ការ​រំឭក​ឡើងវិញ​ពី​អនុស្សាវរីយ៍​អតីតកាល​តាមរយៈ​ការ​ទស្សនា​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅ​ខេត្តតាកែវ​

474
ចែករម្លែក
  • 21
    Shares

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
“​រូបភាព​នៃ​សេចក្តី​ទុក្ខព្រួយ និង​ការ​នឹករឭក​ជាច្រើន បានចាប់ផ្តើម​ផុស​ឡើង​នៅ​ចំពោះមុខ បន្ទាប់ពី​ខ្ញុំ​បាន​ទស្សនា​ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ដែល​សម្តែង​ពី​រឿងរ៉ាវ​នៃ​របប​ខ្មែរក្រហម​នៅថ្ងៃនេះ​”​។
​នៅលើ​គ្រែឈើ​ក្នុង​ខ្ទម​តូច​មួយ ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ឹម ខេង អាយុ ៦៨ ឆ្នាំ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​គាត់​បាន​ជួបប្រទះ និង​ការចងចាំ​ដែល​បាន​ដក់​ជាប់​យ៉ាងជ្រៅ​នៅក្នុង​ជីវិត​របស់គាត់​ថា​៖

ហ៊ឹម ខេង កំពុង​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​គាត់​បាន​ជួបប្រទះ​ក្នុង​របប​ខ្មែ​ក្រហម កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩

“​កែវភ្នែក​មួយគូ​របស់​ប្អូនប្រុស​ខ្ញុំ​នៅតែ​បន្ត​រស់នៅក្នុង​ភ្នែក​របស់ខ្ញុំ​ជានិច្ច ទោះបីជា​ខ្មែរក្រហម​បាន​យក​ប្អូន​ខ្ញុំ​ទៅ​សម្លាប់​ក៏ដោយ​”​។ រសៀល​ថ្ងៃមួយ​នា​រដូវប្រាំង ខ្ញុំ កំពុងតែ​រែក​ដីដំបូក ស្ថិតនៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​ដែល​ប្អូនប្រុស​របស់ខ្ញុំ​ធ្វើការ​។ កងឈ្លប​ដែលមាន​វ័យក្មេង និង​មាឌតូចៗ​ចំនួន​២​នាក់ ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ បាន​ចាប់ទាញ​ដៃ​ប្អូនប្រុស​របស់ខ្ញុំ ចង​ព័ទ្ធ​ទៅក្រោយ​យ៉ាង​កំរោល​។ ខ្ញុំ​បានឃើញ​ពី​ហេតុការណ៍​ទាំងនោះ​យ៉ាងច្បាស់ ទន្ទឹម​ពេលដែល​ប្រជាជន​គ្រប់គ្នា​ខ្លាចរអា​មិន​ហ៊ាន​ក្រ​ឡែក​មើល ហើយ​ឱន​មុខ​ចុះ ដោយ​ដៃ​ទាំងពីរ​ខិតខំ​ធ្វើ​ការងា​រ​យ៉ាង​ញាប់​ស្អេក ព្រោះ​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់​។ កងឈ្លប​បាន​បណ្តើរ​ប្អូនប្រុស​របស់ខ្ញុំ​ចេញទៅ ថែមទាំង​វាយ​ដូច​ដេញ​សត្វ​គោ​ឲ្យ​ចូលក្នុង​នឹមនង្គ័ល​។ ប្អូន​ខ្ញុំ បាន​ក្រឡេកមើល​មក​ខ្ញុំ​ដែល​កំពុងតែធ្វើការ​នៅតាម​ផ្លូវ​នោះ ជាមួយ​កែវភ្នែក​ទាំង​គូ​រប​ស់វា ដែល​ហាក់បីដូចជា​កំពុងតែ​ប្រាប់​ខ្ញុំ​ថា​លា​រហូត​ហើយ​។ ខ្ញុំ​នៅតែ​មិនទាន់​អាច​ស្វែងរក​ចម្លើយ​ឲ្យ​ត្រូវ​ទៅនឹង​អត្ថន័យ​នៃ​កែវភ្នែក​របស់​យើង​ទាំងពីរ​។ កែវភ្នែក​របស់​យើង ហាក់បីដូច​ជាការ​សម្លឹង​មើលគ្នា​ក្នុង​អត្ថន័យ​នៃ​ការ​លាគ្នា ការ​ជូនពរ​គ្នា សេចក្តីស្រឡាញ់ ក្តី​បារ​ម្មណ៍ ដែល​ពោរពេញ​ទៅដោយ​សេចក្តី​ក្រៀមក្រំ​បំផុត​។ ខ្ញុំ​មិន​ហ៊ាន​សម្លឹងមើល​ប្អូនប្រុស​របស់ខ្ញុំ​យូរ​នោះទេ​។ មិនយូរប៉ុន្មាន ប្អូនប្រុស​របស់ខ្ញុំ​និង​កងឈ្លប ក៏បាន​បាំង​បាត់​ដោយ​ព្រៃ​គុម្ពោត​ដែល​ដុះ​នៅតាម​ផ្លូវ​។

