ការ​រើ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម នឹង​បង្កឱ្យមាន​ប្រតិបត្តិ​តប​វិញ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប៉ា​ឡេ​ស្ទី​ន និង ប្រទេស​អារ៉ាប់​

308

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ អាច​នឹង​ប្រកាស​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដែលជា​ការប្រកាស​ដ៏​ចម្រូងចម្រាស់​មួយ​អាច​នឹងត្រូវ​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ៦ ធ្នូ​នេះ​។ ក្នុងអំឡុងពេល​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី លោក​ត្រាំ បាន​សន្យា​រើ​ទី​ស្ថានទូត​អាមេរិក​ពី​កន្លែង​បច្ចុប្បន្ន​ក្នុង​ក្រុង​តែ​ល​អាល់​វីវ​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ពន្យារពេល​ជា​លើក​ទី​ពីរ ចាប់តាំងពី​អ្នកជំនួញ​ប្រែក្លាយជា​ប្រធានាធិបតី​រូបនេះ​បាន​ស្បថ​ចូលកាន់​តំណែង​។​

– តើ​អ្វី​ទៅជា​បញ្ហា​ធំ​?

​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​គឺជា​ទីក្រុង​បែងចែក ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង​កន្លះ​លាន​នាក់​រស់នៅ​ទីនោះ ហើយ​និយាយថា​ទីក្រុង​នេះ​នឹង​ក្លាយជា​រដ្ឋធានី​អនាគត​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។ ទន្ទឹមនឹង​នេះដែរ រដ្ឋាភិបាល​អ៊ីស្រាអែល​និយាយថា ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​គឺជា​រដ្ឋធានី​មិនមាន​ការបែងចែក របស់​អ៊ីស្រាអែល​។​

​រហូតមកដល់​ពេលនេះ រដ្ឋបាល​អាមេរិក​បាន​ព្យាយាម​បញ្ចៀស​ការប្រកាស​នូវ​ឋានៈ​អ្វីមួយ នៅពេល​និយាយ​ដល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ពីព្រោះ​ឋានៈ​របស់​ទីក្រុង​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​បញ្ហា​ចរចា​សន្តិភាព​ដំណាក់កាល​ចុងក្រោយ​ដ៏​សំខាន់​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​។​

​ហេតុដូច្នេះ​ហើយ​ទើប​គ្មាន​ស្ថានទូត​បរទេស​ណាមួយ​នៅក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម គឺ​មានតែ​កុងស៊ុល​ប៉ុណ្ណោះ​។​

– ប្រតិកម្ម​តប​ដ៏​ខ្លាំងក្លា​

​ក្រុម​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​និយាយថា ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពី​សំណាក់​អាមេរិក​ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​បានធ្វើឱ្យ​អាប់អួរ​ដល់​គោលជំហរ​របស់​ប៉ា​ឡេ​ស្ទី​ន គំរាមកំហែង​ដល់​ដំណើរការ​សន្តិភាព​រប​ស់​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន និង​អាចធ្វើឱ្យ​អស្ថិរភាព​តំបន់​ដែលមាន​ភាពចលាចល​រួចទៅហើយ​នេះ​ផងដែរ​។​

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ដ អាប់​បាស់ (Mahmoud Abbas) បាន​និយាយថា “​រាល់​ជំហាន​ណាមួយ​របស់​អាមេរិក​ទា​ក់​ទិន​នឹង​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ឬ​ការផ្លាស់​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម គឺ​តំណាងឱ្យ​ការគំរាមកំហែង​ដល់​អនាគត​នៃ​ដំណើរការ​សន្តិភាព និង​មិនអាច​ទទួលយក​បានទេ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន អារ៉ាប់ និង​អន្តរជាតិ​”​។​

​មេដឹកនាំ​ជាច្រើនរូប​មកពី សម្ព័ន្ធ​អារ៉ាប់ ហ្ស៊​កដា​នី បារាំង តួ​ក​គី អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​ពួក​ហា​ម៉ាស បាន​ព្រមាន​សេត​វិមាន​កុំ​ឱ្យចេញ​សេចក្តីប្រកាស​នេះ​។ ស្របពេល​នេះដែរ ពួក​ហា​ម៉ាស​បាន​កំពុង​គំរាម​ប្រើ​អំពើហិង្សា ហើយ​លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន ប្រធានាធិបតី​តួ​ក​គី និយាយថា ប្រទេស​របស់លោក​នឹង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​អ៊ីស្រាអែល ប្រសិនបើ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ត្រូវ​បានប្រកាស​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

​អ្នកជំនាញ​និង​មេដឹកនាំ​ក្នុង​តំបន់​បាន​ព្យាករណ៍​អំពី​អំពើហិង្សា​នៅតាម​ដងផ្លូវ​នៅ​ប៉ា​ឡេ​ស្ទី​ន ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម និង​ប្រទេសជិតខាង​របស់​អ៊ីស្រាអែល ប្រសិនបើ​សេត​វិមាន​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

– សាសនា​

​ក្រៅពី​មានឈ្មោះ​ជា​រដ្ឋធានី​បែងចែក ហ្ស៊េ​រុយ​សា​ឡិ​ម​ក៏​ជាទី​ក្រុង​ដែល​សម្បូរ​ទីតាំង​សាសនា​គ្រិស្ត និង​អ៊ីស្លាម​ដ៏​ពិសិដ្ឋ​បំផុត​ផងដែរ​ក្នុង​ពិភពលោក​។ វិហារ​អ៊ីស្លាម Al Aqsa ដែលជា​វិហារ​ស័ក្តិ​សិទ្ធ​បំផុត​ទី​៣​របស់​សាសនា​អ៊ីស្លាម គឺមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​ដែលមាន​ជញ្ជាំង​បុរាណ​ហ៊ុមព័ទ្ធ​នេះ​។​

– ហេតុអ្វី​បានជា​ចង់​រើ​ទីតាំង​ស្ថានទូត​ឥឡូវនេះ​?

​ហេតុអ្វី​បានជា​មានការ​និយាយ​អំពី​ការប្រកាស​រើ​ស្ថានទូត​របស់​រដ្ឋបាល​ត្រាំ​? ថ្វីបើ​មានការ​សន្យា​ម្តង​ហើយ​ម្តងទៀត​របស់លោក​ត្រាំ ដើម្បី​រើ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តែ​ល​អាល់​វីវ​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម និង​ការពាក់ព័ន្ធ​នយោបាយ​សម្រាប់​ហេតុផល​ដូចដែល​បានលើកឡើង​ខាងលើ ក៏​លោក​ត្រាំ​មិនដែល​បាន​គោរព​សន្យា​របស់ខ្លួន​ម្តងណា​ទេ​។​

​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​រើ​ទីតាំង​ស្ថានទូត​គឺ​នៅ​ថ្ងៃទី ៤ ធ្នូ ប៉ុន្តែ​សេត​វិមាន​បាន​ពន្យារ​ពេលធ្វើ​សេចក្តីប្រកាស​នេះ​៕ ដោយ៖ កញ្ញាដាលីស

វិហារ​អ៊ីស្លាម​មួយ​នៅក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម