ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ១០០០លានដុល្លារពី​លោកស្រី​យី​ង​ឡាក់ ចាប់ផ្តើម​!

1509
ចែករម្លែក

​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នឹង​ចាប់ផ្តើម​រឹបអូស​យក​ទ្រព្យសម្បត្តិ​ពី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​លម្អិត​អំពី​គណនី​ធនាគារ​ចំនួន ១២ របស់លោក​ស្រី ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។​

​លោកស្រី រឿន​វ៉ាន់ឌី សុ​វ៉ាន់​មង្គល អគ្គនាយក​នៃ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កក្កដា​ថា នាយកដ្ឋាន​លោកស្រី​បានទទួល​បញ្ជី​គណនី​ធនាគារ​រួចហើយ ហើយនឹង​ចាត់វិធានការ​តាម​ការស្នើ​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​។

​លោកស្រី​បន្ថែមថា ដោយសារ​ស្ថានភាព​ដែន​កំណ​ត់នៃ​ករណីនេះ​មាន​រយៈពេល ១០ ឆ្នាំ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាច​ផ្ញើ​បញ្ជី​ថែមទៀត ជា​បន្តបន្ទាប់​មកនាយក​ដ្ឋា​ន​អនុវត្ត​ច្បាប់ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី​យី​ង​ឡាក់​។

​ក្រសួង​ហិរញ្ញវត្ថុ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បញ្ជូន​ព័ត៌មាន​លម្អិត​អំពី​គណនី​ធនាគារ​ចំនួន ១២ ក្រោម​ឈ្មោះ​លោកស្រី​យី​ង​ឡាក់ ទៅ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ កាលពី​ពីរ​សប្តាហ៍​មុន ដូច្នេះ​ចំណាត់ការ​បន្ថែមទៀត​អាច​នឹង​ធ្វើឡើង​ដើម្បី​ដកហូត​ទ្រព្យសម្បត្តិ​លោកស្រី​យី​ង​ឡាក់​។

​ក្រសួង​នឹង​បន្ត​កំណត់​ទ្រព្យសម្បត្តិ​ដទៃទៀត​របស់លោក​ស្រី បន្ទាប់ពី​ក្រុមប្រឹក្សា​បំណុល​ស៊ីវិល បានសម្រេច​ឱ្យ​លោកស្រី​យី​ង​ឡាក់​ត្រូវតែ​បង់ប្រាក់​ចំនួន ៣៥ ពាន់​លាន​បាត (​ប្រហែល ១.០០០ លាន​ដុល្លារ​អាមេរិក​) ក្នុងចំណោម​ការខូចខាត​តម្លៃ ៣៥០ ពាន់​លាន​ដុល្លារ ដែល​បាន​កើតឡើង​ក្នុង​កម្មវិធី​សន្យា​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី​។ នេះ​បើតាម​ការលើកឡើង​រប​ស់​លេខាធិការ​អចិ​ន្ត្រៃ លោក​សំចៃ ស៊ូ​ចា​ពង់​សែ នៅ​ថ្ងៃ​ចន្ទ​នេះ​។

​លោក​សំចៃ​បាន​បដិសេធ​លាតត្រដាង​ចំនួន​ទឹកប្រាក់​នៅក្រោម​គណនី​ធនាគារ​របស់លោក​ស្រី​យី​ង​ឡាក់ ប៉ុន្តែ​និយាយថា ក្រសួង​កំពង់​រង់ចាំ​ព័ត៌មាន​ពី​បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេងទៀត មុនពេល​បញ្ជូន​បញ្ជី​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ទៅ​នាយកដ្ឋាន​អនុវត្ត​ច្បាប់​។

​ដឹកនាំ​ដោយ​អគ្គនាយក​លោក ម៉ា​ណាស់ ចែម​វេហា ក្រុមប្រឹក្សា​បំណុល​ស៊ីវិល​របស់​ក្រសួង បានសម្រេច​ថា លោកស្រី​យី​ង​ឡាក់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ក្រោម​ឆ្នាំ​ដាំ​ដុះ ២០១២/១៣ និង ២០១៣/១៤ ដែល​សរុប​ជា​ទឹកប្រាក់​គឺ ១៧៨ ពាន់​លាន​បាត​។

​ផ្អែក​ទៅតាម​ច្បាប់​បំណុល​ស៊ីវិល រាល់​បុគ្គល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ទាំងឡាយ ត្រូវតែ​ចែករំលែក​ការទទួលខុសត្រូវ​។ ក្នុងករណី​លោកស្រី​យី​ង​ឡាក់ ក្រុមប្រឹក្សា​សម្រេច​ឱ្យ​លោកស្រី​ទទួលខុសត្រូវ​ការខូចខាត​ចំនួន ២០ ភាគរយ​។

​សម្រាប់​ឆ្នាំ​ដាំ​ដុះ ២០១១/១២ និង ឆ្នាំ​ដាំ​ដុះ ២០១២ ដែល​ការខូចខាត​មាន​ទឹកប្រាក់​សរុប ១១៥ ពាន់​លាន​បាត ក្រុមប្រឹក្សា​បានសម្រេច​ថា អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ មិនមាន​ទំនួល​ខុសត្រូវ​ទេ ព្រោះ​វា​កើតឡើង មុនពេល​លោកស្រី​ត្រូវបាន​ព្រមាន​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ជាតិ ការិយាល័យ​អគ្គ​អធិការកិច្ច និង ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ ដែល​ការខាតបង់​ទាំងនោះ​គឺមាន​ចំនួន​សរុប​ដល់​ទៅ ២០០ ពាន់​លាន​បាត​រួចទៅហើយ​។

​លោកស្រី​យី​ង​ឡាក់ ក៏​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ផងដែរ​ចំពោះ​ការធ្វេសប្រហែស​ភារកិច្ច​របស់គាត់​ក្នុង​កម្មវិធី​ទិញស្រូវ​អង្ករ​។ តុលាការ​កំពូល​សម្រាប់​អ្នកនយោបាយ នឹង​សម្រេច​អំពី​ករណី​របស់លោក​ស្រី​យី​ង​ឡា​ក់នៅ​ថ្ងៃទី ២៥ សីហា​។ ប្រសិនបើ​រកឃើញ​ទោស លោកស្រី​ប្រឈម​ជាប់គុក ១០ ឆ្នាំ បើ​មិន​អ៊ីចឹង​ទេ លោកស្រី​អាច​ស្នើសុំ​តុលាការ​ពិចារណា​ករណី​របស់គាត់​ឡើងវិញ ដូចដែល​បានអនុញ្ញាត​ក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

អតីតនាយករដ្ឋមន្រ្តីរូបនេះអាចនឹងត្រូវតុលាការកាត់ទោសអោយជាប់គុក១០ឆ្នាំបន្ថែម