កាសែត​ចិន​៖ អង់គ្លេស​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ជនជាតិ​ចិន​៣៩​នាក់​ក្នុង​កុង​តេនឺ​

3807
ចែករម្លែក

​អង់គ្លេស​និង​បណ្តា​ប្រទេស​អឺរ៉ុប​ត្រូវ​ទទួលខុសត្រូវ​ខ្លះ​ចំពោះ​ការស្លាប់​មនុស្ស​៣៩​នាក់​នៅក្នុង​កុងតេ​នឺ​នៃ​រថយន្ត​កាំមី​ញ៉ុង​មួយ​នៅ​ជិត​ទីក្រុង​ឡុង​ដ៍ដែល​គេ​ជឿ​ថា​ជនរងគ្រោះ​ទាំង​​នេះ​ជា​ជនជាតិ​ចិន នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ចិន​Global Times កាលពី​ថ្ងៃ​សុ​ក្រ​ទី​២៥​តុលា​។​

​កាសែត​បាន​និយាយ​ក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​ថា នៅ​ដំណាក់កាល​នេះ វា​ទៅ​មិន​រួច​ទេ​ថា​ត្រូវ​ទទួលខុសត្រូវ​កំរិតណា​ចំពោះ​សោកនាដកម្ម​នេះ តែ​«​គ្រោះ​មនុស្សធម៌​ធ្ងន់ធ្ងរ​​មួយ​ដូច្នេះ​បាន​កើតឡើង​នៅក្រោយ​ការឃ្លាំមើល​របស់​អង់គ្លេស​និង​អឺរ៉ុប​។​វា​ច្បាស់​ណាស់​ថា អង់គ្លេស​និង​បណ្តា​ប្រទេស​អឺរ៉ុប​មិនបាន​បំពេញ​ការទទួលខុសត្រូវ​របស់​គេ​ពេញលេញ​​ដើម្បី​ការពារ​មនុស្ស​កុំអោយ​ស្លាប់​ដូច្នេះ​»​។​

​ចំណែក​សារព័ត៌មាន​ផ្លូវការ​របស់​បក្ស​កុំម្មុយនីស្ត​ចិន People’s Daily​បាន​បន្ថែមថា ទោះជា​រកឃើញ​ថា​ពួកគេ​ត្រូវ​បាន​លួច​នាំ​ចូល​ក្នុងប្រទេស​អង់គ្លេស ការស្លាប់​របស់​ជន​​រងគ្រោះ​មិនជា​កំហុស​របស់​គេ​ទេ​។​«​យើង​សង្ឃឹមថា អង់គ្លេស​និង​បណ្តា​ប្រទេស​អឺរ៉ុប​នឹង​អនុវត្ត​ការសន្យា​តាំងចិត្ត​របស់​គេ​ស្តីពី​សិទ្ធិមនុស្ស​និង​និង​កិច្ចខិតខំ​ធ្វើអោយ​ប្រជាជន​​ចិន​រួចផុត​ពី​ការរំលោភ​និង​ការស្លាប់​ភ្លាមៗ​»​។​

​កាសែត​បាន​បន្ថែមថា អង់គ្លេស​ទំនងជា​មិន​បាន​រៀន​មេរៀន​ពី​សោកនាដកម្ម​មួយនៅ​ដូ​វើកា​លពី​២​ទសវត្សរ៍​មុន​ទេ​។​

សូមរំលឹកថា ​ក្នុង​សោកនាដកម្ម​ធំ​បំផុតពាក់ព័ន្ធការជួញដូរមនុស្ស ជនជាតិ​ចិន​៥៨​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុងកុងតេនឺ​នៃរថយន្ត​កាំំ​មី​ញ៉ុ​ង​ដឹក​ប៉េងប៉ោះ​មួយ​កាលពី​ឆ្នាំ​២០០០​នៅ​កំពង់ផែ​ក្រុង​ដូ​វើ​។​

​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​តុលា​ត្រូវបាន​ផ្តល់​ពេល​បន្ថែម​ដើម្បី​សួរចម្លើយ​អ្នកបើក​រថយន្ត​ដែល​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការស្លាប់​មនុស្ស​៣៩​នាក់ ដែល​ប៉ូលិសអង់គ្លេសអះអាងថា​ជា​ជនជាតិ​ចិន​។​សាកសព​មនុស្ស​៣៩​នាក់​ត្រូវបាន​រកឃើញ​ក្នុង​ទូរ​កុងតេ​នឺ​ក្លាស្សេ​មួយ​នៅ​ជិត​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​។​

​ទោះជា​យ៉ាងណា ស្ថានទូត​ចិន​ប្រចាំ​ឡុង​ដ៍ និយាយថា សញ្ជាតិ​របស់​ជនរងគ្រោះ​ទាំង​៣៩​នាក់​ដែល​ត្រូវបាន​រក​ឃើញ​ក្នុង​កុងតេ​នឺ​ឡានធំ​មួយ​នៅ​អង់គ្លេស​នោះ មិន​មិនទាន់​ត្រូវ​​បានបញ្ជាក់​នៅឡើយ​ទេ​។​

