ប្រទេស​នានា​គួរ​ទទួល​ស្គាល់​ថា ពេលវេលា​បាន​ផ្លាស់ប្តូរ​

775
ចែករម្លែក

​សុន្ទរកថា​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី សៀន​ឡុង នៅ​វេទិកា​សន្តិសុខ​តំបន់​មួយ​បាន​នាំអោយ​មាន​ការចាប់អារម្មណ៍​ជា​អន្តរជាតិ នៅពេល​វា​ឆ្លុះបញ្ចាំង​ដ៏​ត្រឹមត្រូវ​អំពី​​ទ្វេ​គ្រោះ​ដែល​សមាជិក​សហគមន៍​អន្តរជាតិ​ជាច្រើន​កំពុង​ជាប់​ខ្លួន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​។​

​ថ្លែង​ក្នុង​ជំនួប​កំពូល​សន្តិសុខ​Shangri-La Dialogue​ឆ្នាំ​នេះ​នៅ​សិង្ហ​បុរី លោក​លី​បាន​អំពាវនាវ​អោយ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​សម្របសម្រួល​ខ្លួន​ទៅតាម​ការកើនឡើង​​អំណាច​របស់​ចិន​។​លោក​បាន​និយាយថា​«​ប្រទេស​នានា​ត្រូវ​ទទួលយក​និង​ទទួលស្គាល់ថា​ចិន​នឹង​បន្ត​កើនឡើង​និង​ខ្លាំង​ឡើង​ហើយ​វា​មិន​ជា​ការ​ឆ្លាត​ឬក៏​មិន​អាច​ទៅរួច​ទេ​ដែល​​ពួកគេ​ណា​ម្នាក់​រារាំង​និន្នាការ​នេះ​មិន​អោយ​កើត​ឡើង​នោះ​»​។​

​សម្តី​របស់​លោក​ពិតជា​ត្រឹមត្រូវ​។ ពិភពលោក​ត្រូវ​សម្លឹងមើល​ដោយ​មិន​លម្អៀង​ចំពោះ​ការអភិវឌ្ឍ​របស់​ចិន និង​សារសំខាន់​ខ្លាំង​ឡើង​របស់​វា​លើ​ឆាក​អន្តរជាតិ ជាពិសេស​សហរដ្ឋ​​អាម៉េរិក ដែល​ដោយសារតែ​ការ​លម្អៀង​នៃ​មនោគមន៍វិជ្ជា​របស់ខ្លួន បដិសេធ​មិន​ទទួលស្គាល់​ចិន​ក្នុង​កំរិត​អ្វីមួយ​ក្រៅតែពី​ចាត់ទុក​ជា​គូប្រជែង និង​ថែម​ទាំង​ជាការ​គំរាម​​មួយ​ថែមទៀត​។​

​ចេញពី​ទស្សនវិស័យ​មិនល្អ​បែបនេះ ប្រធានាធិបតី​អាម៉េរិក និង​រដ្ឋការ​របស់លោក បាន​ប្រកាន់​យក​ទស្សនៈ​ពិភពលោក​មិន​ទូលំទូលាយ​និង​ហួស​សម័យ ដែល​មើល​ឃើញ​បណ្តា​ប្រ​​ទេស​នៅក្នុង​លោក សុទ្ធតែ​ពាក់​ព័ន្ធ​ក្នុង​ល្បែង​ម្ខាង​ចាញ់​ម្ខាង​ឈ្នះ​។​