​ការសម្តែង​រឿងល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ក៏បាន​រំឭក​ខ្ញុំ​ពី​ការចូល​មកដល់​នៃ​របប​ខ្មែរក្រហម​ដែរ​។ ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​កំពុងតែ​ដាំបាយ​នៅក្នុង​ចង្ក្រាន ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​យ៉ាងខ្លាំង​។ ខ្ញុំ​នឹង​ក្រុមគ្រួសារ បាន​រត់​ចូលទៅក្នុង​លេណដ្ឋាន​ដែល​យើង​បានធ្វើ​បម្រុង​ទុក​រួចជាស្រេច ព្រោះ​យើង​ដឹងថា​ស្ថានការណ៍​នៅក្នុង​ប្រទេស​មិន​ប្រក្រតី​។ គ្រួសារ​នីមួយៗ បាន​ប្រមូល​សមាជិកគ្រួសារ​របស់​ខ្លួន​រត់​សំដៅ​ចូលទៅក្នុង​លេណដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​គេចវេះ​ចេញពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នោះ​។ គ្រាប់កាំភ្លើង បាន​ធ្លាក់ចុះ​មកលើ​ផ្ទៃដី​ដូច​ដំណក់ទឹកភ្លៀង​ដែល​កំពុងតែ​ធ្លាក់ចុះ​ដើម្បី​ស្រោចស្រង់​ជីវិត​ឲ្យ​រស់​ឡើងវិញ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បាន​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាជន​និង​ដើមឈើ​ឆេះ​ខ្ទេចខ្ទី​។ ស្ថានការណ៍​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​ទៅៗ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​រត់​ភៀសខ្លួន​ទៅ​ភូមិ​ចក ស្ថិតក្នុង​ខេត្តតាកែវ ដើម្បី​គេចចេញ​ពី​គ្រាប់ផ្លោង​ទាំងនោះ​។ នៅក្រោម​កំដៅ​ព្រះអាទិត្យ​ដ៏​សែន​ក្តៅហែង ផ្លូវថ្នល់​ហុយ​ទ្រលោម ខ្ញុំ ប្តី​របស់ខ្ញុំ និង​កូនស្រី​២​នាក់​របស់​ប្តី​ខ្ញុំ​ជាមួយ​ប្រពន្ធដើម​របស់គាត់​បាន​ធ្វើដំណើរ​ទៅកាន់​វត្ត​ចម្ប៉ា​។ ប្តី​របស់ខ្ញុំ​បររទេះ​គោ​ដោយមាន​ផ្ទុក​អីវ៉ាន់ ដូចជា ភួយ មុង សម្ភារ​ប្រើប្រាស់ ព្រមទាំង​ស្បៀងអាហារ​។ ចំណែក​ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង រែក​អីវ៉ាន់​ដែល​ដាក់​នៅក្នុង​សង្រែក​ពី​ខាងលើ​ស្មា​ទាំងសងខាង ជាមួយ​កូន​ដំបូង​ជាទី​ស្រឡាញ់​របស់ខ្ញុំ​នៅក្នុង​ផ្ទៃពោះ​ដែលមាន​អាយុ​ត្រឹមតែ​៤​ខែ​តែប៉ុណ្ណោះ​។ នៅតាម​ផ្លូវ ខ្មែរក្រហម បាន​ឃាត់​និង​ហៅ​ប្តី​ខ្ញុំ​ទៅ​សួរ​ព្រោះ គាត់​មាន​សម្បុរ​សក្បុស​និង​មានមុខមាត់​ស្រដៀង​នឹង​ជនជាតិ​ចិន​។ នៅពេលនោះ ខ្ញុំ ពិតជា​តក់ស្លុត​ខ្លាំងណាស់ ព្រោះ​ក្នុង​ចិត្ត​របស់ខ្ញុំ​គិតថា ខ្មែរក្រហម​នឹង​ចាប់យក​ប្តី​ខ្ញុំ​ទៅ​សម្លាប់ ប៉ុន្តែ​សំណាងល្អ ប្តី​ខ្ញុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់មកវិញ​។ យើង​បានធ្វើ​ដំណើរ​មកដល់​វត្ត​ចម្ប៉ា និង​បាន​ស្នាក់នៅ​ខាងជើង​វត្ត​នោះ​អស់​រយៈពេល​ប្រហែល​១០​ថ្ងៃ​។

