កាសែត​ចិន​និយាយថា ពួក​បាតុករ​ហុងកុង​គ្មាន​លេស​ត្រូវ​បន្ត​អំពើ​ហិង្សា​ទៀត​ក្រោយ​ដក​ចោល​ច្បាប់​បត្យាប័ន​

340
ចែករម្លែក

​កាសែត​រដ្ឋ​ចិន​China Daily បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​ថា ការ​ដែល​មេដឹកនាំ​ហុងកុង​ដកចេញ​ច្បាប់​បត្យាប័ន​ដែល​បាន​បង្ក​ការតវ៉ា​ប្រឆាំង​ជាទូទៅ​នោះ ជា​កាយ​​វិការ​បង្ហាញ​សន្តិភាព​មួយ​ហើយ​ដែល​នាំ​អោយ​ពួក​បាតុករ​គ្មាន​លេស​បន្ត​អំពើហិង្សា​។​

មេដឹកនាំហុងកុង ការី ឡាម ប្រកាសដកចេញច្បាប់បត្យាប័នជាស្ថាពរកាលពីយប់ថ្ងៃពុធ

​ការដកចេញ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​កាលពី​យប់​ថ្ងៃ​ពុធ បាន​កើត​ឡើង​ក្រោយ​ការប្រឆាំង​ជំទាស់​វា​អស់​៣​ខែ ដែល​ពេល​ខ្លះ​បាន​ប្រែក្លាយ​ជា​ការប្រយុទ្ធ​ហិង្សា​ពេញ​កណ្តាល​ទីក្រុង​​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​៧​លាន​នាក់​នេះ​។​អ្នក​ប្រឆាំង​តវ៉ា​សរុប​ជាង​១.០០០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​តាំងពី​ខែ​មិថុនា​មក​។​

​ច្បាប់​នេះ បើសិន​ត្រូវបាន​សភា​ហុងកុង​អនុម័ត​រួច វា​នឹង​អនុញ្ញាត​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិន​ដីគោក​ក្រោម​ការគ្រប់គ្រង​របស់​បក្ស​​កុំម្មុយនីស្ត​។​

​កាសែត​China Daily បាន​និយាយថា ការសំរេចចិត្ត​នេះ​«​ជា​ចម្លើយ​តប​ដ៏​ស្មោះ​និង​បន្ទាន់​បំផុត​ចំពោះ​សម្លេង​របស់​សហគមន៍​…​ដែល​អាច​បកស្រាយ​ថា​ជា​កាយវិការ​ចង់បាន​​សន្តិភាព​ជាមួយ​ជន​ដែល​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​នេះ​»​។​

​ជាមួយនឹង​ចំណងជើង​ថា​«​អ្នក​ប្រឆាំង​តវ៉ា​មិន​មាន​លេស​ដើម្បី​បន្ត​អំពើហិង្សា​» កាសែត​បាន​បន្តថា «​រដ្ឋាភិបាល​រដ្ឋបាល​ពិសេស​ហុងកុង​ផ្តល់​ឱកាស​មួយ​ដល់​អ្នក​ក្រុង​ហុងកុង​​ដើម្បី​ជំនួស​បដិបក្ខនិយម​និង​ការប្រឈមមុខ ជាមួយនឹង​សន្តិភាព​និង​ការចរចា​គ្នា​។​សង្ឃឹមថា នឹង​ស្តារ​សន្តិភាព​និង​ស្ថិរភាព​ឡើងវិញ​ទាន់ពេល ដើម្បី​កុំអោយ​ទីក្រុង​នេះ​ត្រូវ​​ចំណាយ​ថាមពល​និង​ពេល​ទៅ​ដោះស្រាយ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​របស់​វា​»៕ដោយ៖វាសនា

ការប្រឆាំង​តវ៉ា​ផ្តើមចេញ​ពី​ការ​ជំទាស់​នឹង​ពង្រាង​ច្បាប់​បត្យាប័ន និង​ក្រោយៗ​មក​បាន​ប្រែជា​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ធំ​ឡើង​សំរាប​អតីត​ដែនដី​អាណានិគម​អង់គ្លេស​​មួយ​នេះ​។​មិនដឹងថា ការដក​ចោល​ច្បាប់​នេះ​ធ្វើអោយ​អ្នក​ប្រឆាំង​តវ៉ា​ស្ងប់ចិត្ត​ដែរ​ឬ​អត់​