្រិត​ទាប ក្នុង​រយៈពេល ៥ ថ្ងៃ ។ លទ្ធផល​បង្ហាញថា អាស្ពីរីន​មិន​ជួយ​បន្ថយ​ហានិភ័យ​កើត​បញ្ហា​អំពី​បេះដូង ឬ នាំមក​នូវ​ផលប្រយោជន៍​សុខភាព​ណាមួយ ។ ប៉ុន្តែ ចំនួន អ្នក​លេបថ្នាំ​ត្រូវ​ហូរឈាម​ក្រពះ បែរជា​កើន ។​

​លោក​សាស្ត្រាចារ្យ ច​ន ម៉ាក ណែ​ល ( John Mc Neil) អ្នកដឹកនាំ​ការស្រាវជ្រាវ បាន​ឲ្យ​ដឹង «​រឿងនេះ​មានន័យថា មនុស្ស​ចាស់​មាន​សុខភាព​ល្អ រាប់លាន​នាក់​លើ​ពិភពលោក កំពុង​លេប​អាស្ពីរីន​ជាប្រចាំ​ដោយ​មិនចាំបាច់ ខាង​ផ្នែក​វេជ្ជសាស្ត្រ​» ។​

​របកគំហើញ​ថ្មី​នេះ ក៏​ជួយ​វេជ្ជបណ្ឌិត​ដឹង​ច្បាស់​ជាង​ថា តើ​គួរ​ឲ្យ​អ្នកជំងឺ​ប្រើ​អាស្ពីរីន ឬ អត់​, ប្រការ​ដែល​តាំងពី​យូរ​គេ​មិន​ប្រាកដ​ចំពោះ​អ្នកជំងឺ​មាន​សុខ​ភាពល្អ ។​

​ចំពោះ​អ្នក​បាន​ប្រើ​អាស្ពីរីន​តាម​វេជ្ជបញ្ជា និង​បាន​ប្រើ​ក្នុង​រយៈពេល​វែង​នេះ មិនត្រូវ​បញ្ឈប់​លេប​ដោយ​ខ្លួនឯង ព្រោះ​វា​អាច​បង្កបញ្ហា​សុខភាព តែ​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត​ពិគ្រោះ​យោបល់ ៕ ប្រែ​សម្រួល​: រតនៈ​