វាលស្រែ​ស្ថិតនៅ​ក្បែរ​ភូមិ​របស់ ហ៊ឹម ខេង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩

នៅពេល​ខ្វះខាត​អាហារ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ ខ្ញុំ​បាន​យក​សម្ភារ​មានតម្លៃ​ទៅ​ដូរ​យក​គោ​និង​អង្ករ​របស់​ប្រជាជន​មក​ហូប​។ ប្រជាជន​ជាច្រើន​ទៀត​ដែល​រស់នៅ​ក្បែរ​វត្ត​ចម្ប៉ា ក៏​ធ្វើ​ដូច​គ្រួសារ​ខ្ញុំ​ដែរ​។ ក្រោយមក ខ្មែរក្រហម ក៏បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​ធ្វើដំណើរ​ទៅកាន់​ភូមិ​ត្រពាំង​អំពិល​វិញ​ម្តង​។ នៅពេលដែល​ខ្ញុំ​និង​ក្រុមគ្រួសារ​ទៅដល់​ទីនោះ​ដំបូង ខ្មែរក្រហម មិនទាន់​រៀបចំ​ឲ្យ​យើង​រស់នៅ​ជា​សហករណ៍​នោះទេ​។ យើង​ធ្វើ​ការងារ​រួម ដាក់​ផលប្រយោជន៍​ដែល​យើង​ទទួលបាន​ជារួម ប៉ុន្តែ​យើង​បរិភោគ​អាហារ​នៅតាម​ផ្ទះ​ដោយ​ខ្មែរក្រហម​បាន​ចែក​អង្ករ​ឲ្យ​តាម​គ្រួសារ​នីមួយៗ​។ ខ្ញុំ​និង​ប្តី តែងតែ​ស្វែងរក​ម្ហូបអាហារ​នៅក្បែរ​ផ្ទះ​។ ខ្ញុំ និង​ប្រជាជន​ដ៏ទៃទៀត រស់នៅ​ដោយ​មិនបាន​ដឹងថា​ខ្មែរក្រហម​មាន​គោលបំណង​ធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ​។ ក្រោយមក ខ្មែរក្រហម បាន​ឲ្យ​ខ្ញុំ​និង​ក្រុមគ្រួសារ​ផ្លាស់​ទៅ​រស់នៅ​ក្នុងភូមិ​ត្រពាំង​គូ​វិញ​។ ជីវិត​រស់នៅ​ក្នុងភូមិ​ត្រពាំង​គូ គឺជា​ជីវិត​មួយ​មាន​អនុស្សាវរីយ៍​ដ៏​ជូរចត់​ជាច្រើន​បាន​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់ខ្ញុំ​។ មកដល់​ភូមិ​ត្រពាំង​គូ ខ្មែរក្រហម បានរៀបចំ​ឲ្យ​ប្រជាជន​ទាំងអស់​រស់នៅ​ជា​សហករណ៍​គឺ​ធ្វើការ​ងារ​រួម ហូប​រួម និង​រក្សា​ផលប្រយោជន៍​រួម​។ ខ្ញុំ ទទួលបាន​អាហារ​ត្រឹមតែ​បបរ​លាយ​ព្រលិត​១​វែក​ប៉ុណ្ណោះ​ក្នុង​មួយពេល​។ នៅពេលនោះ ខ្ញុំ​ឃ្លាន​ខ្លាំងណាស់ ក៏បាន​លួច​គាស់​ដំឡូង​ដែល​ខ្ញុំ​ដាំ​ជិត​ផ្ទះ​យកមក​ដាក់​ស្ងោរ​នៅក្នុង​កំសៀវ​ដាំទឹក​របស់ខ្ញុំ​។ ដោយសារតែ​ភាព​ស្រេកឃ្លាន​និង​ចង់​រក្សា​ជីវិត​កូន​ក្នុង​ផ្ទៃពោះ បានធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​លួច​ដោយ​គ្មាន​ខ្លាចញញើត​នឹង​សេចក្តីស្លាប់​ទេ​។ មិនយូរប៉ុន្មាន ខ្ញុំ​បាន​បង្កើត​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ហើយ​ខ្ញុំ​បានដាក់​ឈ្មោះ​ឲ្យ​ថា ស្រី​ហាច​។ មុនពេល​សម្រាល ខ្ញុំ បានចាប់ផ្តើម​ឈឺ​នៅក្នុង​ផ្ទៃពោះ​យ៉ាងខ្លាំង ថែមទាំង​កូន​ខ្ញុំ​បាន​រើ​បម្រាស់​នៅក្នុង​ផ្ទៃពោះ​មិន​ឈប់​សោះ​។ ឆ្មប​ម្នាក់​ឈ្មោះ យាយ​បាន បាន​ជួយសង្គ្រោះ​ជីវិត​ខ្ញុំ​និង​កូនស្រី​របស់ខ្ញុំ បាន​យ៉ាង​សុខ​សប្បាយ​។ បន្ទាប់ពី​សម្រាលកូន​រួច ខ្ញុំ​បាន​ឆ្អើរភ្លើង​ដោយ​ប្រើតែ​គាវត្នោត និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​នោះទេ​។

