ការ​វាយកម្ទេច​អាគារ​និង​គំនូរ​បុរាណ​នៅតាម​វត្ត​អារាម​ត្រូវបាន​ហាមឃាត់​ជាដាច់ខាត​

1576
ចែករម្លែក
  • 1
    Share

ដោយៈ​មេសា​/ភ្នំពេញៈ ជាថ្មី​ម្តងទៀត ក្រសួង​ធម្មការ និង សាសនា និង ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ ១៤ ចំណុច ក្នុងនោះ​អ្វីដែល​សំខាន់បំផុត គឺ​ហាមឃាត់​ដាច់ខាត​នូវ​រាល់​សកម្មភាព​វាយកម្ទេច​បំផ្លិចបំផ្លាញ ធ្វើឱ្យ​បាត់បង់​នូវ​ទ្រង់ទ្រាយ​សំណង់​បុរាណ គំនូរ​បុរាណ វត្ថុ​បុរាណ និង សរណៈ​វត្ថុ​មានតម្លៃ​ផ្សេងទៀត ។ ក្នុងករណី​សំណង់ និង គំនូរ បុរាណ​ទាំងនោះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ឬ ប្រឈម​នឹង​ហានិភ័យ​ណាមួយ ត្រូវ​ជូនដំណឹង​ដល់​ក្រសួង មន្ទីរ​ធម្មការ ឬ ក្រសួង​មន្ទីរ​វប្បធម៌ ។​

​សេចក្តីណែនាំ​នេះ ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​បាន​ជជែក​គ្នា​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈ ២ ថ្ងៃ គឺ​ថ្ងៃទី ៧ និង ទី ៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅក្នុង​សិក្ខាសាលា​ស្តីពី​ព្រះវិហារ​បុរាណ ការ​ប្រឈម​នឹង​ហានិភ័យ និង ការអភិរក្ស ដែល​រៀបចំ​ដោយ​ក្រសួង​ធម្មការ និង ក្រសួង​វប្បធម៌ នៅឯ​សាលសន្និសីទ​ចតុមុខ ។​

​អនុរដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​លើកឡើងថា  ការ​វាយកម្ទេច​អាគារ​ចាស់ ដើម្បី សាងសង់​អាគារ​ថ្មី គឺជា​កម្ទេច​សិល្បៈ និង ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ ហើយ​ចាប់​ផ្តើមចេញពី​ឆ្នាំ​សូន្យ​ឡើងវិញ ។ ចំពោះ​អាគារ និង គំនូរ​ចាស់ៗ​នៅតាម​វត្ត​អារាម ប្រសិនបើ​មាន​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​ណាមួយ ត្រូវ​ជូនដំណឹង​មក​ក្រសួង មន្ទីរ​ធម្មការ ឬ ក្រសួង មន្ទីរ​វប្បធម៌ ដើម្បី មាន​កិច្ច​អន្តរាគមន៍ អាចជា​ថវិកា​សម្រាប់​ជួសជុល​អភិរក្ស​សំណង់ ឬ គំនូរ​បុរាណ​ទាំងនោះ  


​គប្បី​បញ្ជាក់ថា សេចក្តីសម្រេច​ហាមឃាត់​ខាងលើនេះ ត្រូវបាន​ក្រសួង​ធម្មការ និង ក្រសួង​វប្បធម៌​បានចេញ​ផ្សាយ​រួមគ្នា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០១៤ ។ ប៉ុន្តែ​ការដែល​មាន​សិក្ខាសាលា រហូតដល់​ចេញ​សេចក្តីណែនាំ​ឡើងវិញ​បែបនេះ គឺ​ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​សំណង់ និង គំនូរ​បុរាណ នៅតាម​ទីវ​ត្ត​អារាម​មួយចំនួន​ត្រូវបាន​វាយកម្ទេច​ដើម្បី​សាងសង់​អាគារ​ថ្មី ឬ ត្រូវបាន​គេ​មិន​អើពើ ដែល​សំណង់ និង គំនូរ​បុរាណ​ទាំងនោះ មានតម្លៃ​ផ្នែក​វប្បធម៌ និង ប្រវត្តិសាស្ត្រ មិន​ចាញ់​តម្លៃ​ប្រាសាទបុរាណ​ប៉ុន្មាន​ឡើយ ៕ Kh