ដោយៈគូលែន/សៀមរាប: យោងតាមខ្លឹមសារផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃ ដល់ប្រាសាទអង្គរ ដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយ នៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេង កម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងចោលសំរាម គ្មានសណ្ដាប់ធ្នាប់ និងអនាម័យ ប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន នៅជុំវិញតំបន់រមណីយដ្ឋាន បេតិកភណ្ឌ ពិភពលោកនេះ។
តាមខ្លឹមសារ បានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា ចាត់ទុកទង្វើទាំងនេះថា បាននឹងកំពុងធ្វើឱ្យបាត់បង់ ជាបណ្តើរៗនូវភាពអច្ឆរិយភាព ជាទីកន្លែងសក្ការៈបូជា របស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេស បាត់បង់នូវជំនឿ មកលើទឹកដី ដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃ មុនពេលមកទស្សនា ដូច្នេះអាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ គួរបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃ នៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សា កេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរវត្ត ហើយសូមឱ្យ ប្រាសាទអង្គរ នៅតែជាទីអច្ឆរិយៈ ជារៀងរហូត ។
គួររំលឹកថា រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋ ដែលប្រជាជនខ្មែរ តែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនា ជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន ហើយប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាង ឱ្យចក្រវាឡ ព្រោះគ្រប់ផ្នែកទាំងអស់ នៃប្រាសាទអង្គរ ដូចជា ប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទ គឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុទឹក តំណាងឱ្យមហាសមុទ្រ ដែលព័ទ្ធជុំវិញ ភ្នំព្រះសុមេរុនោះ ។
ទន្ទឹមនឹងនេះ ប្រជាជនខ្មែរ តែងតែសំឡឹងមកប្រាសាទអង្គរ ប្រកបដោយក្តីមោទនៈ ជាទីបំផុត នៅពេលដែលគេ រំឭកអំពីភាពរុងរឿង ដ៏អស្ចារ្យរបស់ជាតិខ្មែរ នាពេលអតីតកាល ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នា ប្រកបដោយឆន្ទៈ គោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់ នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈបំផុត ៕សរន