​តូ​អង្គ​សត្វ​ស្វា​កំពុងតែ​រាំរែក​នៅពេល​សម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩

​ខ្ញុំ ហូប​តែ​បបរ​លាយ​ព្រលឹត និង​ហូប​តែ​បន្លែង​ផ្សេងៗ ដែល​អង្គការ​បាន​ចែក​ឲ្យ ហើយ​បន្ទាប់មក ពោះ​របស់ខ្ញុំ​ចាប់ផ្តើម​ហើម​ធំ​ដូច​អ្នក​ដែលមាន​ជំងឺ​ទាច​ទឹក​។ ខ្លួនប្រាណ​និង​មុខ​របស់ខ្ញុំ បាន​ហើម​ដូចជា​មនុស្ស​ធាត់​។ បន្ទាប់ពី​សម្រាលកូន​បាន​រយៈពេល​ប្រហែល​៣​ខែ អង្គការ​បាន​ឲ្យ​ខ្ញុំ​ទៅបុក​អង្ករ​និង​កិនស្រូវ​ជាមួយ​នារី​ដ៏ទៃទៀត ដែល​ទើបតែ​សម្រាលកូន​ចំនួន​ប្រហែល ១០​នាក់​។ ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​មិន​ហ៊ាន​ឈប់សម្រាក​ទេ ទោះបីជា​ខ្ញុំ​ឈឺដៃ​ជើង និង​ឈឺឆ្អឹងឆ្អែង​យ៉ាងណាក៏ដោយ​។ កូនស្រី​ច្បង​របស់​ប្តី​ខ្ញុំ បាន​ទៅធ្វើ​ការ​នៅក្នុង​កងកុមារ ចំណែកឯ​កូនស្រី​ទី​២ នៅ​មើលថែរក្សា​កូន​របស់ខ្ញុំ​នៅផ្ទះ​។ រីឯ​ប្តី​ខ្ញុំ​វិញ បាន​ទៅធ្វើ​ការ​នៅក្នុង​កង ជាមួយ​អ្នកមូលដ្ឋាន ដូចជា​ធ្វើ​ស្ពាន ឡើងត្នោត រកត្រី ជាដើម​។ គាត់​ខិតខំ​ប្រឹងប្រែង​យកចិត្ត​របស់​ក្រុមខ្មែរក្រហម​ទាំងនោះ​ណាស់ ដោយបាន​ខិតខំ​ធ្វើ​ការងារ​បន្ថែមទៀត​ដូចជា ធ្វើ​ដែកកេះ កាត់សក់​ឲ្យ​ប្រធានភូមិ គឺ​ដើម្បី​តែ​រក្សា​ជីវិត​រស់​។ មិនយូរប៉ុន្មាន កូនស្រី​របស់ខ្ញុំ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ដោយសារ​កើត​ជំងឺ​កញ្ជ្រឹល ហើយ​ក្រោយមក ខ្ញុំ​ក៏បាន​ពពោះ​កូនប្រុស​ម្នាក់ទៀត​។ នៅក្នុង​របប​ខ្មែរក្រហម សមាជិក​ក្រុមគ្រួសារ​របស់ខ្ញុំ ត្រូវ​ជម្លៀស​ទៅកាន់​ទីកន្លែង​ផ្សេងៗ​គ្នា​ទាំងអស់​។ រៀងរាល់​យប់ ខ្ញុំ​បានឮ​ស្នូរ​ជើង​របស់​មនុស្ស​ដើរ​លប​ថ្ម​មៗ​នៅ​ជុំវិញ​ខ្ទម​របស់ខ្ញុំ​។ ខ្ញុំ​និង​ប្តី មិន​ហ៊ាន​និយាយ​គ្នា​ទេ គឺ​យើង​ព្យាយាម​បិទ​ភ្នែក និង​បន់ស្រន់​សុំ​ឲ្យ​ព្រះអាទិត្យ​រះ​ឡើង​ឲ្យ​ឆាប់ៗ​។ ប្រជាជន​រស់នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​នាំយកទៅ​ស្ទើរតែ​រៀងរាល់​យប់ និង​មិនដែល​ឃើញ​វិល​ត្រឡប់មកវិញ​នោះទេ​។ ការ​រះ​ឡើង​នៃ​ព្រះអាទិត្យ គឺជា​ជីវិត​និង​ក្តីសង្ឃឹម​ថ្មី​របស់​ក្រុមគ្រួសារ​ខ្ញុំ​។ នៅពេល​មេឃ​ភ្លឺ​ឡើង ខ្ញុំ​និង​ប្តី ក៏​បំបែក​គ្នា​ទៅធ្វើ​ការងារ​រៀងៗ​ខ្លួន​។ បន្ទាប់ពី ក្រុម​នារី បុក​អង្ករ​បាន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​រែក​ដីដំបូក​។ ពេលនោះ​ហើយ ដែល​ប្អូនប្រុស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយសារតែ​គាត់​គឺជា​អតីត​ទាហាន លន់ នល់ ដែល​ត្រូវបាន​ខ្មែរក្រហម​ជម្លៀសចេញ​មកពី​ទីក្រុង​ភ្នំពេញ​។

