ការ​វិវឌ្ឍន៍​ចម្ការ​ម្រេច​ទៅជា​រមណីយដ្ឋាន​ក​សិ​-​ទេសចរណ៍ កំពុងមាន​ភាព​ទាក់ទាញ​

1970
ចែករម្លែក
  • 93
    Shares

ដោយ​: បូកគោ / កែប​: បើ​និយាយ​ពី​តំបន់ភ្នំ​វ​ល្លិ៍ មនុស្ស​ភាគច្រើន​ពិតជា​នឹក​មមៃ​ដល់ទី​តាំង​គួរឱ្យ​ភ័យខ្លាច ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ អស់​រយៈពេល​ជាច្រើន​ទសវត្ស​។ ប៉ុន្តែ​ក្រោយពី​ទទួលបាន​សន្តិភាព​ពេញលេញ​កាលពី​២០​ឆ្នាំ មុន តំបន់ភ្នំ​វ​ល្លិ៍​បាន​ក្លាយជា​កសិដ្ឋាន​ធំៗ​រាប់រយ​កន្លែង ពិសេស​ប្រភេទ​ចម្ការ​ដំណាំ​ម្រេច​ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល​លើ​គុណភាព និង​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសា​។ មកដល់​បច្ចុប្បន្ន ចម្ការ​ម្រេច​ភាគច្រើន​នៅ​ទីនោះ​បាន និង​កំពុង​បន្ត​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​រមណីយដ្ឋាន​ក​សិ​-​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​។​

​លោក​ហេ សុខលី អ្នកគ្រប់គ្រង​ចម្ការ​ម្រេច​ដែលមាន​ឈ្មោះថា​កសិដ្ឋាន​ចំប៉ីស ស្ថិត​ក្នុងភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប បាន​រៀបរាប់ថា រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ម្ចាស់​កសិដ្ឋាន​ចំប៉ីស ចាប់យក​ការងារ​ដាំ​ដំណាំ​ម្រេច​លើ​ផ្ទៃដី​មួយផ្នែក នៃ​ទំហំ​សរុប​ជិត​ប្រាំពីរ​ហិកតា​។ ពេល​បាន​ផល​នា​ប៉ុន្មាន​ឆ្នាំ​ដំបូង ម្រេច​ទាំងនោះ​ត្រូវ​នាំយកទៅ​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ដោយ​តម្លៃ​មិន​ទៀងទាត់​។ អ្នកគ្រប់គ្រង​ដដែល​បាន​បន្តថា​ជាមួយនឹង​គំនិត​ច្នៃប្រឌិត បន្ទាប់ពី​បង្កើតបាន​នូវ​សមិទ្ធផល​មួយចំនួន ដូចជា ខ្យូ​ស​អង្គុយលេង សួន​ដើរ​លម្ហែ​កម្សាន្ត ប៉ម​សម្រាប់​ឡើង​គយគន់​ទេសភាព​តំបន់​ជុំវិញ​ភ្នំ​វ​ល្លិ៍ និង​សម្លឹង​មើលទៅ​ផ្ទៃសមុទ្រ​ខេត្ត​កែប​ដ៏​ល្វឹងល្វើយ​នោះ ម្ចាស់​ចម្ការ​បាន​បង្វែ​យក​ផលិតផល​នេះ​មក​ដាក់តាំង​លក់​ក្នុង​កសិដ្ឋាន​វិញ ហើយក៏​ទទួលបាន​នូវ​ភាព​ទាក់ទាញ​ជា​បណ្តើរៗ ពិសេស​ទេសចរ​បរទេស​។ សព្វថ្ងៃនេះ​ក្នុង​កសិដ្ឋាន​កំពុង​ផ្តោតជាសំខាន់​តែ​លើ​ផលិតផល​ម្រេច​មួយ​មុខ ហើយ​ភ្ញៀវ​អាច​ត្រឹមតែ​ដើរលេង​កម្សាន្ត និង​ទស្សនា​ចម្ការ​ម្រេច​ប៉ុណ្ណោះ​។​

