ការ​វាយ​ឆ្ម​ក់​របស់​ក្រុម​ជី​ហាដ​សម្លាប់​ទាហាន​នី​ហ្សេ​រី​យ៉ា​៧០​នាក់​

100
ចែករម្លែក

​ប្រភព​ព័ត៌មាន​ពី​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មីនា​ថា​យ៉ាងហោច​ណាស់​ទាហាន​នី​ហ្សេ​រី​យ៉ា​ចំនួន​៧០ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​មួយ​ទៅ​​លើ​ក្បួន​រថយន្ត​របស់​ពួក​គេ​ដោយ​ពួក​យុទ្ធជន​ជី​ហាដ នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​ក្រុម​មន្ត្រី​យោធា​បាន​ប្រាប់​សារព័ត៌មាន​បារាំង​ថា ក្រុម​ជន​ជី​ហាដ បាន​បាញ់​គ្រាប់​រ៉ុកកែត​ជា​ច្រើន​គ្រាប់​ទៅលើ​រថយន្ត​ដឹក​កងទ័ព​មួយគ្រឿង ខណៈ​ដែល​រថ​​យន្ត​នោះ បាន​ធ្វើដំណើរ​ទៅ​ជិត​ដល់​ភូមិ​ហ្គ័​រ​ហ្គី នៅ​រដ្ឋ​ប័រ​ណូ​កាលពី​ថ្ងៃ​ចន្ទ ។ ទាហាន​ច្រើន​នាក់​បាន​រងរបួស ហើយ​ទាហាន​មួយចំនួន​ត្រូវបាន​ចាប់​នាំយក​​ទៅ​ដោយ​ក្រុម​ជី​ហាដ​នេះ​។​

​សារព័ត៌មាន​ដដែល​បាន​រាយការណ៍​ថា ក្បួន​រថយន្ត​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​មួយ​នៅក្នុង​រដ្ឋ​ប័រ​ណូ​ដើម្បី​ទៅ​ចូលរួម​វាយលុក​លើ​ជំរំ​របស់​ក្រុម​ជី​ហាដ​ដែលមាន​​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​តំបន់​នោះ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​នេះ បាន​បំបែក​ខ្លួន​ពី ក្រុម​ឧទ្ទាម​បូកូ ហា​រ៉ា​ម​កាលពី​ឆ្នាំ​២០១៦ និង​បាន​ផ្តោតលើ​ការវាយប្រហារ​កងទ័ព ដូចជា​​ឆ្មក់​វាយប្រហារ​លើ​មូលដ្ឋានទ័ព និង​ការ​ស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​រថយន្តយោធា​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ផែនទី​នៃ រដ្ឋ​ប័រ​ណូ ប្រទេស​នី​ហ្សេ​រី​យ៉ា ជា​ទី​ដែល​ទាហាន​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ជី​ហាដ