​នៅ​ចុងឆ្នាំ​១៩៧៩ ខ្មែរក្រហម បាន​បញ្ជូន​ក្រុមគ្រួសារ​របស់ខ្ញុំ​ឲ្យ​វិល​ត្រឡប់មក​រស់នៅ​ភូមិ​ត្រពាំង​អំពិល​ម្តងទៀត​។ ប្រជាជន​ដែល​បាន​វិលត្រឡប់​មក​ភូមិ​ត្រពាំង​អំពិល ភាគច្រើន​គឺជា​ការវិល​ត្រឡប់មក​រក​សេចក្តីស្លាប់​។ នៅពេល​មកដល់​ក្នុងភូមិ ខ្មែរក្រហម បាន​ឲ្យ​គ្រួសារ​នីមួយៗ​ធ្វើ​នំ​បញ្ចុក​ហូប​ឲ្យ​ឆ្អែត​នៅតាម​គ្រួសារ​របស់ខ្លួន​។ ក្រោយមក ខ្ញុំ​បានឮ​តៗ​គ្នា​ថា ប្រជាជន​ដែល​បានធ្វើ​នំ​បញ្ចុក​ហូប​រួច គឺ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​។ គ្រួសារ​ខ្ញុំ​ពិតជា​សំណាងល្អ​ខ្លាំងណាស់ ព្រោះ​នៅ​ថ្ងៃ​ដែល​ក្រុមគ្រួសារ​របស់ខ្ញុំ​ធ្វើ​នំ​បញ្ចុក គឺជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​។ នៅពេលនោះ ខ្មែរក្រហម បាន​រត់​ភៀសខ្លួន​ចេញពី​ភូមិ ថែមទាំង​បាន​កេណ្ឌ​ប្រជាជនរ​ត់ទៅ​ជាមួយ​ដែរ​។ ខ្ញុំ និង​ក្រុមគ្រួសារ បាន​ជួប​ជាមួយ​កងទ័ព​វៀតណាម​ចំនួន​២​នាក់ ហើយ​កងទ័ព​វៀតណាម​បាន​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​មកកាន់​ភូមិកំណើត​របស់ខ្ញុំ​វិញ​។ ចុងក្រោយ ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​រួច​ផុតពី​ការសម្លាប់​របស់​ខ្មែរក្រហម ប៉ុន្តែ​ប្អូនប្រុស ឪពុក និង​ក្មួយ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​បាត់ទៅហើយ​។