​លោក​ហេ សុខលី​បានបញ្ជាក់​ឱ្យដឹងថា ជា​គម្រោង​ទៅ​ថ្ងៃមុខ​នឹង​អាចមាន​ជា​ផ្ទះសំណាក់ កន្លែង​ជិះ​ស្គី អាង​ហែល ទឹក ឬ​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​។ ពេលនេះ​ក្រុម​ជាង​កំពុង​ចាប់ផ្តើម​យ៉ាង​មមាញឹក​ក្នុងការ​សាងសង់​បឹង​ហ្គា​ឡូ ផ្ទះសំណាក់ អាហា​រដ្ឋា​ន ហាង​ទំនិញ​ដើម្បី​បាន​ដំណើរការ​បម្រើសេវា​ទេសចរណ៍​ឱ្យ​រស់​រវើក​ឡើង​។ ជាការ​កត់សម្គាល់ តាំងពី​ការដាក់​តាំង​លក់​ម្រេច និង​បើក​ដំណើរការ​ឱ្យចូល​កម្សាន្ត​មក​ឃើញថា​ភ្ញៀវ​ដែលមាន​ជាប្រចាំ​តែ​ក្នុង​ចន្លោះ​ពី​ខែវិច្ឆិកា ដល់​ខែមេសា​ប៉ុណ្ណោះ​។ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ជីវភាព​ធូរធារ ក៏ដូចជា​លើកស្ទួយ​វិស័យ​ទេសចរណ៍ ព្រមទាំង​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កែប​ឱ្យ​រីកចម្រើន​ឡើង​។​

លោក​ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​មានប្រសាសន៍ថា​ជាការ​ប្រពៃ​បំផុត​ដែល ម្ចាស់​ចម្ការ​ភាគច្រើន​នៅ​តំបន់ភ្នំ​វ​ល្លិ៍​បាន​អភិវឌ្ឍ​កសិដ្ឋាន​របស់ខ្លួន​ឱ្យ​ក្លាយជា​មណ្ឌល​កម្សាន្ត​ប្លែកៗ​នោះ​។ ជាធម្មតា​មានតែ​ម្រេច​កំពត កែប​ប៉ុណ្ណោះ​ដែល​ប្រកបដោយ​រសជាតិ និង​គុណភាព ហើយ​ត្រូវបាន​ទទួលស្គាល់​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ដូច្នេះ ការបង្កើន​ភាព​ទាក់ទាញ​ដោយ​ជ្រើស​យក​វិធី​បង្កើត​រមណីយដ្ឋាន បែ​បក​សិ​-​ទេសចរណ៍​នោះ​ពិតជា​ទទួលជោគជ័យ​ក្នុង​កម្រិត​ភាគរយ​ខ្ពស់បំផុត​។ លោក​អនុប្រធាន​មន្ទីរ​បាន បន្តថា ក្នុងនាម​ជំនាញ កន្លងមក មន្ត្រីក្រោមឱវាទ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​ធ្លាប់បាន​ចុះ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សេវាកម្ម​ទេសចរណ៍​ដល់​ម្ចាស់​កសិដ្ឋាន​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ដែលមាន​សក្តានុពល ខ្ពស់​ផ្នែក​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​។ អ្វីដែល​ម្ចាស់​កសិដ្ឋាន​ត្រូវ​យល់ដឹង​បន្ថែម​នោះ ដូចជា យកចិត្តទុកដាក់​ការពារ​បរិស្ថាន​ធម្មជាតិ ដោយ​ចូលរួម​រក្សា​ដង​ជ្រោះ អូរ ជ្រលង​ភ្នំ​ជាដើម​។ លើសពីនេះ​ត្រូវ​យល់ដឹង​ពី​ចំណង់​ចំណូលចិត្ត​ភ្ញៀវ ដូចជា​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន អ្នកខ្លះ​ចូលចិត្ត អ្នកខ្លះ​មិន​ចូលចិត្ត​។

​លោក ប៉ុក ទាំង បាន​បញ្ជាក់ថា អ្នក​បង្ហាញ​ភ្ញៀវ​ក៏ត្រូវ​ចេះ​ណែនាំ​ភ្ញៀវ​នូវ​វិធីសាស្ត្រ​នៃ​ការដាំ​ដំណាំ​ម្រេច​ផងដែរ ដ្បិត​ភ្ញៀវ​ខ្លះ​ចូល​ទស្សនា​ជា​លក្ខណៈ​មក​សិក្សា​ស្រាវជ្រាវ ដើម្បី​ស្វែងយល់​ពីបទ​ពិសោធន៍​ផ្សេងៗ​៕ ល​

#