ការ​ហក់​ឡើង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

958
ចែករម្លែក

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​ទំហំ​ជាង​មួយ​ពាន់​ហិកតា​នោះ ជា​តំបន់​សេដ្ឋកិច្ច​សហប្រតិបត្តិកា​រ​អន្តរជាតិ​ក្រុមទី ១ របស់​ប្រទេស​ចិន ដែល​រួមគ្នា​បណ្តាក់​ទុនវិនិយោគ និង​រៀបចំ​បង្កើត​ដោយ​ក្រុមហ៊ុន ហុង​ទូវ ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន និង​សហគ្រាស​មួយចំនួនទៀត ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជា​គម្រោង​គំរូ​មួយ​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ គម្រោង​នេះ​មិន​គ្រាន់តែ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ចិន និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ឱ្យឃើញ​ពី​គោលការណ៍​“​រួមគ្នា​ពិគ្រោះ​ពិភាក្សា ស្ថាបនា និង​ចែករំលែក​គ្នា​”​នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។​

​លោក ឆាវ ជីន​ជាំ​ង អគ្គនាយក​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ទាក់ទាញ​សហគ្រាស​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ។ គិត​មកដល់ពេលនេះ សហគ្រាស​ចំនួន​ជាង ១៣០ ដែល​មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អឺរ៉ុប និង​អាម៉េរិក​ជាដើម បានសម្រេច​នូវ​ការអភិវឌ្ឍន៍​បែប​ឈ្នះ​-​ឈ្នះ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ។ សព្វថ្ងៃ មាន​សហគ្រាស​ចំនួន ១១៣ បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ជា​ផ្លូវការ ដែល​បានផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ​ជាង ២,១ ម៉ឺន​នាក់ ។​

ក្រុមហ៊ុន​កាបូប អេ​វើ​រ​វឹ​ន (​ខេ​ម​បូ​ឌា​) ជា​សាខា​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន ធាន​យូ គ្រុប ខេត្ត​ជាំ​ង​ស៊ូ ។ ក្រុមហ៊ុន​នេះ​បាន​ចូលធ្វើ​អាជីវកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច ​ពិសេសក្រុងព្រះសីហនុ ក្រោយពី​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ត្រូវបាន​លើក​ឡើងជា​ផ្លូវការ ។ អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​នេះ​បានសម្រេច​ទៅធ្វើ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដោយសារ​មាន​ទំនុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​នេះ ។ លោកស្រី សាវ សៀវ​យឺ អគ្គនាយក​ក្រុមហ៊ុន បាន​ប្រាប់​អ្នកកាសែត​ថា ក្រុមហ៊ុន​យើងខ្ញុំ​ចាប់ធ្វើ​អាជីវកម្ម​តាំងពី​ខែមករា ឆ្នាំ ២០១៥ ហើយ​ចាប់ផ្តើមបាន​ចំណេញ​ពី​ខែមករា ឆ្នាំ ២០១៨ ។ ក្រុមហ៊ុន​យើង​ទទួលបាន​នូវ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ កម្មករ​ក៏​អាច​ទទួល​ចំណូល​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ជាពិសេស ក្រុមហ៊ុន​បានផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ ៧០០ នាក់ ។​

កញ្ញា សុខ ធី​រ៉ា មាន​អាយុ ២៦ ឆ្នាំ​ហើយ ។ គាត់​រស់នៅ​ក្នុងភូមិ​មួយ​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ហើយ​បានមក​ធ្វើការ​នៅ​ក្រុមហ៊ុន រ៉ូ​មេន​ធី​ក លេ​ឌើ​រ (​ខេ​ម​បូ​ឌា​) ។ ការងារ​នេះ​បានធ្វើឱ្យ​គាត់​សប្បាយចិត្ត​យ៉ាងខ្លាំង ។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា កាល​មុន សមាជិក​ទាំង​អស់នៃ​គ្រួសារ​ខ្ញុំ​សុទ្ធតែ​ប្រកប​របរ​កសិកម្ម ហើយ​បាន​ចំណូល​មិន​ច្រើន​ទេ ។ តែ​ឥ​ឡូ ក្នុង​គ្រួសារ​ខ្ញុំ​មាន ៨ នាក់ ក្រៅពី​ក្មេង​ម្នាក់​ដែល​កំពុង​ចូលរៀន​នៅ​សាលា នៅសល់ ៧ នាក់​សុទ្ធតែ​មក​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ។ យើង​អាច​បាន​ប្រាក់ខែ​ច្រើនជាង​មុន ហើយ​មាន​ជីវភាព​កាន់តែ​ធូរធារ ។

តាំងពី​ពេល​ដំបូង​នៃ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រហូតដល់​បច្ចុប្បន្ន​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ និង​គោលការណ៍​“​ឈ្នះ​-​ឈ្នះ ៨ ភាគី​” រួមមាន​ម្ចាស់​ហ៊ុន បុគ្គលិក​ការងារ អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូ​សហប្រតិបត្តិការ រដ្ឋាភិបាល បរិស្ថាន និង​សហគមន៍​ប្រជាជន ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បានផ្តល់​ឱកាស​ការងារ​ច្រើន​ដល់​ប្រជាជន​ខ្មែរ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​ខ្មែរ ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​សិស្ស​និស្សិត សាងសង់​ស្ពាន​និង​ផ្លូវថ្នល់ និង​ជួយ​ប្រជាជន​ក្រីក្រ ដើម្បី​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​ក្នុង​តំបន់ ។ ការរីកចម្រើន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​បានធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ប្រែ​មុខ​ប្រែ​មាត់​យ៉ាងខ្លាំង ។​

គោលនយោបាយ​លើកទឹកចិត្ត ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បានធ្វើឱ្យ​អ្នក​ដែល​ធ្វើការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ទំនុកចិត្ត​ចំពោះ​អនាគត ។ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ទោះបីជា​លោកអ្នក​ទៅ​ទស្សនា​សហគ្រាស​ណាមួយ​ក៏ដោយ ក៏​អាច​ស្តាប់ឮ​ពាក្យសម្ដីដូចគ្នា គឺ “​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នឹង​អាចមាន​អនាគត​កាន់តែ​ភ្លឺស្វាង​” ៕ ដោយៈ ស្យូ​ង យ៉ាន ស៊ឺន យ៉ាន ហ្វឺ​ង យ៉ា​សៀន និង យូ ជាំ​ង​នី​ង/Ha