​ខ្ញុំ​បាន​វិល​ត្រឡប់មក​ភូមិកំណើត និង​កសាង​ក្រុមគ្រួសារ​ខ្ញុំ​ឡើងវិញ ដោយ​មានតែ​រទេះគោ​១​និង​កូន​៣​នាក់​។ យើង​បាន​សាងសង់​ផ្ទះ​ខ្ទម​តូច​មួយ​នៅ​ចំ​កណ្តាល​ភូមិ​ដែល​គ្មាន​មនុស្ស​រស់នៅ​ទាល់តែសោះ​។ ក្រោយមក ខ្ញុំ មានកូន​ចំនួន ១០​នាក់​បន្ថែមទៀត ប៉ុន្តែ​រហូតដល់​បច្ចុប្បន្ន​នេះ កូន​របស់ខ្ញុំ​នៅ​រស់រានមានជីវិត​ត្រឹមតែ​៧​នាក់​តែប៉ុណ្ណោះ គឺ​ប្រុស​៣ នាក់​និង​ស្រី​៤​នាក់​។
​នឹកឃើញ​ដល់​របប​ខ្មែរក្រហម ខ្ញុំ ពិតជា​នៅតែ​ខឹង​នឹង​របប​នេះ​ណាស់ ព្រោះ​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទទួលរង​ទុក្ខវេទនា​យ៉ាងខ្លាំង​។ ខ្ញុំ នៅតែ​នឹកឃើញ​ដល់​ប្អូនប្រុស​ដែល​គួរ​ឲ្យ​អាណិត​របស់ខ្ញុំ​។ ខ្ញុំ​នៅតែ​ខឹង​នឹង​ខ្មែរក្រហម​ដែល​បានសម្លាប់​សាច់ញាតិ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​នៅតែ​នឹកឃើញ ខឹង និង​ចងកំហឹង​ជាប់​រហូតដល់​សព្វថ្ងៃនេះ​។ ម្តាយចុង​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​វាយ​សម្លាប់​យ៉ាង​វេទនា​បំផុត​។

​ទោះបី​របប​ខ្មែរក្រហម បាន​កន្លងផុត​អស់​រយៈពេល​ប្រហែល​៤០​ឆ្នាំ​យ៉ាងណាក៏ដោយ ក៏​របប​នេះ​នៅតែ​ជាការ​ចងចាំ​របស់​ប្រជាជន​ដែល​នៅ​រស់រានមានជីវិត និង​ជា​មេរៀន​មួយ​ដែល​ក្មេងៗ​ជំនាន់​ក្រោយ​កំពុងតែ​សិក្សា​ស្វែងយល់​នៅក្នុង​សាលា នៅតាម​ផ្ទះ ក៏ដូចជា​តាមរយៈ​ការស្វែងយល់​តាម​កា​រទ​ស្សនា​ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នេះដែរ​។

​វត្តមាន​របស់​ល្ខោន ”​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ក្នុង​ខេត្តតាកែវ ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​

​បន្ទាប់ពី​អវត្តមាន​របស់​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅលើ​ទឹកដី​នៃ​ខេត្តតាកែវ​ដែល​ស្ថិតក្នុង​ភូមិភាគ​នារ​តី​នៃ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រហែល​១១​ឆ្នាំ​កន្លងទៅ ល្ខោន​នេះ បាន​វិល​ត្រឡប់មកវិញ​សារជាថ្មី​ម្តងទៀត​ជាមួយនឹង​ការបន្ថែម​ឈុត​ឆាក​ថ្មី​ចំនួន​១​ឈុត ដែល​ឈុត​ឆាក​នេះ បាន​នាំយក​នូវ​ដំណោះស្រាយ ការអប់រំ​ដើម្បី​ការផ្សះផ្សា​សម្រាប់​ជនរងគ្រោះ​និង​ជនដៃដល់ ថែមទាំង​ការផ្តល់​ឲ្យ​នូវ​ចំណេះដឹង​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ នៅក្នុង​បន្ទប់​ដ៏​ធំ​មួយ​នៃ​សាលា​គរុកោសល្យ​ភូមិភាគ​តាកែវ សិស្ស គរុ​សិស្ស មន្ត្រី​រាជរដ្ឋាភិបាល អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​និង​ក្មេងៗ​ជំនាន់​ក្រោយ​ប្រមាណ​ជាង​៥០០​នាក់ បានមក​ចូលរួម​ទស្សនា​ល្ខោន​នេះ​។ ឈុត​ឆាក​នីមួយៗ បានធ្វើ​ឲ្យ​អ្នកទស្សនា​មាន​ទឹកមុខ​ក្រៀមក្រំ ថែមទាំង​លាយឡំ​ជាមួយនឹង​សំណើច​ក្អាកក្អាយ​ដែល​កើតឡើង​ដោយ​ភាព​ក្រមិចក្រមើម​តាមរយៈ​ការសម្តែង​របស់​តួអង្គ​សត្វ​ស្វា​។ ខាងក្រោម​នេះ​គឺជា​ទស្សន​យល់ឃើញ​របស់​គរុ​សិស្ស និង​អ្នក​តួអង្គ​សម្តែង​ផ្ទាល់​ចំពោះ​ការសម្តែង​រឿងល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​”​នៅក្នុង​ខេត្តតាកែវ​៖