​ការស៊ើបអង្កេត​ឥឡូវ​ផ្តោត​លើ​ការរត់ពន្ធ​មនុស្ស​។​នៅពេលនេះ គ្មាន​នរណា​ដឹង​ថា​ពួកគេ​បាន​ស្លាប់​យ៉ាង​ណា​ទេ​។​ពួកគេ​អាច​សម្លាប់​រួច​ត្រូវ​គេ​ដាក់​ក្នុង​កុងតេ​នឺ​ឬ​ស្លាប់​បន្ទាប់ពី​​ចូល​ក្នុង​ឡាំង​ដែក​នេះ​។​បើសិនជា​កុងតេ​នឺ​ក្លាស្សេ​នេះ​បើក​ម៉ាស៊ីន ពួកគេ​មុខ​ជា​កក​ស្លាប់​ដោយសារ​សីតុណ្ហភាព​ចុះ​ដល់​ដក​២៥​អង្សា​សេ តែ​បើ​មិន​បើក​ពួកគេ​ក៏​ត្រូវ​ស្លាប់​ដោយ​​ថប់ដង្ហើម​។​

​គ្រូពេទ្យ​និង​ប៉ូលិស​បាន​ពិនិត្យឃើញ​មាន​សាកសព​បុរស​៣១​នាក់​និង​ស្ត្រី​៨​នាក់​នៅក្នុង​កុងតេ​នឺ​នៃ​រថយន្ត​កាំមី​ញ៉ុង​មួយ​នៅក្រុង​អ៊ិ​កសេស ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ឡុង​ដ៍​។​

​សូមបញ្ជាក់​ថា អស់​ពេល​រាប់​ឆ្នាំ​មកហើយ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ព្យាយាម​ចូល​អង់គ្លេស​តាម​រថយន្ត​កាំ​មី​ញ៉ុង​ធំៗ ភាគច្រើន​ចេញមក​ពី​អឺរ៉ុប​ដីគោក​ ហើយមួយចំនួនធំពាក់ព័ន្ធជនអន្តោប្រវេសន៍ចិន។

​ចិន​បាន​ធ្វើអោយ​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​ចាប់តាំងពី​ទសវត្សរ៍​១៩៨០ ធ្វើអោយ​វា​ក្លាយជា​ប្រទេស​មាន​បំផុតទី​២​ក្នុង​លោក បន្ទាប់​ពី​អាម៉េរិក​។​វិបុលភាព​របស់​ចិន​ត្រូវ​​បាន​ស្តែងឡើង​តាមរយៈ​អាគារ​កប់​ពពក​នៅ​ក្រុង​សៀង​ហៃ និង​កីឡដ្ឋាន​អូឡាំពិក​រាង​សំបុក​បក្សី​នៅ​ក្រុង​ប៉េកាំង ជា​រូបភាព​ដែល​គេ​ឃើញ​រាប់មិនអស់​នៅ​តាម​ទូរទស្សន៍​។​តែ​​នៅក្រៅ​ទីក្រុង​ធំៗ ជនជាតិ​ចិន​ជា​ច្រើន ឬ​ជាង​៣០​លាន​នាក់​(​តាម​ទស្សនា​វ​ដ្តី​Forbes )​រស់នៅ​ក្នុង​ភាពក្រីក្រ​។​

​បើ​តាម​សារព័ត៌មាន​ម៉េល​អន​ឡា​ញ អ្នកក្រីក្រ​ចិន​ភាគច្រើន​រស់នៅ​តាម​ទីជនបទ​ដោយ​ធ្វើ​កសិកម្ម ខ្លះ​នៅ​តំបន់​ស្ទើរ​ជា​វាល​ខ្សាច់​និង​រស់នៅ​ក្នុង​ជម្រក​ដែល​រូង​ដី​តាម​ជើងភ្នំ​​ឬ​ប្រជ្រៀត​គ្នា​នៅ​តំបន់​ក្រីក្រ​នៃ​ទីក្រុង​។​

​បូក​បន្ថែម​នឹង​ការបិទ​រោងចក្រ​ខ្លះ​បណ្តា​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម នាំ​អោយ​ជនជាតិ​ចិន​ជាច្រើន​ចង់​ចាកចេញ​ពី​ប្រទេស​ទៅ​ស្វែងរក​ជីវភាព​ល្អ​ប្រសើ​ឡើង​នៅ​លោកខាងលិច ជា​​ពិសេស​នៅ​អង់គ្លេស​ដែល​មាន​សហគមន៍​ចិន​ដ៏​ធំ​នៅ​ទីនោះរួចជាស្រេច​។​

​ព្រឹត្តិការណ៍​ដ៏​រន្ធត់​ចុងក្រោយ​នេះ​ជា​ឧទាហរណ៍​មួយ​នៃ​ពាណិជ្ជកម្ម​«​ទំនិញ​មនុស្ស​» រវាង​ចិន​និង​អង់គ្លេស ជា​ផ្លូវ​ចម្ងាយ​៩០០០​គីឡូម៉ែត្រ កាត់​អាស៊ី​និង​អឺរ៉ុប​ដី​គោក ដែល​អាច​​ចំណាយពេល​១​ខែ​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​រកឃើញ​សាកសព​មនុស្ស​៣៩​នាក់​ដែល​ប៉ូលិស​អង់គ្លេស​​និយាយថា​ពួកគេ​ជា​ជនជាតិ​ចិន