​ពាក្យស្លោក​ដូច​កូនក្មេង​របស់​ប្រធានាធិបតី​អាម៉េរិក ដូចជា​«​អាម៉េរិក​ជា​អាទិភាព​» និង​«​ធ្វើអោយ​អាម៉េរិក​អស្ចារ្យ​ជាថ្មី​» វា​គ្មានអ្វី​ក្រៅ​តែ​ពី​ការប្រកាស​ថា ក្រុម​វរជន​នយោបាយ​​សម្រាំង​អាម៉េរិក​ខ្វល់ខ្វាយ​តែ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​ត្រូវ​ដឹកនាំ​ដោយ​គោល​គំនិត​ដូច្នេះ អាម៉េរិក​បាន​បង្កអោយមាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន ដោយ​មិន​គិត​សោះ​អំពី​ផលវិបាក​ដែល​អាច​កើតមាន​។​សម្តី​របស់​លោក​លី បានបង្ហាញ​ថា​តើ​ប្រទេស​ដទៃ​ទៀត​នឹងរង​ផល​ប៉ះពាល់​យ៉ាង​ណា​ចេញ​ពី​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ​។​តែ​សម្លេង​ហេតុផល​មិនអាច​ចូល​ក្នុង​ត្រចៀក​របស់​ប្រធានា​​ធិបតី​អាម៉េរិក និង​ក្រុម​មនុស្ស​ប្រកាន់​គំនិត​មិន​សម​ហេតុផល​ដូច​គាត់​បានទេ ហើយ​ការរីករាយ​នឹង​ឧត្តមភាព​របស់​អាម៉េរិក​កំពុង​ធ្វើដំណើរ​ទៅ​ទីបញ្ចប់ ដោយ​ពួកគេ​កំពុង​​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​គ្រាន់តែ​ពន្យារ​ពេល​ប៉ុណ្ណោះ​។​

​តាមរយៈ​វាយប្រហារ​ពី​គ្រប់​ទិស​និង​ព្យាយាម​បំផ្លាញ​កិច្ចព្រមព្រៀង​ពហុភាគី​នានា​មក ប្រធានាធិបតី​អាម៉េរិក​និង​ក្រុម​របស់​លោក​អាច​គិត​ថា​ពួកគេ​អាច​រក្សា​ឧត្តមភាព​របស់​​អាម៉េរិក​តាម​មធ្យោ​យោបា​យ​បំបែក​និង​កំទេច​។​តែ​ពួកគេ​គួរ​យល់ថា ពិភពលោក​បាន​ឈាន​ចូល​ក្នុង​យុគ​សក​លូ​ប​នីយកម្ម​យូរ​មក​ហើយ ដែល​ប្រទេស​មាន​ផលប្រយោជន៍​ត្រូវ​​បាន​ត្បាញ​បញ្ចូល​គ្នា​យ៉ាង​ស្អិតល្មួត ហើយ​មិនមែន​មហាអំណាច​ពិភពលោក​ដាច់​គេ​តែ​មួយ​ដែល​មិន​រងគ្រោះ បើ​ខ្លួន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ផ្សេង​។​

​តែ​ជា​ការពិត​ណាស់ ប្រធានាធិបតី​អាម៉េរិក​និង​ក្រុម​នយោបាយ​សម្រាំង​របស់​លោក​មិនមែន​ព្យាយាម​ធ្វើ​អោយ​អាម៉េរិក​អស្ចារ្យ​ជា​ថ្មី​ទេ ។​ពួក​គេ​គ្រាន់តែ​ចង់​ប្រមូលយក​ផល​​ប្រយោជន៍​សំរាប់​ពួកគេ​ផ្ទាល់​អោយបាន​ច្រើន​បំផុត​តាម​តែ​អាចធ្វើ​បាន​តែ​ប៉ុណ្ណោះ​។​ឧទាហរណ៍ សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បំផ្លាញ​ជាជាង​ជួយ​សុខុមាលភាព​របស់​កម្លាំង​ពលកម្ម​​អាម៉េរិក​២​ភាគ​៣ រួម​ទាំង​កសិករ​អាម៉េរិក​ផងដែរ​។​

​ដូច​សៀវភៅ​ស​របស់​ចិន​ស្តី​ពី​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​និយាយ​ថា​ការខាតបង់​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ផលប្រយោជន៍​របស់​ប្រជាជន​​នៃ​ប្រទេស​ទាំង​ពីរ ហើយ​នឹង​វិបុលភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គួរ​ទទួលយក​និង​ទទួលស្គាល់ថា ខ្លួន​មិន​អាច​បញ្ឈប់​ជំនោរ​នៃ​ពេលវេលា​​ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​នឹង​គ្រាន់តែ​ពន្លឿន​ការធ្លាក់ចុះ​របស់​ខ្លួន​តែប៉ុណ្ណោះ​៕ប្រែសម្រួលពីchinadailyដោយ៖វាសនា