​ទស្សនិកជន កំពុង​ទស្សនាការ​សម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​”​នៅក្នុង​ខេត្តតាកែវ​កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៩

១) ឈួន ឆាយ អាយុ​២២ ឆ្នាំ គឺជា​គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ប្រវត្តិវិទ្យា​និង​ភូមិវិទ្យា កំពុង​សិក្សា​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​តាកែវ ដែលមាន​ស្រុកកំណើត​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។ ឆាយ និយាយថា ៖
​ម្តាយ​ឪពុក​របស់ខ្ញុំ ធ្លាប់បាន​និយាយ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ជាច្រើន​ប្រាប់​ដល់​ខ្ញុំ​។ នៅក្នុង​របប​ខ្មែរក្រហម ម្តាយ​ឪពុក​របស់ខ្ញុំ​គឺ​ស្ថិតក្នុង វ័យ​កុមារភាព និង​បានធ្វើការ​ក្នុង​កងកុមារ​។ រឿងរ៉ាវ​ភាគច្រើន​ដែល​គាត់​បាន​និយាយប្រាប់​ដល់​ខ្ញុំ​គឺ​ការបង្ខិតបង្ខំ​ឲ្យ​គាត់​ធ្វើ​ការងារ​ហួសកម្លាំង និង​កង្វះ​អាហារ​។ ជីតា​របស់ខ្ញុំ​ក៏ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ព្រោះ​គាត់​គឺជា​អតីត​គ្រូបង្រៀន​នៅក្នុង​របប លន់ នល់​។
​ចំពោះ​ខ្ញុំ​ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺជា​វិធីសាស្ត្រ​អប់រំ​អំពី​របប​ខ្មែរក្រហម​ដ៏​ប្លែក​មួយ អាច​ឲ្យ​ខ្ញុំ​យល់ដឹង​កាន់តែច្បាស់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង ការស្វែងយល់​បន្ថែម​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ការគិត​របស់​ក្មេងៗ​ជំនាន់​ក្រោយ​ចំពោះ​របប​ខ្មែរក្រហម​។ ល្ខោន​នេះ នឹង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​វិធីសាស្ត្រ​នៃ​ការបង្រៀន​សិស្ស​នាពេល​អនាគត ព្រោះ​ការបង្រៀន​តម្រូវ​ឲ្យ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ផ្តោតអារម្មណ៍​ដូច​ជាការ​ទស្សនា​ល្ខោន​នេះដែរ​។ ខ្ញុំ​សំណូមពរ​ឲ្យ​មានការ​សម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នេះ នៅតាម​តំបន់​ដាច់ស្រយាល​បន្ថែម​ទៀត​។

