ការ​វាយតប់​គ្នា​ផ្ទុះ​ឡើង​នៅពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ញូវយ៉ក​

397
ចែករម្លែក

​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បំបែក​ការ​វាយតប់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​និង​ក្រុម​អ្នក​ប្រឆាំង​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែកក្កដា ​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ខឹងសម្បា​។​

​ការ​ប៉ះទង្គិច​គ្នា​នេះ បាន​កើត​ឡើង​នៅ​ខាងក្រៅ​សណ្ឋាគារ​Grand Hyatt ជា​ទី​ដែល លោកស្រី​Tsai Ing-wen កំពុងស្នាក់នៅ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​សហរដ្ឋ​​អាម៉េរិក​។​

​ក្រុម​អ្នកប្រឆាំង​លោកស្រី Tsai Ing-wen ដែល​ភាគច្រើន​កាន់​ទង់ជាតិ​ចិន បាន​ស្រែក​ពាក្យស្លោក​និង​បាន​វាយតប់​ជាមួយ​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី​តៃវ៉ាន់​នេះ​ខណៈពេល​​ដែល​បុរស​ម្នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន​និង​ដាក់​ខ្នោះ​ដោយ​ប៉ូលិស​អាម៉េរិក​។​

​លោកស្រី Tsai Ing-wen បានគ្រោង​ចំណាយពេល​២​ថ្ងៃ​នៅ​នៅ​ទីក្រុង​ញូវយ៉ក នៅ​មុន​ពេល​ទៅ​ទស្សនកិច្ច​នៅ​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដែលមាន​ទំនាក់ទំនង​ការទូត​នៅ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​។​

​ជាធម្មតា​ទូទៅ​នោះ ប្រមុខរដ្ឋ​ដែល​ឆ្លងកាត់​ទឹកដី​អាម៉េរិក​មិន​បង្ក​ភាព​ចម្រូង​សម្រាស់​ទេ​ប៉ុន្តែ​តៃវ៉ាន់​យល់ឃើញ​ដោយ​ខ្លួនឯង​ថា​ខ្លួន​ស្ថិត​នៅក្នុង​ស្ថានភាព​ការទូត​មិន​​សុខ​ស្រួល​និង​មិនធម្មតា​ខុសពី​គេ​ឯង​។​

​កាលពី​ដើម​ឆ្នាំ​មុន លោកស្រី Tsai Ing-wen បាន​ឈប់​សំចត​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​ប៉ាស៊ីហ្វិក និង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ទៅកាន់​ប្រ​​ទេស​ប៉ា​រ៉ា​ហ្គាយ​និង​ប្រទេស​បេលី ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ទាំង​២​នេះ​បាន​នាំឱ្យ​មាន​ការតវ៉ា​ជា​ផ្លូវការ​ពី​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកគាំទ្រ​និង​ប្រឆាំង​ប្រធានាធិបតី​តៃវ៉ាន់​ប៉ះគ្នា​នៅមុខ​សណ្ឋាគារ​ដែល​លោកស្រី​Tsai Ing-wen(រូបក្រោម) ស្នាក់​នៅក្នុង​ទីក្រុង​ញូវយ៉ក