កាល​នៅរស់ លោក​ស្តេ​ហ្វិ​ន ហក​ឃី​ង ជឿថា មនុស្ស​យើង​ត្រូវតែ​ចាកចេញ​ពី​ផែនដី​ក្នុង​រយៈពេល ២០០ ឆ្នាំ​ទៀត បើ​មិន​អ៊ីចឹង​ទេ​ប្រឈម​ការ​សាបសូន្យ​

1736
ចែករម្លែក
  • 141
    Shares

មនុស្ស​យើង​ត្រូវតែ​ចាកចេញ​ពី​ផែនដី​ក្នុង​រយៈពេល ២០០ ឆ្នាំ​ទៀត បើ​យើង​ចង់​បន្តអត្ថិភាព។​​នេះ​គឺជា​ការព្រមាន​ដ៏​ខ្លាំងក្លា​ដោយ​សាស្ដ្រាចារ្យ​ស្តេ​ហ្វិ​ន ហក​ឃី​ង នៅ​ប៉ុន្មាន​ខែ​មុនពេល​គាត់​ស្លាប់​នៅ​អាយុ ៧៦ ឆ្នាំ​កាលពី​ថ្ងៃ​ពុធ ទី​១៤ មីនា​។​

​រូប​វិទូ​ល្បីល្បាញ​រូបនេះ​ជឿថា ជីវិត​នៅលើ​ផែនដី​អាច​ត្រូវ​លុបបំបាត់​ដោយ​គ្រោះមហន្តរាយ​នានា ដូចជា ការវាយប្រហារ​ដោយ​អាចម៍ផ្កាយ បច្ចេកវិជ្ជា AI ឬ ការ​លុកលុយ​របស់​មនុស្ស​ក្រៅ​ភព​។​

​លោក​ក៏បាន​ព្រមាន​ផងដែរ​ថា ចំនួន​ប្រជាជន​លើស​កម្រិត ភាពឃោរឃៅ​របស់​មនុស្ស និង​ការប្រែប្រួល​អាកាសធាតុ អាចធ្វើឱ្យ​មនុស្សជាតិ​បំផ្លាញ​ខ្លួនឯង​។​

​គាត់​ជឿជាក់ថា​ប្រសិនបើ​មនុស្ស​យើង​សង្ឃឹម​រស់រានមានជីវិត មនុស្ស​ជំនាន់​ក្រោយៗ​ចាំបាច់​ត្រូវតែ​បង្កើត​ជីវិត​ថ្មី​នៅ​ទី​អវកាស​។

-ការព្រួយបារម្ភធំមួយរបស់ ហក​ឃី​ងចំពោះផែនដីរបស់យើងគឺការឡើងកំដៅផែនដី។លោកថា ប្រភពធនធានរូបធាតុរបស់យើងកាន់តែអស់ទៅ កំដៅចេះតែឡើង ទឹកកកនៅប៉ូលក៏កាន់តែរលាយ ព្រៃក៏កាន់តែអស់ដែលនាំដល់ការរលត់រលាយអំបូរសត្វ។ថ្ងៃណាមួយផែនដីនឹងឡើងកំដៅដូចភពផ្កាយព្រះសុក្រដែលមានកំដៅ៤៦០អង្សាសេ។

-ការវាយប្រហារដោយផ្កាយព្រះគ្រោះ

បើកំដៅមិនអាចបំផ្លាញមនុស្សចេញពីផែនដីទេ លោកហក​ឃី​ងជឿថាផែនដីនឹងត្រូវបំផ្លាញដោយផ្កាយព្រះគ្រោះ(អាចម៍ផ្កាយធំ)ណាមួយជាមិនខាន។