២) យិន វុត្ថា គឺជា​តួអង្គ​អ្នក​ច្រៀង​នៅក្នុង​ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ចាប់តាំងពី​ពេលដែល​ល្ខោន​នេះ​សម្តែង​ដំបូង​នៅក្នុង​ឆ្នាំ​២០០៨​។ សព្វថ្ងៃ វុត្ថា មាន​អាយុ​៤០ ឆ្នាំ និង​ជា​បុគ្គលិក​នៅក្នុង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ វុត្ថា បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា ៖
​ខ្ញុំ​ចូលចិត្ត​សម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅតាម​ខេត្ត​ព្រោះ​ប្រជាជន​នៅក្នុង​ខេត្តតាកែវ​នេះ​ពិតជា​រួសរាយ​រាក់ទាក់​ណាស់ ថែមទាំង​នៅ​ខេត្តតាកែវ​នេះ មាន​ទេសភាព​និង​បរិយាកាស​ល្អ​បរិសុទ្ធ​។ ការសម្តែង​ល្ខោន​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​កាន់តែច្បាស់​ពីអ្វី​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ឆ្លងកាត់​។ ការបញ្ចូល​ឈុត​ថ្មី​នៃ​ល្ខោន​នេះ បាន​ចូលរួមចំណែក​ដល់​ការផ្សះផ្សា​សម្រាប់​ជនរងគ្រោះ​និង​ជនដៃដល់ ថែមទាំង​ជា​មេរៀន​មួយ​ដែល​បាន​រំឭក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចងចាំ​និង​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​របប​នេះ​កើតឡើង​ម្តងទៀត​។ ចំពោះ​ការសម្តែង​របស់ខ្ញុំ​លើក​ទី​២​នេះ គឺមាន​ការរីកចម្រើន​ជាង​លើក​ទី​១ ព្រោះ​ខ្ញុំ បាន​រៀនសូត្រ​ពី​ភាពខ្វះខាត​ដែល​បាន​កើតឡើង​ពីមុនមក និង​កែតម្រូវ​សម្រាប់​ការសម្តែង​បច្ចុប្បន្ននេះ​។ បញ្ហា​ប្រឈម​របស់ខ្ញុំ​គឺជា​បញ្ហា​សុខភាព​តែប៉ុណ្ណោះ​។ ខ្ញុំ​សង្ឃឹមថា ការសម្តែង​ថ្ងៃនេះ អាច​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទទួលបាន​ចំណេះដឹង​បន្ថែម​អំពី​របប​ខ្មែរក្រហម ថែមទាំង​ចូលរួម​ក្នុងការ​ផ្សះផ្សា​រវាង​ជនរងគ្រោះ​និង​ជនដៃដល់​នៅក្នុង​តំបន់​នេះ​។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា ការសម្តែង​នេះ នឹង​អាច​ឲ្យ​គរុ​សិស្ស​ទាំងអស់​ទទួលបាន​ចំណេះដឹង​ដើម្បី​ចែករំលែក​ដល់​សិស្ស​របស់ខ្លួន​នាពេល​អនាគត​។

៣) ខៀវ សុវណ្ណារិទ្ធ ភេទ​ប្រុស គឺជា​តួអង្គ​អ្នករាំ​ដែល​សម្តែង​ជា​សត្វ​ស្វា​។ សព្វថ្ងៃនេះ សុវណ្ណារិទ្ធ មាន​អាយុ ៣៩ ឆ្នាំ និង​សព្វថ្ងៃ​គឺជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា​៖
​ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បានផ្តល់​ចំណេះដឹង​ដល់​ខ្ញុំ​ជាច្រើន​អំពី​របប​ខ្មែរក្រហម និង​រឿងរ៉ាវ​ដែល​ប្រជាជន​ខ្មែរ​បាន​ប្រឈមមុខ​។ នៅពេលដែល​ខ្ញុំ​សម្តែង ល្ខោន​នេះ​ហាក់បីដូចជា បាន​នាំ​ខ្ញុំ​ឲ្យ​ចូលទៅ​រស់នៅ​ក្នុងសម័យ​ខ្មែរក្រហម ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ឆ្លងកាត់​ពីមុនមក​។ ខ្ញុំ​ក៏បាន​ប្រឈមមុខ​នឹង​បញ្ហា​ខ្លះៗ​ចំពោះ​ការសម្តែង​នេះ​ព្រោះ​ខ្ញុំ​មាន​វ័យ​ចំណាស់​ជាង​មុន ហើយ​កម្លាំង​របស់ខ្ញុំ​ក៏​ចុះខ្សោយ​ដែរ ប៉ុន្តែ​ក្បាច់​រាំ​និង​ការសម្តែង​របស់ខ្ញុំ មាន​ភាពរស់រវើក​ជាង​មុន​។ ខ្ញុំ​សង្ឃឹមថា ការសម្តែង​ល្ខោន​នេះ នឹងចូលរួម​ចែករំលែក​បទពិសោធន៍​និង​ជា​មេរៀន​មួយ​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​ចូលរួម​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត និង​ថែរក្សា​ការចងចាំ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​សម្រាប់​ក្មេងៗ​ជំ​នាក់​ក្រោយ​ទៀត​។ ការសម្តែង​ល្ខោន “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅក្នុង​ខេត្តតាកែវ​នេះ គឺមាន​លក្ខណៈ​ខុសប្លែក​ពី​កន្លែង​ផ្សេងៗ ព្រោះ​បរិយាកាស​នៅទីនេះ​គឺមាន​លក្ខណៈ​ស្ងប់ស្ងាត់ ថែមទាំង​មាន​ទេសភាព​ធម្មជាតិ​ដែល​បាន​ជួយ​ឲ្យ​អារម្មណ៍​របស់ខ្ញុំ​បាន​ធូរស្បើយ​៕