ការ​វិវឌ្ឍន៍​ចុងក្រោយ នៃ​ប្រតិ​ប​ត្ត​ការ​របស់​គណៈកម្មាធិកា​រ​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​

261
ចែករម្លែក

ដោយ:សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​ ៖​ មេការ​ក្រុមហ៊ុន​ចំនួន​២​នាក់ ត្រូវបាន​គណៈកម្មាធិកា​រប​ង្រា​ប​បទល្មើស​ធនធានធម្មជាតិ រកឃើញថា ជា​អ្នកចាត់ចែង​លើ​ការប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ត្រូវបាន​តំណាង​អយ្យការ​អម​សាលា ដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១១​ខែកក្កដា​បានចេញ​ដឺ​ការបញ្ជា​ឱ្យចូល​ខ្លួន ដើម្បី​សាកសួរ​អំពី​ករណី​ប្រមូល​ផល ដឹក​ជ​ញ្ជួ​ន​និង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​ដឺ​ការ​របស់​ស្ថា​ប័ណ​អយ្យការ​នោះ បាន​បញ្ជា​អោយឈ្មោះ​សាំង សុខុន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​និង​ឈ្មោះ​ណេង ម៉ៅ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ទាំងពីរ​នាក់​ជា​អ្នកចាត់ចែង​ការមូល​ឈើ​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ​មុខ​ស្ថា​ប័ណ​តុលាការ​មុន​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្នុងករណី​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដដែល​នេះ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឧកញ៉ា សឹង សំអុល និង​គូកន​ចំនួន​៤​បទល្មើស តាមច្បាប់​ស្តីពី​ព្រៃឈើ គឺ​បទ​ប្រើប្រាស់​គ្រឿងចក្រ​យានយន្ត​បម្រើ​ឲ្យ​ការប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​គ្មាន​ស្លាក​សម្គាល់​, បទ​ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​, បទ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​បទ​ធ្វើ​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត។ លោក សឹង អុល និង​អ្នកពាក់ព័ន្ធ​២​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ ពន្ធនាគា​ខេត្តមណ្ឌលគិរី កាលពី​ព្រលប់​ថ្ងៃទី​១២ កក្កដា ២០១៩ ។

​ករណី​ព្រៃឈើ​ដដែល​នៅក្នុង​ស្រុក​កែវ​សីមា​នោះ​ផង​ទៀត កាលពី​ព្រឹក​ថ្ងៃទី​១២​កក្កដា​ជនសង្ស័យ​វៀតណាម​ចំនួន​២​នាក់ ព្រមទាំង​ខ្មែរ​ចំនួន​៣​នាក់​ក៏​រង​នូវ​ការចាប់ខ្លួន​ផងដែរ ពេល​កំពុង​អារ​ជ្រៀក​ឈើ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​ជនសង្ស័យ​ទាំងអស់​ត្រូវ​ប​ញ្ជួ​ន​ទៅ​ស្ថា​ប័ណ​តុលាការ​នៅ​ថ្ងៃទី​១៤​កក្កដា​ម្សិលមិញ​នេះ​។​សមត្ថកិច្ច​ថា​ក្នុង​ប្រតិ​ប​ត្ត​ការ ជា​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​រួមមានៈ ទី​១៖​ឈ្មោះ ង្វៀង ហ៊​ង​ណា​ម អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​២៖​ឈ្មោះ ង្វៀង ចុង​ទូ អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​៣៖​ឈ្មោះ ធែ​ល ច​ន្ធី អាយុ​២១​ឆ្នាំ​, ទី​៤៖​ឈ្មោះ ថា​ន អូន អាយុ​២៧​ឆ្នាំ និង​ទី​៥៖​ឈ្មោះ រឿង ពេជ្រ អាយុ​៣១​ឆ្នាំ​។​សមត្ថកិច្ច​ថា ប្រតិ​ប​ត្ត​ការ​នេះ​បាន​ដកហូត​បាន រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​, រថយន្ត​ម៉ាក​កាមរី​ហើម ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2C-7802 ចំនួន​០១​គ្រឿង​, ម៉ាស៊ីន​រណា​យន្ត​ម៉ាក​ស្ទីល​០៣៨ ពណ៌​ក្រហម​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ព្រីង​ទុំ ចំនួន​០១​គ្រឿង​។​ករណីនេះ​អ្នកនាំពាក្យ​សាលាដំបូង​ថា ជនសង្ស័យ​ទាំងអស់​ត្រូវ​ប​ញ្ជួ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សិន ដើម្បី​បន្ត​និតិ​វិធី​ពេល​ក្រោយ​។​

​សូមបញ្ជាក់ថា ដំណើរការ​បន្ត​និតិ​វិធី​របស់​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ មន្ត្រី​ចំនួន​៥​រូប​នៅ​ខេត្តមណ្ឌលគិរី ក៏​ត្រូវបាន​កម្លាំង​ជំនាញ​របស់​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សាកសួរ​ពេញ​១​ថ្ងៃ កាល​ថ្ងៃទី​១៣ កក្កដា នៅ​បញ្ជាការដ្ឋាន​កង​រាជ អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក្នុងនោះ​មាន ទី​១​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ ទី​២​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន ទី​៣​លោក អ៊ុ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ទី​៤ ប៉ែន ភ័​ត្រា នាយក​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក និង​ទី​៥ លោក ហាន សុខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ៕​B/

#