លោកថា«នេះមិនមែនជារឿងប្រឌិតវិទ្យាសាស្រ្តទេ វាត្រូវធានាដោយច្បាប់រូបវិទ្យានិងភាពអាចកើតមាន(ប្រូបាប)។ការសម្លឹងមើលទៅក្នុងទីអវកាសនឹងផ្លាស់ប្តូរអនាគតមនុស្សលោកទាំងស្រុង។អាណានិគមមនុស្សនិងភពផ្សេងៗលែងជារឿងប្រឌិតវិទ្យាសាស្រ្តទៀតហើយ វាអាចជាវិទ្យាសាស្រ្តពិត»។

កន្លងមកលោកបានធ្វើការជាមួយគំរោងរបស់មហាសេដ្ឋីរុស្ស៊ីមួយដើម្បីបញ្ជូនក្រុមពន្លឺនាំយានnanocraftទៅកាន់ប្រព័ន្ធផ្កាយជិតផែនដីបំផុតដើម្បីស្វែងរកភពដែលអាចទ្រងទ្រង់ជីវិត។

-AIអាចចូលជំនួសមនុស្ស

ហក​ឃី​ងបានអះអាងថាខួរក្បាលសិប្បនិម្មិតAI នឹងឈានដល់កំរិតមួយដែលនឹងបង្កើតទំរង់ថ្មីមួយនៃជីវិតដែលវានឹងធ្វើបានល្អជាងមនុស្សមែនទែន។

លោកថែមទាំងនិយាយដល់ថ្នាក់ថា AI អាចចូលជំនួសមនុស្ស តែលោកមិនដឹងថានៅពេលណាជាក់លាក់ទេ។

-មនុស្សភពក្រៅAliens

ហកឃីន ក៏បានព្រមានផងដែរថា ទម្រាំយើងបានឃើញមនុស្សភពក្រៅ ពួកវាទំនងជាបោសសម្អាតយើងបាត់ទៅហើយ។លោកបាននិយាយដូច្នេះថា«នៅពេលខ្ញុំកាន់តែមានវ័យចំណាស់ ខ្ញុំកាន់តែជឿថាយើងមិននៅតែឯងទេ ។ថ្ងៃណាមួយ យើងអាចទទួលសញ្ញាមកពីភពណាមួយដូចជាភពGliese 832c តែត្រូវប្រយ័ត្នឆ្លើយតប។ការជួបក្រុមមានអារ្យធម៌ជាងណាមួយវាដូចជនជាតិដើមអាមរិកជួបពួកដើរសំពៅរបស់កូឡុំប៊ូសកាលពីសម័យដើមអ៊ីចឹង»។

ហកឃីន មានជំនឿថាមានជីវិតផ្សេងនៅឆ្ងាយពីយើង ហើយលោកបានដឹកនាំគំរោងថ្មីមួយឈ្មោះថា Breakthrough Listenដើម្បីស្វែងរកវា។

-មនុស្សច្រើនហួស

អ្នកវិទ្យាសាស្រ្តរូបវិទ្យាមើលឃើញតែអនាគតខ្មៅងងឹតរូបនេះក៏៏បានព្រមានថាមហន្តរាយបង្កឡើងដោយមនុស្សអាចរីកធំរហូតបញ្ចប់អំបូរមនុស្សលោកយើង។លោកជឿថាជីវិតលើផែនដីកាន់តែប្រឈមហានិភ័យពីការបោសសម្អាតដោយគ្រោះមហន្តរាយណាមួយ ដូចជាអាចម៍ផ្កាយបុកផែនដី ជម្ងឺឆ្លង ប្រជាជនច្រើនហួសនិងការប្រែប្រួលអាកាសធាតុ ផលិតកម្មស្បៀងនិងកំណើនអាស៊ីដក្នុងមហាសមុទ្រជាដើម។

លោកព្រមានថា មនុស្សលោកមិនអាចរស់លើផែនដីដែលមានបញ្ហានេះបានទេនៅ១.០០០ឆ្នាំទៀត៕ដោយ៖ពិសិដ្ឋ-វាសនា